គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី នឹងចាប់ផ្តើមបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុសច្បាប់ ចាប់ពីយប់នេះតទៅ
ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ កញ្ញានេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញជាបន្ទាន់មួយ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត ទៅលើការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ឲ្យអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។
កិច្ចប្រជុំនេះមានការចូលរួមពី លោកស្នងការ លោក មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ ប្រធានផ្សារផងដែរ ក្នុងគោលបំណងបង្ក្រាបស្បែងស៊ីសងគ្រប់ប្រភេទ ឲ្យអស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ជាមួយចាត់វិធានការចំពោះកុងស៊ីបញ្ចាំខុសច្បាប់នានា នៅក្នុងមូលដ្ឋានផងដែរ ពោលគឺត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុតចាប់ពីយប់នេះតទៅ។
ឯកឧត្តមឃួង ស្រេង បានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជារួច ហើយកាលពីព្រឹកថ្ងៃ១៧កញ្ញានេះ ដោយឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការប្រមានដកតំណែងផងដែរ ។ ឯកឧត្តមបន្តថា ក្រោយកិច្ចប្រជុំនេះបញ្ចប់ទៅ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយព្រះរាជអាជ្ញារងដែលមាននៅតាមបណ្តាខណ្ឌ ចុះបង្ល្រាបភ្លាមៗ ដោយត្រូវអនុវត្តចាប់ពីយប់នេះតទៅ។
ឯកឧត្តមឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ចំពោះកុងស៊ីបញ្ចាំខុសច្បាប់ក៏ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ផងដែរ ដោយនេះជាដើមចមបង្កអោយមានបទល្មើស លួចឆក់ប្លន់ ។ ការបង្ក្រាបល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ និងកុងស៊ីបញ្ចាំខុសច្បាប់ត្រូវតែធ្វើឡើងឲ្យដូចភ្លៀងរលឹម។ កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិចាំតែជួយអន្តរាគមន៍នៅពេលដែលយើង អនុវត្តមិនបានចំពោះទីតាំងអាងខ្នងបង្អែក តែបើថ្នាក់ជាតិចុះទៅបង្ក្រាបនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយខ្លួនឯងមិនបានបង្ក្រាបឬមិនបានដឹងនោះនឹងប្រឈមទៅនឹងការដកតំណែងហើយ ។
គួររំលឹកថា៖ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញម្តងៗ លោកតែងបានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌ១៤ បង្ក្រាប់ល្បែងស៊ីសងគ្រប់ប្រភេទអោយអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ប៉ុន្តែការងារនេះ ក៏នៅតែសេសសល់ ដែលតម្រូវអោយកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌ១៤ បន្តបង្ក្រាបឲ្យបានដូចភ្លៀងរលឹម។
គួរបញ្ជាក់ថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ ចេញបទបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធគ្រប់រូប ជាពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឱ្យអស់នូវល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ជាមួយនោះសម្តេតេជោ នូវបានព្រមានដកតំណែង អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណាដែលមិនទទួលខុសត្រូវ លើតួនាទីបណ្តោយឱ្យល្បែងស៉ីសង រីកសាយភាយ ក្នុងមូលដ្ឋានរបស់ខ្លួនថែមទៀតផង៕