ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ភារៈគ្រឿងចក្រយុទ្ធោបករណ៍យោធា ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារប្រទេសចិន ប្រគល់ជូនដល់ក្រសួងការពារជាតិកម្ពុជា

74

 

កំពង់ឆ្នាំង ៖ នៅថ្ងៃទី ២០ ខែកញ្ញា ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និង ទទួលសម្ភារៈគ្រឿងចក្រយុទ្ធោបករណ៍យោធា ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារប្រទេសចិន ជូនដល់ក្រសួងការពារជាតិកម្ពុជា ដែលពិធីប្រគល់ទទួលនេះ បានប្រព្រឹត្តធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតក្នុងតំបន់ភូមិសាស្ត្រភ្នំជុំរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ព្រមទាំងមានវត្តមាន ឯកឧត្តម ជា រដ្ឋលេខាធិការក្រសួង ឯកឧត្តមជាអគ្គនាយកស្ថាប័នចំណុះក្រសួងការពារជាតិ ឯកឧត្តម អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងនាយទាហានជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ និងកងទ័ពរំដោះប្រជាជនចិនជាច្រើនរូបទៀត។ សម្ភារៈគ្រឿងចក្រផ្នែកដឹកជញ្ជូន សម្រាប់បំរើឲ្យសកម្មភាពការងារធានាផ្នែកសន្តិសុខ កងកម្លាំងកងរាជអាវុធហត្ថ រួមមានរថយន្ត គ្រឿងចក្រគ្រប់ប្រភេទចំនួន ១១៧គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនធំ ដែលជាជំនួយឥតសំណងរបស់ ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីបម្រើដល់ការងារធានារក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំនានា ដែលកម្ពុជាធ្វើជាម្ចាស់​ផ្ទះ និងជាប្រធានប្តូរវេន អាស៊ានឆ្នាំ២០២២
នេះ ។

ឯកឧត្តម វ៉ាង វិនធាន មានប្រសាសន៍ថា កងទ័ពចិន និងកម្ពុជា គឺជាបងប្អូនស្គាល់ចិត្តស្គាល់ថ្លើម និងរួមសុខរួមទុក្ខជាមួយគ្នា ជាដៃគូនិយាយតិចតែធ្វើច្រើន ។ ឯកឧត្តម វ៉ាងវិនធាន បានសម្ដែងការសប្បាយរីករាយ ចំពោះការជួយឧបត្ថម្ភរបស់ក្រសួងការ​ពារ​ជាតិចិន លើគម្រោងធ្វើទំនើបកម្មកងទ័ពជើងទឹកនៅមូលដ្ឋានរាមគម្រោង​​​​
សាងសង់ទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ តំបន់ភ្នំជុំរាយ គម្រោងសាងសង់អគារ
សិក្សាចម្រុះនៅវិទ្យស្ថានកងទ័ពជើងគោក រួមនិងគម្រោងផ្ដល់ជំនួយនានាជាច្រើនទៀត គឺសុទ្ធសឹងជាគម្រោងនៃកិច្ចសហប្រតិបត្តិការយោធាសំខាន់ដែលបានបើកការដ្ឋានសាងសង់
ដោយរលូន ។ កងទ័ពជើងគោកទាំងពីរ បានចុះហត្ថលេខាលើអនុ​សារណៈយោគយល់គ្នានេះសរបង្ហាញឲ្យឃើញថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពចិន និងកម្ពុជា បានធ្វើឡើងដល់កម្រិតថ្មីហើយ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ជំនួយជាសម្ភារៈរថយន្តដឹកជញ្ជូនសម្រាប់បម្រើឲ្យសកម្មភាពនៃការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈទាំង ១១៧
គ្រឿង និងសម្ភារៈមួយចំនួននាពេលនេះ គឺជាសកម្មភាពជាក់ស្តែង ដែលក្រសួងការពារជាតិចិន ជួយគាំទ្រដល់ក្រសួងការពារជាតិកម្ពុជា យកទៅប្រើប្រាស់សម្រួលដល់ការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំនានា ដែលពាក់ព័ន្ធ របស់ក្រសួងការពារជាតិកម្ពុជា ។ ហើយចិនសង្ឃឹមថា កម្ពុជាអាចដើរតួនាទីកាន់តែសកម្ម និងសំខាន់នៅក្នុងកិច្ចការក្នុងតំបន់ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ស្មារតីជួយយកអាសាគ្នាក្នុងគ្រាលំបាកប្រកបដោយសុឆន្ទៈ គឺជាឧបករណ៍ដ៏មាន
ប្រសិទ្ធភាពបំផុត ក្នុងបុព្វហេតុនៃការកសាង ថែរក្សាសន្តិភាព ស្ថិរភាព មិត្តភាពដែកថែប រឹងមាំ យូរអង្វែង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ។ ហើយបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគាំទ្រឥតងាករេ ចំពោះនយោបាយចិនតែមួយ និងចក្ខុវិស័យសហគមន៍វាសនារួមរវាងចិន និងកម្ពុជា ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ជាការពិត ខណៈដែលយើងកំពុងតែទទួលបាននូវជោគជ័យធំៗជាបន្តបន្ទាប់ ក្នុងការកសាងឱ្យបានរឹងមាំ នូវសន្តិភាព និងភាពសុខដុមរមនា ក្នុងសង្គមជាតិសម្រាប់តំបន់ ក៏ដូចជាសម្រាប់ពិភពលោកទាំងមូលយើងក៏ជួបប្រទះនឹងបញ្ហាប្រឈមធំៗមិនចេះចប់មិនចេះហើយ ក្នុងនោះមានរួមទាំងជំងឺរាតត្បាតកូវីដ-១៩ ដែលមិនទាន់ផុតរលត់នៅឡើយ និងការជ្រៀតជ្រែក វាយប្រហាររំលោភមកលើអធិបតេយ្យ ញុះញង់បំបែកបំបាក់ឥតឈប់ឈរពីសំណាក់អ្នកដែលគិតតែប្រយោជន៍​ផ្ទាល់ខ្លួន និងចូលចិត្តបំផ្លាញអ្នកដទៃ ។
ឆ្លើយតបជាមួយនឹងការគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ទាំងនេះ ចិន និងកម្ពុជា នៅតែរឹងមាំជានិច្ចក្នុងការជំនះលើការលំបាក និងរាល់សកម្មភាពអមិត្តនៅក្រោមស្មារតីស្នេហាសន្តិភាព នយោបាយនៃមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ។ យើងជឿជាក់ថា ការប៉ុនប៉ងដើម្បីបំផ្លាញសេចក្តីសុខ និងធ្វើឱ្យខូចខាតដល់មិត្តភាព កម្ពុជា-ចិន មុខជាទទួលបាននូវការឈឺចាប់ នឹងទទួលបរាជ័យនៅទីបំផុត ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់សារជាថ្មីនូវការដឹងគុណរបស់កម្ពុជា ចំពោះការជួយឧបត្ថម្ភគាំទ្រអស់ពីចិត្ត ពីថ្លើមនិងទាន់ពេលវេលា ពីសំណាក់មិត្តចិន ជាពិសេសនៅក្នុងការប្រយុទ្ធក្នុងសមរភូមិជំងឺកូដ-១៩ ដែលកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់មកទល់ពេលនេះ និង​​ការកសាងពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យរបស់ខ្លួន ក៏ដូចជារួមចំណែកនៅក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ផងដែរ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សម្ភារៈទាំងអស់នេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងពេលដែលក្រសួងការពារជាតិកម្ពុជា កំពុងត្រូវការចាំបាច់បំផុត សម្រាប់បម្រើឱ្យការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណ: ផ្នែកយោធា ជាពិសេសក្នុងពេលដែលក្រសួងការ​ពារជាតិកម្ពុជា កំពុងមមាញឹកក្នុងការបំពេញតួនាទីដឹកនាំ ក្នុងឋានៈជាប្រធានរាល់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានសម្រាប់ឆ្នាំ២០២២នេះ ។ សម្តេចពិជ័យសេនា យល់ថា សម្ភារៈដ៏មានតម្លៃទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងកិច្ចការសំខាន់ៗជាច្រើនទៀត បម្រើឲ្យសង្គមជាតិ ។
សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិនធាន ក៏បានធ្វើជាសក្ខីភាព នៃការចុះហត្ថលេខាផ្ទេរប្រគល់ និងទទួលជំនួយសម្ភារៈ របស់ក្រសួងការពារជាតិចិន បានផ្តល់ឲ្យ ដល់ក្រសួងការពារជាតិកម្ពុជា រវាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយលោក វរសេនីយ៍ឯកពិសេស ថ្លាំង ហាវ ប្រធានការិយាល័យអនុព័ន្ធយោធាចិនប្រចាំកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង