ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខេត្តកំពត បានបំបែកសំណុំរឿងឃាតកម្មរំលោភធ្វើទារុណកម្មដ៏ឃោរឃៅ និងលួចមានស្ថានទម្ងន់ទោស ឃាត់ខ្លួនបានជនដៃដល់ម្នាក់

116

 

ខេត្តកំពត ៖ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា ត្រឹមរយៈពេល ៧២ ម៉ោងប៉ុណ្ណោះ កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបំបែកសំណុំរឿងឃាតកម្មរំលោភធ្វើទារុណកម្មដ៏ឃោរឃៅ និងលួចមានស្ថានទម្ងន់ទោស រហូតឃាត់ខ្លួនបានជនដៃដល់ម្នាក់ ។

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៣ មានករណី ឃាត.កម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ និងលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចថ្លុកតាបាន ស្ថិតក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។ ក្រោយឃាតកម្មកើតឡើង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការនគរបាលស្រុកឈូក និងកម្លាំងអធិការនគរបាលស្រុកទឹកឈូ បើកការស៊ើបអង្កេត និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ង៉ុក ច្រិល ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត បាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង១៥នាទី ស្ថិតនៅចំណុចភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងដកហូតបានម៉ូតូ ០១គ្រឿង និងទូរស័ព្ទ ០១គ្រឿង ដែលជារបស់ជនរងគ្រោះ ។

លោកស្នងការនគរបាលខេត្តកំពត បានថ្លែងថា “ខ្ញុំសូមកោតសរសើរផែននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរង, លោកអធិការស្រុកទឹកឈូ និងលោកអធិការស្រុកឈូក ដែលបានខិតខំស្រាវជ្រាវបំបែកករណីរំលោភសម្លាប់ហើយប្លន់ នៅឃុំត្រពាំងភ្លាំង ស្រុកឈូក កាលពីថ្ងៃទី ១៣.០៩.២២ រយៈពេល ៧២ ម៉ោង ដែលយើងបានខិតខំរកយុត្តិធម៌ ជូនជនរងគ្រោះ រួមនឹងក្រុមគ្រួសាររបស់ជនរងគ្រោះ ។ ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជាថវិកាលើកទឹកចិត្តចំនួន ៤ លានរៀនសម្រាប់ផែនព្រហ្មទណ្ឌ ២លានរៀល សម្រាប់អធិការស្រុកទឹកឈូ និង២លានរៀល សម្រាប់អធិការស្រុកឈូក ចំពោះកិច្ចខិតខំប្រឹងប្រែងបំបែកករណីដ៏ឃោ.រឃៅនេះ “។

សូមរំលឹងផងដែរថា ជនរងគ្រោះមានឈ្មោះ ឆាលី អាយុ២៦ ឆ្នាំ មានកូនប្រុសម្នាក់។ ដោយមុនកើតហេតុនៅថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២២ ម៉ោងប្រហែល៣ រសៀល ដោយជនរងគ្រោះបានជិះម៉ូតូម៉ាកសេ១២៥ ស៊េរី ២០១៩ ក្នុងគោលបំណងទៅផ្លាស់ក្របីនៅវាលស្រែ តែមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញសោះ ហើយក្រុមគ្រួសារជនរងគ្រោះ បាត់ដំណឹងឈឹង ក៏មានការសង្ស័យ ក៏បាននាំគ្នាដើររកតែមិនឃើញ លុះព្រឹកឡើងនៅថ្ងៃទី១៤ ខែ កញ្ញាឆ្នាំ ២០២២ ប្តីរបស់គាត់ក៏បានដើររកទៀត ក៏ប្រទះឃើញសាកស.ពរបស់ប្រពន្ធ ក៏ផ្អើលឆោឡោឡើង និងបានរាយការណ៍ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច រួមជាមួយក្រុមគ្រូពេទ្យជំនាញ ក៏បានចុះមកកន្លែងកើតហេតុពិនិត្យនិងធ្វើកោសល្យវិច័យ ហើយក៏ប្រគល់សាកស.ពជូនក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ដែរថា ម៉ូតូដែលជនរងគ្រោះជិះមកនោះ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពរួចហើយ ក៏បានយកម៉ូតូនោះជិះគេចខ្លួនទៅបាត់ស្រមោលតែម្តង ហើយក្រុមគ្រួសារសព ក៏សុំអំពាវនាវក៏ដូចជាស្នើរទៅដល់លោកស្នងការនគរបាលខេត្តកំពត និងមន្រ្តីជំនាញដែលពាក់ព័ន្ធ មេត្តាជួយវែកមុខរកឃាតករមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារសពផង។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង