អភិបាលរាជធានី កោតសរសើរ ចំពោះនគរបាលពន្លត់អគ្គិភ័យ ដែលបានចុះជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ បានទាន់ពេលវេលា និងទទួលបានការសាទរពីប្រជាពលរដ្ឋ
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះនគរបាលពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបានបំពេញការងារយ៉ាងល្អ រហូតទទួលបានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ក្នុងការចុះជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យបានទាន់ពេលវេលា។
ការសម្ដែងនូវការកោតសរសើរនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២២ ខណៈដែល លោកអញ្ជើញសំណេះសំណាល និងផ្ដល់ជាអំណោយជូននគរបាលពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៤៥នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងផងដែរថា កាលពីមុនសម្រាប់ប៉ូលីសអគ្គីភ័យគឺតែងតែមានការលេចឮ នូវព័ត៌មានមិនល្អមួយចំនួន ពាក់ព័ន្ធនឹងការចុះអន្តរាគមន៍នៃការពន្លត់អគ្គីភ័យ។ ប៉ុន្តែសម្រាប់ពេលនេះ គឺកម្លាំងប៉ូលិសការិយាល័យបង្ការនិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ ពិតជាទទួលបាននូវការកោតសរសើរ ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ពោលគឺ នៅពេលដែល មានអគ្គីភ័យកើតឡើង រថយន្តពន្លត់អគ្គីភ័យបានទៅដល់ទីតាំងកើតហេតុភ្លាមៗនិងបានជួយអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យបានទាន់ពេលវេលា។
លោកឃួង ស្រេង បានបន្តទៀតថា៖ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តដាក់ពីសុខ
ទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយសម្ដេចមិនត្រឹមតែបានរំដោះប្រទេសជាតិ ចេញពីរបបប៉ុលពតប៉ុណ្ណោះទេ តែបានអភិវឌ្ឍន៍ប្រទេសឲ្យមានការ
រីកចម្រើនថែមទៀត ។ជាមួយគ្នានោះ ពាក់ព័ន្ធនឹងការរាតត្បាតនៃជំងឺ covid-19 សម្តេចបានស្វះស្វែងរកវ៉ាក់សាំងការពារជំងឺ covid-19 មកចាក់ជូនបងប្អូនប្រជាពលរដ្ឋបានគ្រប់គ្នា រហូតធ្វើអោយសេដ្ឋកិច្ចប្រទេសងើបឡើងវិញ។
លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ចំពោះអំណោយដែលត្រូវប្រគល់ជូន មន្ត្រីនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១៤៥នាក់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខ១យួរ ទឹកស៊ីអុីវ១យួរ ទឹកបរិសុទ្ធ២កេស និងថវិកាចំនួន៤០ម៉ឺនរៀល។
លោកឧត្ដមសេនីយ៍ត្រី ស៊ុប សុឃីម ស្នងការរងតំណាងអោយអង្គភាព នគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ក្នុងរយៈពេល ០៩ខែ ឆ្នាំ២០២២នេះ នៅទូទាំងរាជធានីភ្នំពេញ មានករណីអគ្គិភ័យកើតឡើង ចំនួន៨៣លើក ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៩៩៨គ្រឿង ស្មើនឹងទឹក ៣,៨៣៣ម៉ែត្រគូប ។ ក្នុងហេតុការណ៍នេះបណ្តាលឲ្យមនុស្សស្លាប់ ០១នាក់/ស្រី របួស២៤នាក់ ឆេះផ្ទះ១១៣ខ្នង សំណង់មិនរៀបរយ៨០ខ្នង ឆេះរថយន្ត ២៧គ្រឿង ម៉ូតូ ១៤គ្រឿង បន្ទប់ខារ៉ាអូខេ ៦បន្ទប់ ក្លឹបកំសាន្ត០១ កន្លែង កន្លែងស្តុកហ្គាស ០១កន្លែង ឃ្លាំងជួសជុលរថយន្ត ០១ កន្លែង និងសម្ភារៈប្រើប្រាស់មួយចំនួន ។ កត្តាដែលបង្កឲ្យមានករណីអគ្គិភ័យនេះ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី ៥៦លើក គ្រោះថ្នាក់ចរាចរណ៍ ០១លើក និងបញ្ហាផ្សេងៗ ២៦លើក ៕