ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុមារកម្ពុជារងគ្រោះ និងងាយរងគ្រោះជាច្រើន ដែលទទួលបានការមើលថែ និងរស់នៅប្រសើរជាងមុន

361


ភ្នំពេញ៖ លោកស្រី កូបូរ៉ា កូមីនី ប្រធានអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជាបានលើកឡើង ថា ក្នុងរយៈពេលដែលលោកស្រី បានកាន់តំណែងនេះ ហើយនឹងបានបម្រើការងារនៅក្នុងប្រទេសកម្ពុជា គឺមានកុមារកម្ពុជារងគ្រោះ និងងាយរងគ្រោះជាច្រើន ដែលទទួលបានការមើលថែ និងរស់នៅប្រសើរជាងមុន។

លោក វ​ង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន ​និងយុវ​នីតិសម្បទា ជួបសំណេះសំណាលជាមួយ លោកស្រី កូបូរ៉ា កូមីនី ប្រធានអង្គការយូនីសេហ្វ ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នាទីស្តីការក្រសួងសង្គមកិច្ច។

លោកស្រី ប្រធានអង្គការយូនីសេហ្វ បានលើកឡើងថា ទោះ​បីជាលោកស្រី ផុតអាណត្តិជាប្រធានអង្គការយូនីសេហ្វនៅក្នុងប្រទេសកម្ពុជា តែអង្គការនេះ​នៅតែបន្តជួយកុមារនៅកម្ពុជា ដោយឥតងាករេឡើយ។

ប្រធានអង្គការយូនីសេហ្វ លោកស្រី កូបូរ៉ា កូមីនី​​ បញ្ជាក់ថា ភាពជោគជ័យដែលអង្គការ​ បានធ្វើសម្រាប់ជួយដល់កុមារកម្ពុជា គឺទទួលបានការសហការ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុវត្តការងារដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកនៃក្រសួងសង្គមកិច្ច។

ជាមួយគ្នានោះ លោកស្រី កូបូរ៉ា កូមីនី ​បន្តថា អង្គការយូនីសេហ្វ នៅតែបន្តការគាំទ្រ និងជួយបន្ថែមទៀតទាំងកិច្ចការចាស់ និងកិច្ចការថ្មីទៅលើកុមារ។

ជាការឆ្លើយតប លោក វ​ង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានថ្លែងអរគុណដល់ លោកស្រី កូបូរ៉ា កូមីនី ប្រធានអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា និងក្រុមការងារទាំងអស់ ដែលបានបំពេញការងារជួយដល់កម្ពុជា​រយៈពេលកាន់តំណែងកន្លងមក​។ លោក រដ្ឋមន្រ្តី បានបន្ថែមថា ទោះបីលោកស្រី បានបញ្ចប់ដំណែងនៅក្នុងការបម្រើការងារ ជាប្រធានអង្គការយូនីសេហ្វប្រចាំនៅកម្ពុជាក្តី តែក្រសួងសង្គមកិច្ច និងអង្គការយូនីសេហ្វ នៅមានកិច្ចការថ្មីៗ ជាច្រើនដែលទាមទារឲ្យយើងប្រឹងប្រែងខិតខំបន្តទៀត។
លោក រដ្ឋមន្រ្តី វង សូត បានបន្ថែមថា ប្រទេសកម្ពុជា បានឈាន​មកដល់ដំណណាក់កាលមួយ ដែលទាមទារឲ្យវិស័យសង្គមកិច្ច ដើរតួនាទីកាន់តែខ្លាំងក្លាយជាងមុន ដើម្បីបម្រើសេវា ជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។ ដូចនេះ យើងខ្ញុំ រួមទាំងមន្រ្តីរាជការក្រសួងទាំងអស់ បានត្រៀមចិត្ត និងត្រៀមកាយបម្រើការងារ ជូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក វ​ង សូត បានអះអាងថា ក្រសួងសង្គមកិច្ច បានបោះជំហានយ៉ាងស្វាហាប់ នៅក្នុងការអនុវត្ត គោលនយោបាយ ស្ដីពីប្រព័ន្ធ សុវត្ថិភាពសង្គម និងផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ក្នុងសង្គមជាពិសេសនោះទៅលើ កុមារ។

លោក វង សូត ​បន្ថែមថា ក្រសួងសង្គមកិច្ច បានសហការជាមួយអង្គការយូនីសេហ្វ សិក្សាពិនិត្យមើលសមិទ្ធផល និងបញ្ហាប្រឈមដែល បានកើតឡើងចំពោះកុមារ តាមសហគមន៍ ដើម្បីរៀបចំទម្រង់វិស័យសុខមាលភាពកុមារនៅកម្ពុជាស្រប និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ និង កម្មវិធីនយោបាយរបស់រដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង