កម្លាំងនគរបាលចាប់ខ្លួនជនដៃដល់ម្នាក់ ករណីរំលោភសម្លាប់ យុវតីម្នាក់ នៅស្រុកអូរជុំ
រតនគិរី៖ ជនដៃដល់ដែលបានធ្វើសកម្មភាពរំលោភសម្លាប់ យុវតីជនជាតិទំពូនម្នាក់ វ័យ១៨ឆ្នាំ នៅឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយធ្វើសកម្មភាពនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនព្រហ្មទណ្ឌឲ្យដឹងថា ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងអធិការស្រុកអូរជុំ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសាមគ្គី ចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសាកសព និងរកឃើញថា ជនរងគ្រោះត្រូវបានគេរំលោភហើយសម្លាប់។
គ្រួសារជនរងគ្រោះ បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ (មុនកើតហេតុមួយថ្ងៃ) គាត់បានឃើញក្មេងស្រីរងគ្រោះ កំពុងឆាតទូរស័ព្ទតែមិនដឹងឆាតទៅពីណាគេទេ មួយសន្ទុះក្រោយមក ក៏ឃើញក្មេងស្រីរងគ្រោះ ដើរទៅបាត់រហូតដល់ពេលយប់ ក៏មិនឃើញក្មេងស្រីរងគ្រោះត្រឡប់មកផ្ទះវិញ។ លុះព្រឹកឡើងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក៏បានទូរស័ព្ទទៅជនរងគ្រោះតែខលពុំចូល រហូតដល់ម៉ោង២០៖៣០នាទី ក៏មានគេប្រទះឃើញសពកូនស្រីគាត់តែម្តង។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បានបញ្ជាក់ទៀតថា ក្រោយពីកម្លាំងជំនាញចុះស្រាវជ្រាវរហូតដល់វេលាម៉ោង០៣៖៣០នាទីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ទើបឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សេង កុសល អាយុ៣៦ឆ្នាំ មុខរបរគ្រូមើលជំងឺ មានស្រុកកំណើតភូមិស្វាយមីង ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូតវត្ថុតាងបានម៉ូតូ១គ្រឿង (ម៉ូតូជិះធ្វើសកម្មភាព)។ បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួន នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីបំពេញបែបបទបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី៕