សម្តេចពិជ័យសេនា ទៀ បាញ់ ជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការពារជាតិឡាវ
ឡាវ ៖ ក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការ និង មិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមាននិតឡាវ និងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ៣ ប្រទេស កម្ពុជា វៀតណាម ឡាវ នៅប្រទេសឡាវ នៅព្រឹក ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលបានប្រព្រឹត្តទៅនៅក្រសួងការពារជាតិឡាវ ទីក្រុងវៀងចន្ទ័ ។
ក្នុងជំនួបនោះ នាយត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចពិជ័យសេនា ដែលបានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា មកបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីពង្រឹងចំណង មិត្តភាពជាប្រពៃណីដ៏ថ្លៃថ្លារវាងរដ្ឋាភិបាលទាំងពីរ កងទ័ពទាំងពីរកម្ពុជា ឡាវ ជាបងប្អូន។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិ ឡាវ បានចាត់ទុកទស្សនកិច្ចនេះថា ជានិមិត្តរូបដ៏សំខាន់ ក្នុងការរួមចំណែកដ៏ធំធេងក្នុងការពូនជ្រុំនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ កងទ័ពទាំងពីរ និងប្រជាជនប្រទេសទាំងពីរអោយកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសលើវិស័យការពារជាតិ ការងារសន្តិសុខនៃកងទ័ពទាំងពីរ ។ ឯកឧត្តម ចាន់សាម៉ន ចាន់ញ៉ាឡាត ក៏បានសំដែងការគាំទ្រចំពោះកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន និងបានខិតខំដោះស្រាយបញ្ហាផ្សេងៗជាច្រើនដែលបានកើតឡើងនៅក្នុងអាស៊ាននាពេលកន្លងមកនេះ ។ ក្នុងនាមរដ្ឋាភិបាល និង កងទ័ពប្រជាជនឡាវ ឯកឧត្តម បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និង ខភម ដែលបានជួយឧបត្ថម្ភដល់ឡាវនាពេលកន្លងមក ជាពិសេសការផ្តល់ជំនួយក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅប្រទេសឡាវ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ទោះបីមានការរីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងណាក្តី ប៉ុន្តែកងទ័ពប្រទេសទាំងពីរ កម្ពុជា ឡាវ នៅតែបន្ត សហការរួមគ្នាយ៉ាងស្អិតរមួត ក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សំដៅលើកកម្ពស់ទំនាក់ទំនងឱ្យដល់.. កម្រិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង សំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។
សម្តេចពិជ័យសេនា មានជំនឿជឿជាក់ថា នៅក្រោយអំឡុងពេលវិបត្តិជំងឺកូវីដ-១៩មានការធូរស្រាល ពិសេសក្រោយកិច្ច ប្រជុំនាពេលនេះ ប្រទេសយើងទាំងពីរ ពិតជាមានភាពចាំបាច់ ជាយុទ្ធសាស្ត្រក្នុងការត្រៀមខ្លួនឱ្យបានល្អពង្រឹង ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងភាពជាអ្នកជិតខាងល្អរវាងកម្ពុជា-ឡាវ ដែលជា គ្រឹះសម្រាប់នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ និងភាពសុខសាន្តរបស់ប្រទេសជាតិយើង ដោយបន្តខិតខំលើក កម្ពស់កិច្ចសហប្រតិបត្តិការ វិស័យការពារជាតិទាំងនយោបាយ សន្តិសុខ ការទំនាក់ទំនងការទូតយោធាឱ្យមានភាពប្រសើរឡើងថែមទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវ ពិសេស ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលជានិច្ចកាលពងតែគាំទ្រនិងសហការល្អជាមួយរាជរដ្ឋាភិបាល កងទ័ព និង ប្រជាជនកម្ពុជា បានលើកកម្ពស់ចំណងសាមគ្គីភាពជាបងប្អូន និងភាពជាដៃគូសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកម្ពុជា-ឡាវ
។ នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ និង នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត បានធ្វើជាគណៈអធិបតីក្នុងពិធិចុះហត្ថលេខាលើពិធីសារកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា-ឡាវ ផងដែរ ។