លទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដា្ឋនពន្ធដារ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នៅ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។
នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ពន្ធដារបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២២ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការ ចូលរួមរបស់ លោក-លោកស្រីអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោក-លោកស្រីប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធទាំងអស់ ក្រោមចំណុះរបស់អគ្គនាយកដ្ឋានពន្ធដារ។
ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម គង់ វិបុល បង្ហាញថាក្នុងខែសីហា ឆ្នាំ២០២២ ចំណូលពន្ធ-អាករ គ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋាន ពន្ធដារមានចំនួន ៩២៧,៩៣ ប៊ីលានរៀល (ប្រមាណជា ២២៩,១២ លានដុល្លារ) ស្មើនឹង ៨,១៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែសីហា ឆ្នាំ២០២១ ឃើញថាកើនឡើង ចំនួន ១៤៩,១២ ប៊ីលានរៀល (ប្រមាណជា ៣៦,៨២ លានដុល្លារ) ស្មើនឹង ១៩,១៥%។ សរុបរយៈពេល ៨ខែ ឆ្នាំ២០២២ ចំណូលពន្ធ-អាករ ដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩ ៨៧៩,១៤ ប៊ីលានរៀល (ប្រមាណជា ២ ៤៣៩,២៩ លានដុល្លារ) ស្មើនឹង ៨៦,៥១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ២ ១៣៨,៨៦ ប៊ីលានរៀល (ប្រមាណជា ៥២៨,១១ លានដុល្លារ) ស្មើនឹង ២៧,៦៦%។
ទោះបីជាមានហានិភ័យបណ្ដាលពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល រលកនៃការរីករាលដាល និង បម្លែងឥតឈប់ឈរនៃជំងឺកូវីដ-១៩ ភាពតានតឹងនៃភូមិសាស្ត្រនយោបាយនិងសន្តិសុខសកល ដែលបានជះឥទ្ធិពលមកលើ ស្ថានភាពសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្ដី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ នៅតែរក្សាបាន នូវស្ថានភាពល្អប្រសើរ គឺតែងតែសម្រេចបានគ្រប់និងលើសផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកាសម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល។
ប្រការគួរកត់សម្គាល់អំពីស្ថានភាពនៃកំណើនចំណូលពន្ធ
ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ កំណើនចំណូលពន្ធគឺលទ្ធផលកំណែទម្រង់ពន្ធដារ ប្រព័ន្ធពន្ធដាររឹងមាំជាងមុន និងការបង់ពន្ធមានតម្លាភាពជាងមុន៖ ឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងកៀរគរចំណូលពីប្រភពនានា និងបិទខ្ទប់នូវការលេចធ្លាយចំណូលនានា តាមរយៈការបន្តពង្រឹង អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងការប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ជាពិសេសការរៀបចំ អភិវឌ្ឍ និងដាក់ឱ្យ ប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន តាំងពីមុនការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស TolE-Filing, E-Filing, E-Payment, GDT Tax Pre-filling App, និងប្រព័ន្ធបច្ចេកវិទ្យាគាំទ្រនានា
សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ (Call Center 1277, GDT Live Chat, E-Mail, GDT News Channel) បានឆ្លើយតបចំពោះកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ព្រមទាំងផ្សព្វផ្សាយនូវបច្ចុប្បន្នភាពថ្មីៗអំពីវិស័យពន្ធដារជូន អ្នកជាប់ពន្ធ និងសាធារណជនទូទៅ
សេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានា (E-Tax Service) បានដោះស្រាយរាល់បញ្ហាប្រឈមនានាក្នុងការប្រើប្រាស់ ប្រព័ន្ធ និងកម្មវិធីនានាតាមប្រព័ន្ធអនឡាញ
ការអនុវត្តការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា (Flowmeter) ជាយន្តការពង្រឹងតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពគ្នា ហើយបានឆ្លុះបញ្ចាំងតាមរយៈកំណើនចំណូលពន្ធពីវិស័យនេះ ដែលជាក់ស្ដែង ចំណូល ពន្ធពីកម្មន្តកាលផលិតភេសជ្ជៈ (ផលិតស្រាបៀរនិងភេសជ្ជៈគ្មានជាតិសុរា) ក្នុងខែសីហា ឆ្នាំ២០២២ សម្រេចបាន ៨៦,៣០ ប៊ីលានរៀល កើនឡើង ៩២,២២% ធៀបនឹងខែសីហា ឆ្នាំ២០២១ និងក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២ សម្រេចបាន ៩៨៤,៦៣ ប៊ីលានរៀល កើនឡើង ១៧២,២៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
ប្រព័ន្ធពន្ធដាររឹងមាំជាងមុន និងការបង់ពន្ធមានតម្លាភាពជាងមុន ធ្វើឱ្យចំណូលពន្ធដារជារួម ក៏ដូចជាចំណូលតាមប្រភេទ ពន្ធសំខាន់ៗបន្តរក្សាកំណើន ខណៈមូលដ្ឋានពន្ធនៅដដែល ហើយសហគ្រាសស្ថិតក្នុងវិស័យរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ត្រូវបានបន្តលើកលែងពន្ធ ដោយបន្តអនុវត្តនូវសេចក្តីណែនាំជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជាអំពីវិធានការបន្ថែម សម្រាប់គ្រប់គ្រងផលប៉ះពាល់និងគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច។
ការពង្រឹងយន្តការ Cross Check បានរកឃើញនូវសក្តានុពលនៃប្រភពចំណូលពន្ធ ដែលកន្លងមកសហគ្រាសមួយចំនួន ស្ថិតនៅជាអ្នកជាប់ពន្ធតូចប្រកាសចំណូលនិងបង់ប្រាក់ពន្ធទាប ដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពចំណូលជាក់ស្តែងដែលមាន ផលរបរធំ។
សមិទ្ធផលការងារសំខាន់ៗសម្រេចបានក្នុងរយៈពេល ៨ខែ ឆ្នាំ២០២២បានបន្តចូលរួមកិច្ចពិភាក្សាកម្រិតអន្តរក្រសួង-ស្ថាប័ន ដើម្បីបន្តរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ។
បានទទួលនូវការបន្តសុពលភាពវិញ្ញាបនបត្រស្តង់ដារ ISO/IEC 27001:2013 ស្តីពីការទទួលស្គាល់បន្តកម្រិត ISO លើ ប្រព័ន្ធគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យាព័ត៌មាន លើកទី៣ ប្រចាំឆ្នាំទី៦ រហូតដល់ឆ្នាំ២០២៥ ពីស្ថាប័នវាយតម្លៃស្តង់ដារសហគ្រាស (BSI) ប្រចាំចក្រភពអង់គ្លេស ដែលការវាយតម្លៃនេះមានវិសាលភាពគ្របដណ្តប់លើមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (Data Center) និងហេដ្ឋារចនាសម្ព័ន្ធរួមផ្សំ ដែលអគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងអភិវឌ្ឍ ព្រមទាំងប្រើប្រាស់ក្នុងការបំពេញ ការងារគ្រប់គ្រង និងប្រមូលចំណូលពន្ធនាពេលបច្ចុប្បន្ន។
បាននិងកំពុងអនុវត្តយន្តការដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា (Flow Meter) ក្នុងសហគ្រាស ដែលមានកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះ។
បានបញ្ចប់ការសាងសង់ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសាខាពន្ធដារខេត្តកែប ដែលជាអគារមានស្ដង់ដារ និងបានបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានពេញលេញនិងសមស្រប បានបន្តអនុវត្តវិធានការតឹងទារបំណុលពន្ធ តាមនីតិវិធីជាធរមានចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធហើយមិនបាន
ចូលខ្លួនមកទូទាត់ ឬដោះស្រាយឱ្យបានត្រឹមត្រូវ។
បានបន្តអនុវត្តយន្តការចុះអង្កេតសហគ្រាស (Street Survey) នៅរាជធានីភ្នំពេញ ដោយចុះដល់ទីតាំងប្រកបអាជីវកម្ម ជាក់ស្តែងរបស់សហគ្រាសដើម្បីផ្តល់សេវាចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសដល់ទីតាំងអាជីវកម្ម។
បានធ្វើការចរចាលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា(Double Taxation Agreement-DTA) ជុំទី១ ជាមួយសាធារណរដ្ឋនៃសហភាពមីយ៉ាន់ម៉ា និងបានឯកភាពគ្នាលើមាត្រាជាច្រើននៃសេចក្តីព្រាងកិច្ចព្រមព្រៀង បាននិងកំពុងបន្តកិច្ចសហការលើការងារប្រឆាំងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការ
រីកសាយភាយអាវុធមហាប្រល័យរួមមាន (១)ការបន្តស្រាវជ្រាវធ្វើការស៊ើបអង្កេតនិងសហការជាមួយអង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុ (CAFIU) អាជ្ញាធរអនុវត្តច្បាប់ (LEAs) និងស្ថាប័នពាក់ព័ន្ធដទៃទៀត (២) ការជំរុញការបណ្តុះបណ្តាលនិងបន្ត លើកកម្ពស់ការយល់ដឹងអំពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដល់មន្ត្រីពន្ធដារ និង (៣) ការបន្តខិតខំពង្រឹង កិច្ចសហការជាមួយស្ថាប័នតុលាការក្នុងការបង្កកទ្រព្យសម្បត្តិ។
បន្តពង្រឹងការផ្តល់សេវាពិគ្រោះយោបល់ និងការផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ តាមគ្រប់រូបភាពបានចំនួន ៦៩ ៩៧៤ ករណី ជាពិសេសការផ្តល់សេវាពិគ្រោះយោបល់តាមរយៈទូរស័ព្ទ (Call Center-1277) និងការរៀបចំកម្មវិធី “ពន្ធដារកម្ពុជា” (GDT Facebook Live) ដើម្បីពន្យល់និងដោះស្រាយការលំបាកនិងចម្ងល់របស់ប្រជាពលរដ្ឋ។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួម យ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលជាជោគជ័យនិងជាសមិទ្ធផលរួម របស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក្រើនរម្លឹកនិងលើកទឹកចិត្តដល់ ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព បង្ការទប់ស្កាត់ចំពោះជំងឺរាតត្បាត ៕