ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម

78

 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋសភាវៀតណាម នារសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាស សម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម។

សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តម វឿន ឌិញហ្វេ បានសម្តែងក្តីសោមនស្សយ៉ាងក្រៃលែងដោយសង្កេតឃើញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់នៅលើគ្រប់វិស័យ ដែលនៅក្នុងឱកាសនេះប្រទេសទាំងពីរបានកំពុងអបអរសាទរខួប៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសកម្ពុជា-វៀតណាម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម វឿន ឌិញហ្វេ ក៏បានភាពគ្នាបន្តជំរុញអនុវត្តនូវកិច្ចព្រមព្រៀង ដែលរដ្ឋសភាទាំងពីរ បានឯកភាពគ្នាកន្លងមកឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ និងពិនិត្យលទ្ធភាពបន្ថែម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ដែលមានស្រាប់ឱ្យកាន់តែមានភាពឆ្លើយតបខ្ពស់ជាងមុន ទៅនឹងការវិវត្តន៍នៃស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះ សម្តេចប្រធានរដ្ឋសភាស្នើភាគីរដ្ឋសភាវៀតណាម បន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់រដ្ឋសភាកម្ពុជាបន្តទៀត និងជួយជំរុញការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើផ្នែកបច្ចេកវិទ្យា វិស័យកសិកម្ម ដើម្បីជំរុញផលិតកម្មស្បៀងអាហារ នៅតំបន់មេគង្គ ប្រែក្លាយតំបន់នេះ ជាជង្រុកសន្តិសុខស្បៀងតំបន់និងពិភពលោក ដែលនឹងរួមចំណែកដល់សកម្មភាពមនុស្សធម៌ផងដែរ។

សមម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះរដ្ឋនិងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយឥតសំណងក្នុងការសាងសងអគាររដ្ឋបាលថ្មីជូនរដ្ឋសភាកម្ពុជា ដែលមកដល់ពេលនេះការសាងសង់អគាររដ្ឋបាលថ្មីនេះកំពុងដំណើរយ៉ាងមមាញឹកដែលការសាងសង់នឹងអាចរួចរាល់នៅដើមឆ្នាំ២០២៤ខាងមុខ។

សម្តេចប្រធានរដ្ឋសភា បានគោរពអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម បំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលសមស្របខាងមុខ និងអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម ចូលរួមកិច្ចប្រជុំទល់មុខគ្នា ជាមួយប្រមុខដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រមទាំងអញ្ជើញ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅទីក្រុងភ្នំពេញ ពីថ្ងៃទី ២០-២៥ ខែ វិច្ឆិកា ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម វឿន ឌិញហ្វេ បានឯកភាពប្រសាសន៍សម្តេចប្រធានរដ្ឋសភា និងបានសន្យាថា ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ ។

ឯកឧត្តមប្រធានរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថាវៀតណាមនឹងគាំទ្រនិងជូនពរដល់ប្រទេសកម្ពុជានៅក្នុងតួនាទីប្រធានអាស៊ាន និងអាយប៉ា នៅឆ្នាំ២០២២ឲ្យទទួលបានជោគជ័យ។

ឯកឧត្តម វឿន ឌិញហ្វេ បានស្នើឲ្យរដ្ឋសភាប្រទេសទាំងពីរ ជំរុញវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជននិងប្រជាជនឲ្យកាន់តែរីកចម្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង