លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅទទួលយកបុរសម្នាក់ ដែលបានជួនគ្រោះថ្នាក់ថ្មបាក់សង្កត់ជើងបណ្តាលឲ្យបាក់ជើងខាងស្តាំ
ក្រុងកោះរ៉ុង-កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ទៅទទួលយកបុរសម្នាក់ ដែលបានជួនគ្រោះថ្នាក់ថ្មបាក់សង្កត់ជើងបណ្តាលឲ្យបាក់ជើងខាងស្តាំ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ សុខ វាសនា អាយុ ៣២ឆ្នាំ បច្ចុប្បន្នជាកម្មករសំណង់ ដែលមានទីតាំង ស្ថិតនៅ ភូមិកោះរ៉ុងសន្លឹម (ឆ្នេរ២៣) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ជនរងគ្រោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្ត យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕