ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោទៅជូនកងទ័ព ការពារព្រំដែនទិសប្រាសាទព្រះវិហារ និង ស្ទឹងត្រែង
ព្រះវិហារ និង ស្ទឹងត្រែង ៖ ដើម្បីចូលរួមក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ខែកញ្ញានេះ បានអញ្ជើញទៅជួបសំណេះសំណាលសួរសុខទុក្ខវិរះកងទព័ វីរនគរបាលដែលឈរជើងការពារព្រំដែននៃកងពលធំ អន្តរាគមលេខ៣ទិសប្រាសាទព្រះវិហារព្រមទាំងបាននាំយកអំ ណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និង សម្តេចគតិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនកងទ័ពនិងគ្រួសារកងទ័ពផងដែរ។
លោកឧត្តមសេនីយ៏ ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៏លេខ៣ បានថ្លែងថា៖ទោះបីស្ថានការណ៏នៅតាមបណ្តោយព្រំដែនមានសភាពស្ងប់ស្ងាត់ និងកំពុងបានប្រែក្លាយជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៏ជាមួយប្រទេសជិតខាងក្តីតែកងទព័យើង មិនបានធ្វេសប្រហេសនិងមើលស្រាលសភាពការនោះឡើយ គឺយើងតែងបានពង្រឹងស្មារតីការពារបូរណៈភាពទឹកដី មិនអោយសត្រូវណាមករំលោភបំពានបានឡើយ និងត្រៀមខ្លួនអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់នឹងប្រឆាំងដាច់ខាត រាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ពីក្រុមជនអគតិណាមួយ។
លោកឧត្តមសេនីយ៏ស្រី ឌឹក ថ្លែងទៀតថា៖ ដោយមានការយកចិត្តទុកដាក់ពីប្រមុខនៃរាជរដ្ឋាភិបាល សម្តេចតេជោហ៊ុនសែនក៏ដូចជា ការជួយឧបត្ថម្តគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញដែលជាអង្គភាពសម្ពន្ធ័ភាព បានធ្វើឲ្យជីវភាពកងទព័ និងគ្រួសារកងទ័ព កាន់តែមានភាពល្អប្រសើរ។
យើងបានកសាងផ្លូវជាច្រើនខ្សែទៅកាន់តំបន់ព្រំដែន ដែលពីមុនសូម្បីតែដើរក៏ពិបាកផង ប៉ុន្តែពេលនេះយើងអាចធ្វើដំណើរដោយរថយន្តយ៉ាងរលូន ។ ប្រពន្ធ័ទឹកស្អាតដែលជួបការលំបាកកាលពីពេលមុន ឥឡូវនេះយើងមានទឹកប្រើប្រាស់ឡើងទៅដល់បន្ទាត់ព្រំដែនតែម្តង។
ឯកឧត្តម កើត ឆែ មានប្រសាសន៍ថ្លែងអំណរគុណដល់សន្តិភាព ដែលមានតម្លៃមហាសាល ដូច្នេះយើងទាំងអស់គ្នា ត្រូវតែខិតខំថែទាំការពារ សន្តិភាពនេះ ឲ្យបានគង់វង់ថិតថេរហើយដើម្បីការពារសន្តិភាពបានយូអង្វែង យើងទាំងអស់គ្នា ត្រូវគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សំរាប់អណត្តិទី៧ និងអណត្តិក្រោយៗទៀត និងគាំទ្រ បេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគត ដើម្បីប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍តកូនចៅរៀងរហូត ។
ជាមួយគ្នានេះឯកឧត្តម អភិបាលរងក៏បានណែនាំការសាកសួរសុខទុក្ខ ពីសម្តេចតេជោ និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជូនវីរៈកងទ័ព និងវរៈនគរបាលការពារព្រំដែន ដែលបានលៈបង់សាច់ស្រស់ ឈាមស្រស់ ឃ្លាតឆ្ងាយពីប្រពន្ធកូន ពីគ្រួសារហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងរហូតដល់អាយុជីវិត ក្នុងបុព្វហេតុការពារ បូរណភាពទឹកដី និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ឯកឧត្តមបន្តថា៖ ក្រោមការដឹកនាំរបស់ស្ថានិកសន្តិភាព គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលះបង់ ប្រាជ្ញាស្មារតី និងអាយុជីវិតក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងប្រជាជន តាមនយោបាយឈ្នះឈ្នះ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ។
ឯកឧត្តមឲ្យដឹងទៀតថា៖ ដោយសារតម្លៃនៃសន្តិភាពនេះហើយទើបធ្វើឲ្យ រាជធានីភ្នំពេញក៌ដូចនៅទូទាំងប្រទេស មានការអភិវឌ្ឍន៍រីកចំរើន គឺសមរភូមិមុខ ជាអ្នកការពារ ឯសមរភូមិក្រោយជាអ្នកអភិវឌ្ឍន៍ ហើយរាជធានីភ្នំពេញ នៅតែបន្តជួយឧបត្ថម្ភដល់បណ្តាកងឯកភាព ឈរជើងការពារព្រំដែនទិសប្រាសាទព្រះវិហារ ជាបន្តទៅទៀត។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះបានបង្កើតអនុស្សារណៈ ស្តីពីការចងសម្ពន្ធ័មេត្រីភាពជាមួយអង្គភាពជួរមុខចំនួន២ គឺ៖កងពលធំអន្តរាគមន៏លេខ៣ក្នុងខេត្តព្រះវិហារ និងទី២កងពលតូចអន្តរាគមន៏លេខ១២៨ ចំណុះយោធភូមិភាគទី១ក្នុងខេត្តស្ទឹងត្រែងក្នុងស្មារតីសាមគ្គីភាពរវាងសមរភូមិក្រោយ និងសមរភូមិមុខក៏ដូចពង្រឹងវប្បធម៏ចែករំលែកផងដែរ។
ចំពោះអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែនតាមរយៈ ឯកឧត្តម ឃួង ស្រេង ដែលត្រូវបាននាំយកទៅជូនកងទ័ពនាឧិកាសពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរួម មាន៖ សំរាប់កងពលធំអន្តរាគមន៏លេខ៣ចំនួន២០លានរៀល, មេបញ្ជាការកងពលមួយរូបចំនួន៤០ម៉ឺនរៀល មេបញ្ជាការងកងពល២០រូប ក្នុងរូបថវិការ ២០ម៉ឺនរៀល, នាយសេនាធិការ នាយសេនាធិការរង ការិយាល័យ មេបញ្ជាការង វរសេនាតូច មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងអនុសេនាតូច ៤៧៦នាក់ ក្នុងម្នាក់ថវិកា១០ម៉ឺនរៀល។ ព្រមទាំង នាយទាហ៊ាន ពលទាហ៊ាន ថវិកាក្នុងម្នាក់៥ម៉ឺនរៀល ។ សំភារៈ និងគ្រឿងឧបភោគ បរិភោគ រួមមាន ៖ ប្រេងម៉ាស៊ូត ៦ពាន់លីត្រ, មី ៣០០កេស , ទឹកបរិសុទ្ធ ១០០កេស, ទឹកស៊ីអ៊ីវ ២០០យួរ, ប្រេងឆា ១០០កេស, ត្រីខកំប៉ុង ១០០កេស, រថយន្តសង្រ្គោះ ចំនួន១គ្រឿង។
កងពលតូចអន្តរាគមន៍លេខ៩ សំរាប់កងពល ២០លានរៀល និងផ្តល់ថវិកាដល់នាយទាហ៊ាន និងពលទាហ៊ាន ជាច្រើនរយនាក់ទៀត។ ជាមួយគ្នានេះក៏បានផ្តល់ សំភារៈ និងគ្រឿងឧបភោគ បរិភោគ មាន៖ ប្រេងម៉ាស៊ូត ៦ពាន់លីត្រ, មី៥០០កេស, ទឹកសុទ្ធ៣០០កេស, ទឹកស៊ីអ៊ីវ៦០០យួរ, ប្រេងឆា ១៦០កេស, ត្រីខ ១៦០កេស, ឧបត្ថម្ភរៀបចំប្រព័ន្ធបណ្តាញបូមទឹកនៅចំណុចខ្ពស់ជួរមុខ តំបន់មុំ៣ ចំនួន ២២៩២៥ដុល្លារ៕