ហ្វឹកហាត់នៅចិន អត្តពលកម្មសង្ឃឹមឈ្នះមេដាយ
ភ្នំពេញ៖ លោកស្រី សុទ្ធ ស្រីលក្ខណ៍ គ្រូបង្វឹកកីឡាអត្តពលកម្ម លើវិញ្ញាសាលោតកម្ពស់ បានថ្លែងបញ្ជាក់ថា «ការហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន
រយៈពេលវែងគឺរបស់កីឡាអត្តពលកម្មក្នុងការប្រជែងមេដាយពីព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
គ្រូបង្វឹក រូបនេះ បន្តថា ចំពោះកីឡាអត្តពលកម្ម លើវិញ្ញាសាលោតកម្ពស់ គឺសហព័ន្ធកីឡាអត្តពលកម្ម បានបញ្ជូនកីឡាករ ២រូប មានកីឡាករ ខេម ញ៉ក និង យ៉ាន ចាន់ ទៅហ្វឹកហាត់រយៈពេល ៦ខែ នៅប្រទេសចិន។ លោកស្រី បានបន្ថែមថា ក្រោយបញ្ចប់ស៊ីហ្គេម នៅប្រទេសវៀតណាម ថ្មីៗនេះ កីឡាករ ខេម ញ៉ក និងកីឡាករ ២នាក់ទៀត បានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង ដោយមួយថ្ងៃហាត់ ២ពេល គឺពេលព្រឹក និងល្ងាច ដោយមានរយៈពេលពី ២ម៉ោង ទៅ ៣ម៉ោង ទៅតាមកម្មវិធី និងផែនការប្រចាំឆ្នាំ មានប៉ុន្មានដំណាក់កាលអញ្ចឹងទៅ គឺហ្វឹកហាត់កម្លាំង មានខ្លាំង មានខ្សោយ បច្ចេកទេស និងការសម្រួលសាច់ដុំ ទៅតាមកម្មវិធីហ្វឹកហាត់ប្រចាំខែ ប្រចាំឆ្នាំ។
កីឡាករ ខេម ញ៉ក និងកីឡាករ យ៉ាន ចាន់ សិទ្ធផលពួកគេ មានការកើនឡើងគួរជាទីគាប់ចិត្ត។ ខេម ញ៉ក ធ្វើបានល្អ នៅស៊ីហ្គេមវៀតណាម គឺលោតបានកម្ពស់ ១ម៉ែត្រ៩៥ និងកីឡាករ យ៉ាន ចាន់ ឈ្នះមេដាយសំរិទ្ធ ពីព្រឹត្តិការណ៍កីឡា សកលវិទ្យាល័យអាស៊ាន លើកទី២០ នៅប្រទេសថៃ គឺលោតបានកម្ពស់ ១ម៉ែត្រ៩៤។ លទ្ធផលនេះ គឺជាក្តីរំពឹងអាចឈ្នះមេដាយជូនកម្ពុជា ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ម្យ៉ាងទៀតការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅចិនគឺជាចំណុចវិជ្ជមានមួយបន្ថែមទៀត ដើម្បីអោយពួកគាត់ ពិនិត្យមើលពីចំណុចខ្សោយរបស់ខ្លួន ស្វែងរកចំណុចខ្លាំង ពីគ្រូបង្វឹកកម្រិតខ្ពស់ជនជាតិចិនដូចជាបច្ចេកទេសកម្លាំងកាយនិងការបន្សាំខ្លួនពីការប្រកួតកម្រិតអន្តរជាតិទៀតផង។
លោកស្រីសុទ្ធ ស្រីលក្ខណ៍បន្តថាការហ្វឹកហាត់រាល់ថ្ងៃនេះសម្រាប់វិញ្ញាសាលោតកម្ពស់ គឺមានបញ្ហាប្រឈមលើសម្ភារៈ ដូចជា ពូក របារ ជើងទម្ររបារ ស្បែកជើង។
សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិកម្ពុជា សរុប ១៦១នាក់ លើ ១២ប្រភេទកីឡា ទៅហ្វឹកហាត់នៅក្រៅប្រទេស រួមមានកីឡាកាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និង បាល់ទះ (១៥នាក់) ក្នុងនោះអត្តពលកម្ម បានបញ្ជូនកីឡាករ កីឡាការិនី (២០នាក់)។ ដោយឡែក សម្រាប់វិញ្ញាសាលោតកម្ពស់ មានកីឡាករ ២នាក់ គឺកីឡាករ ខេម ញ៉ក និងកីឡាករ យ៉ាន ចាន់ ត្រូវបានបញ្ជូនទៅហ្វឹកហាត់ នៅប្រទេសចិន នាពេលនេះ៕