សម្តេចតេជោ បញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយមិនយកលុយ នៅថ្ងៃបុណ្យភ្ជុំ
ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយមិនយកលុយ នៅថ្ងៃបុណ្យភ្ជុំខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់រថយន្តឈ្នួលនានា សូមកុំដំឡើងថ្លៃ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅមកស្រុកកំណើត នារដូវបុណ្យភ្ជុំ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្ត ចំពោះជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ១៩ តាមរយៈនយោបាយស្រោចវ៉ាក់សាំង ដែលធ្វើឲ្យកម្ពុជា អាចដំណើរការសង្គម សេដ្ឋកិច្ចបានពេញលេញលើគ្រប់វិស័យ។
ជាក់ស្តែងអាចអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរអាចជួបជុំ ធ្វើបុណ្យទានបានដូចធម្មតាឡើងវិញ ពិសេសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅពេលនេះ។
ជាការកត់សម្គាល់របស់សម្តេចតេជោ ក្នុងឱកាសបុណ្យកាន់បណ្ឌិត ឆ្នាំ២០២២នេះ បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ អ្នកលក់ដូរ អ្នកដឹកជញ្ជូនជាដើម បង្ហាញនូវទឹកមុខញញឹមរីករាយ ដោយសារអាចធ្វើបុណ្យដោយសប្បាយចិត្ត លក់ដូរដាច់ក្នុងឱកាសបុណ្យទាន។
សម្តេចតេជោ នៅតែអំពាវនាវ ចំពោះព្រះសង្ឃតាមទីវត្តអារាមនានា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តន៍នូវវិធានការសុខាភិបាល និងត្រូវយកចិត្តទុកដាក់លើការការពារ កុំឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កម្មករនិយោជិតទាំងអស់ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក ដោយមានប្រាក់ឈ្នួល រយៈពេល៣ថ្ងៃ គឺថ្ងៃទី ២៤, ២៥ និង ២៦ ខែកញ្ញា ២០២២ ៕