ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ចេញដីកាស្ដីពីការបង្កើតមន្ដ្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ , លោក កើត ឆែ ជាប្រធាន

108

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញដីកាស្ដីពីការបង្កើតមន្ដ្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន។ នេះបើតាមសេចក្តីសម្រេចនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

សេចក្តីសម្រេចបានបញ្ជាក់ថា មន្ដ្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ។ មន្ដ្រីទទួលបន្ទុកព័ត៌មាន ត្រូវជួយក្រុមប្រឹក្សាក្នុងការធានា ឲ្យមានការទទួលផ្សព្វផ្សាយ និងកែតម្រូវព័ត៌មានជាសាធារណៈ ឲ្យបានកាន់តែទូលំទលាយ មានតម្លាភាព និងមានប្រសិទ្ធភាព ព្រមទាំងការផ្តល់ព័ត៌មាននានាជូនអ្នកសារព័ត៌មានសម្រាប់ការផ្សព្វផ្សាយ រួមទាំងការងារទទួលបន្ទុកជាច្រើនផ្សេងទៀតផងដែរ។

បើតាមសេចក្តីសម្រេច មន្រ្តីដែលត្រូវបានចាត់តាំងចំពោះការងារនេះរួមមាន៖

*ទី១៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន
*ទី២៖ លោក ម៉េត មាសភក្តី នាយកទីចាត់ការផែនការ និងវិនិយោគ ជាសមាជិកា
*ទី៣៖ លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការររដ្ឋបាល ជាសមាជិកា
*ទី៤៖ លោក ឈាង ប៊ុនថា អនុប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ ជាសមាជិកា។

មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ មានភារកិច្ចដូចខាងក្រោម៖

* ទទួល និងផ្តល់ព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋ សាធារណជន អ្នកសារព័ត៌មាននិងអ្នកពាក់ព័ន្ធនានា
* រៀបចំសន្និសីទសារព័ត៌មាន នៅថ្នាក់រាជធានីភ្នំពេញ
* ផ្តល់សេចក្តីសង្ខេបព័ត៌មានដោយផ្ទាល់មាត់ ឬរាយការណ៍តាមទូរស័ព្ទ ឬជាលាយល័ក្ខអក្សរជូនប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានាក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ
* ធ្វើការសិក្សាស្រាវជ្រាវ ដើម្បីផ្តល់យោបល់ជូនក្រុមប្រឹក្សា គណៈអភិបាលរាជធានី អំពីការរៀបចំយុទ្ធសាស្ត្រ ផ្សព្វផ្សាយព័ត៌មាន និងការស្វះស្វែងរកមធ្យោបាយផ្សព្វផ្សាយព័ត៌មាននានាជូនសាធារណជន និងអ្នកស្នើសុំព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
* រៀបចំឲ្យមានក្ដារព័ត៌មានជាសាធារណៈនៅសាលារាជធានីភ្នំពេញ និងនៅតាមទីកន្លែងនានា ក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាតាមការចាំបាច់ ហើយដែលទីកន្លែងទាំងនោះ មានភាពស្រួលសម្រាប់ប្រជាពលរដ្ឋទទួលបានព័ត៌មានជាសាធារណៈ
* រៀបចំឲ្យមានមធ្យោបាយផ្សព្វផ្សាយព័ត៌មានផ្សេងៗទៀត តាមរយៈគេហទំព័រព្រឹត្តប័ត្រព័ត៌មានទស្សនាវត្តីរបស់រដ្ឋបាលរាជធានី និងតាមរយៈប្រព័ន្ធឧឃោសនស័ព្ទ វិទ្យុ ទូរទស្សន៍ជាដើម
* ធ្វើបច្ចុប្បន្នភាពជាប្រចាំនូវព័ត៌មាន ដែលបានផ្សព្វផ្សាយ នៅលើក្តារព័ត៌មាន និងតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត
* អនុវត្តតួនាទីផ្សេងទៀតតាមការស្នើសុំរបស់ក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ រៀបចំប្រមូលព័ត៌មានពីប្រជាជន ពីបណ្ដាមន្ទីរ ដើម្បីធ្វើការបូកសរុប និងរាយការណ៍ជូនក្រុមប្រឹក្សារាជធានី
* ធ្វើការកែតម្រូវរាល់ព័ត៌មានដែលមិនត្រឹមត្រូវ។

ខាងក្រោមនេះ ជាដីការបស់រដ្ឋបាលរាជធានីភ្នំពេញ៖

អត្ថបទដែលជាប់ទាក់ទង