លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញទស្សនាតំបន់ផែស្ងួត Vientiane Logistice Park
ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទស្សនាតំបន់កំពង់ផែស្ងួត Vientiane Logistice Park ដែលជាគម្រោងវិនិយោគលើបណ្តាញ ផ្លូវគមនាគមន៍ផ្លូវគោក ដ៏ធំមួយរបស់ប្រទេសឡាវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ខណៈ គណៈប្រតិភូបានកំពុងបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសឡាវ។
តាមរបាយការណ៍របស់ថ្នាក់ដឹកនាំ កំពង់ផែស្ងួត Vientiane Logistice Park ថាគម្រោង វិនិយោគដោយទុននៅក្នុងស្រុកក្នុងទំហំទឹកប្រាក់ប្រមាណជាង៧០០លានដុល្លារ ក្នុងការតភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន និងពីឡាវទៅប្រទេសនៅប៉ែកអឺរ៉ុប មានអាល្លឺម៉ង់ជាដើម។ គម្រោងនេះនឹងធ្វើឱ្យប្រទេសឡាវ ដែលគ្មានកំពង់ផែសមុទ្រមានផ្លូវគមនាគមន៍ដឹកជញ្ជូនភ្ជាប់ទៅកាន់ពិភពលោក គឺLand locked to land linked។
តាមលោកអគ្គនាយកក្រុមហ៊ុន ថា ទៅថ្ងៃអនាគតក្រុមហ៊ុនមានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា ដែលជាមធ្យោបាយដឹកជញ្ជូនមួយធ្វើឱ្យការដឹកជញ្ជូនទំនិញ ពិសេសកសិផលពីកម្ពុជាទៅប្រទេសចិននឹងចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ននេះ និងនីតិវិធីងាយស្រួលទៀតផង។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគដ៏ធំនេះ។ លោកជំទាវចាត់ទុកថា គម្រោងនេះជាចក្ខុវិស័យវែងឆ្ងាយមួយ របស់ថ្នាក់ដឹកនាំប្រទេសឡាវ ហើយនេះជាគម្រោងមួយ គួរជាទីមោទនៈណាស់ ពីព្រោះបានប្រើប្រាស់ទុននៅក្នុងស្រុក។ ចំពោះគម្រោងចង់តភ្ជាប់ផ្លូវគមនាគមន៍ចូលមកកម្ពុជានោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងពាំនាំគម្រោងនេះជូនថ្នាក់ដឹកនាំ។
លោកស្រី បានបញ្ជាក់ថា កម្ពុជាត្រៀមស្វាគមន៍ជានិច្ច នៅពេលក្រុមហ៊ុន ចុះទៅសិក្សានៅកម្ពុជានោះ៕
. សំរិត