ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន ម្ចាស់ក្រុមហ៊ុន Darling Skin Care Co.,Ltd

57

 

ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួន ម្ចាស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ដែលមានឈ្មោះ ម៉ៅ លឹមហ៊ន់ ជាអគ្គនាយិកាក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ២អូបេអឹមអូហ្សិត ៦៦.e.២០ ផ្លូវលេខ ១៣៨Z សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទបរិហាបង្កាច់កេរ្តិ៍ជាសាធារណៈ និងញុះញ៉ុងឱ្យមានការរើសអើង។

ស្ដ្រីដែលត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ចាប់ខ្លួននេះ ឈ្មោះ ម៉ៅ លឹមហ៊ន់ ត្រូវចាប់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនស្ដ្រីរូបនេះ ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។

សមត្ថកិច្ចបានដកស្រង់សម្ដីរបស់ជនរងគ្រោះ បញ្ជាក់ថា នៅអំឡុងឆ្នាំ២០១៩ ខ្លួនបានធ្វើជាតំណាងចែកចាយរបស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ដោយកាត់ស្ដុងក្នុងម្ដងៗតម្លៃ៥ម៉ឺនដុល្លារ។ ក្រោយមកនៅអំឡុងឆ្នាំ២០២១ ឈ្មោះ ម៉ៅ លឹមហ៊ន់ ជាអគ្គនាយិកាក្រុមហ៊ុន Darling Skin Care Co.,Ltd បានចោទប្រកាន់លើដើមបណ្ដឹងថា បានលួចលក់ផលិតផលនៅក្នុងគ្រុបបោះដុំ និងលក់ខុសតម្លៃ។
ពេលនោះដើមបណ្ដឹង និងឈ្មោះ ម៉ៅ លឹមហ៊ន់ បានចរចាគ្នាចុះកិច្ចព្រមព្រៀងបញ្ចប់វិវាទ ដោយអនុញ្ញាតដើមបណ្ដឹងមានសិទ្ធិលក់ផលិតផល ដែលនៅសល់រហូតអស់ពីស្ដុកដោយមិនប្រើប្រាស់គណនី Facebook ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន។

ចាប់តាំងពីចុះកិច្ចព្រមព្រៀងគ្នារួចមក ដើមបណ្ដឹងពុំដែលធ្វើខុសពីកិច្ចសន្យានោះទេ និងពុំដែលបានពាក់ព័ន្ធនឹងឈ្មោះ ម៉ៅ លឹមហ៊ន់ ផងដែរ ស្រាប់តែនៅថ្ងៃទី០៨ ០៩ និងទី១០ ខែសីហា ឆ្នាំ២០២២កន្លងទៅ ឈ្មោះ ម៉ៅ លឹមហ៊ន់ បានផ្សាយផ្ទាល់លើបណ្ដាញសង្គម Facebook និង Tik Tok ដោយបង្ហោះរូបភាពរបស់ដើមបណ្ដឹងជាសាធារណៈ និងផ្សព្វផ្សាយកុំឲ្យអតិថិជនទិញផលិតផលពីដើមបណ្ដឹង ព្រមទាំងចោទប្រកាន់ដើមបណ្ដឹងថា បានលក់ផលិតផលក្លែងក្លាយមិនស្របច្បាប់ លួចលក់ផលិតផលរបស់ក្រុមហ៊ុន Darling Skin Care Co.,Ltd ថែមទៀតផង។

ការចោទប្រកាន់ និងផ្សព្វផ្សាយពីសំណាក់ស្ដ្រីឈ្មោះ ម៉ៅ លឹមហ៊ន់ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងមុខរបររបស់ដើមបណ្ដឹងធ្ងន់ធ្ងរ ទើបដើមបណ្ដឹងសម្រេចដាក់ពាក្យប្ដឹងជនសង្ស័យទៅកាន់តុលាការដើម្បីឲ្យជួយរកយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង