ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ

152

ឡាវ ៖ នៅពេលបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយរដ្ឋមន្ត្រីឡាវ នារសៀលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២ ក្នុងរដ្ឋធានីវៀងច័ន្ទ។

ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ បានបង្ហាញក្តីសោមនស្សរីករាយ ដែលសម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលនេះដែល បានឆ្លុះបញ្ចំាងពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងប្រទេសទំាងពីរដែលមានតំាងពីយូរលុងមកនោះ។

ឯកឧត្តម នាយករដ្ឋមន្រ្តីបានលើកឡើងថាទោះបីនៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ រាតត្បាតយ៉ាងណាក្តី ក៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាឡាវ បានដំណើរទៅដោយរលូន។ ឯកឧត្តមនាយករដ្ឋមន្រ្តីបានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា ឯកឧត្តមនិងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តែងតែជួបគ្នាគ្រប់មធ្យោបាយដែលអាចជួបបានដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាបងប្អូនរវាងប្រទេសទំាងពីរឲ្យបានជាប្រចាំ។

រដ្ឋាភិបាលប្រទេសទំាងពីរបានកំពុងយកចិត្តទុកលើកកម្ពស់ទំនាក់ទំនងកិច្ចសរវាងប្រជាពលរដ្ឋ និងប្រជាជនពិសេសពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបឯកឧត្តមនាយករដ្ឋមន្រ្តីពីគោលបំណង នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសយើងទាំងពីរ កម្ពុជា-ឡាវ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ សម្តេចបាន អបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនឡាវ សម្រេចបានក្នុងការក៏សាង និងអភិវឌ្ឍសង្គមជាតិ មានការរីកចម្រើនឥតឈប់ឈរ និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឡាវ កាន់តែល្អប្រសើរ ហើយកិត្យានុភាព និងតួនាទីរបស់មិត្តឡាវកាន់តែត្រូវបានលើកកម្ពស់នៅលើឆាក អន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង