ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំនាញពិភពលោកបង្ហាញ ពីចំណុចខ្វះខាត របស់អត្តពលកម្មកម្ពុជា

89

ភ្នំពេញ៖ជំនាញការអន្ដរជាតិមកពីស្ថាប័នកីឡាអត្តពលកម្មពិភពលោក (WorldAthletics) លោកOliver Scheer បានបង្ហាញពីចំណុចខ្វះខាតរបស់ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត គឺកត្ដាធនធានមនុស្ស ដែលត្រូវពង្រឹងបន្ថែម ដើម្បីសម្រួចគោលដៅ នាថ្ងៃអនាគត។
ការលើកឡើងនេះ បន្ទាប់ពីលោកបានចូលរួមគម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាអត្តពលកម្ម ដែលជាគម្រោងក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយស្ថាប័នអត្តពលកម្មពិភពលោក និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ។
ក្រោយបញ្ចប់គម្រោងខាងលើអ្នកជំនាញជាតិអូទ្រីសរូបនេះបានបញ្ជាក់ថាអ្វីដែល
យើងមើលឃើញគឺកត្ដាធនធានមនុស្សដើម្បីធ្វើការជារួមនិងការបង្កើតជាគម្រោងតែដោយ
សារយើងខ្វះធនធានមនុស្ស ធ្វើឲ្យគម្រោងពិបាកនឹងដំណើរការ។ ក្នុងនោះកម្រិតថ្នាលយើង មិនទាន់មានអ្វីច្បាស់លាស់។ នេះគឺជាភាពខ្វះខាតមួយ ដែលយើងមិនអាចមានលទ្ធផលល្អ។ ក្រោយពីបានវាយតម្លៃហើយក៏មើលឃើញថាស្ថានភាពកន្លែងណាខ្លះដែលយើងត្រូវលូតលាស់បន្ថែម ហើយអ្វីខ្លះដែលយើងត្រូវបង្កើត ដោយសារជាការសម្រួចគោលដៅទៅថ្ងៃមុខ។

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា គម្រោងខាងលើផ្ដោតសំខាន់លើ២ចំណុចគឺទី១៖ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធនៃការបង្ហាត់
របស់គ្រូបង្វឹក និងទី២៖ការរៀបចំកែសម្រួល និងអភិវឌ្ឍ គ្រប់គ្រងរចនាសម្ព័ន្ធរបស់សហព័ន្ធ។ តាមការបញ្ជាក់របស់អ្នកជំនាញការអន្ដរជាតិរូបនេះគឺមានចំណុចជាច្រើនដែលសហព័ន្ធត្រូវធ្វើការពិនិត្យនិងកែសម្រួលហើយលោកនឹងរៀបចំផែនការយុទ្ធសាស្ដ្រនិងការបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍទៅតាមអ្វីដែលលោកមើលឃើញតាមរយៈកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកបន្ដថាសម្រាប់គម្រោងនេះមានសារសំខាន់ដោយសារយើងត្រូវការមានជំនាញការមកពីអន្ដរជាតិមានន័យថាជំនាញការរបស់សហព័ន្ធពិភពលោកតែម្ដងដើម្បីធ្វើការវាយតម្លៃស្របទៅតាមប្រព័ន្ធនិងស្ដង់ដាររបស់គាត់ដែលគាត់មានជាសូចនាករសំខាន់ៗនិងច្បាស់លាស់ដើម្បីកំណត់ថាតើស្ថានភាពរបស់សហព័ន្ធខ្មែរអត្តពលកម្មស្ថិតនៅកម្រិតណា?ហើយចំណុចណាដែលគាត់ត្រូវធ្វើការកែសម្រួល?ហើយត្រូវការកែសម្រួលតាមវិធីណា?គាត់នឹងមានវិធីសាស្ដ្រច្បាស់លាស់ ដើម្បីរៀបចំ និងពង្រឹងសហព័ន្ធខ្មែរអត្តពលកម្មទៀតផង។

តាមរយៈគម្រោង ដែលឧបត្ថម្ភគាំទ្រដោយអង្គការសាមគ្គីអូឡាំពិកនេះដែរ លោក Oliver Schee នឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជាម្ដងទៀត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣ខាងមុខដើម្បីធ្វើសិក្ខាសាលាស្ដីពីការវាយតម្លៃរចនាសម្ព័ន្ធ/យុទ្ធសាស្ដ្រ
គម្រោងនិងរៀបចំប្រព័ន្ធនៃការបង្វឹកដល់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តព្រមទាំងការរៀបចំសិក្ខាសាលា បណ្ដុះបណ្ដាលគ្រូបង្វឹកប្រចាំចំនួន ១២លើក តាមរយៈប្រព័ន្ធ Online ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ប៊ុយ សុភ័ណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង