ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ជាអ្នកកួកជេរដី លួចលក់ដីប្រជាពលរដ្ឋ ឲ្យទៅឈ្មួញរកស៊ីដី

80

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាប់ខ្លួនជនសង្ស័យម្នាក់ជាអ្នកកួកជេរដី លួចលក់ដីប្រជាពលរដ្ឋឲ្យទៅឈ្មួញរកស៊ីដី ហើយបុរសរូបនោះត្រូវចោទពីបទ ប៉ុនប៉ងលក់អចលនទ្រព្យអ្នកដទៃ និង បានកសាងសំណុំបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី កាលពីថ្ងៃទី២៧កញ្ញានេះ។

សូមបញ្ជាក់ថា ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨ និង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ប៉ុនប៉ងលក់អចលនទ្រព្យអ្នកដទៃ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ នៅចំណុចភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ៖ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ណុប ណាវី ភេទ ស្រី អាយុ ៤៩ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ គង់ អ៊ី (ហៅ អ៊ឹមសែង-M5 ) ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរឈ្មួញរកស៊ីទិញ-លក់ដី បច្ចុប្បន្នរស់នៅ ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

តាមការបំភ្លឺរបស់ជនរងគ្រោះខាងលើ បានបញ្ជាក់ថា ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ គង់ អ៊ី បាននាំឈ្មួញទិញ-លក់ដី ទៅពិនិត្យទីតាំងដី២កន្លែង ស្ថិតនៅភូមិសូរិយា សង្កាត់និមិត្ត និងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ចំនួន ៤៥ហិកតា នៅពេលនិយាយថ្លៃត្រូវគ្នា ឈ្មួញទិញ-លក់ដី បានទាមទារពិនិត្យមើលឯកសារពាក់ព័ន្ធដីខាងលើ ដើម្បីប្រគល់ប្រាក់កក់ចំនួន ៥០.០០០ដុល្លារសហរដ្ឋអាមេរិក (ប្រាំម៉ឺនដុល្លារ) លុះពេលចុះទៅពិនិត្យឯកសារដីរួចរាល់ហើយ ក៏បែកគ្នាទៅវិញរៀងៗខ្លួន ។ ក្រោយមកទើបជនរងគ្រោះ ត្រូវបានគេផ្តល់ដំណឹងមកថា ជនសង្ស័យខាងលើ បានលក់ដីឱ្យឈ្មួញ ដែលជាដីកម្មសិទិ្ធរបស់ជនរងគ្រោះ និងដីកម្មសិទិ្ធរបស់ប្រជាពលរដ្ឋមួយចំនួនផ្សេងទៀត ទើបជនរងគ្រោះបាន មកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត តែម្តង ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ កន្លងមកខ្លួនធ្លាប់បានលួចលក់ដីអ្នកដទៃ ទៅឱ្យឈ្មួញរកស៊ីទិញ-លក់ដី ជាច្រើនលើកមកហើយ ចំណែកបញ្ហាវិវាទ គឺម្ចាស់ដី និងឈ្មួញដែលទិញពីខ្លួន ជាអ្នកដោះស្រាយដោយខ្លួនឯង ។ សូមបញ្ជាក់ថា ជនសង្ស័យខាងលើ កន្លងមកជាជនបង្កចលាចលពាក់ព័ន្ធបញ្ហាវិវាទដីធ្លីក្នុងក្រុងប៉ោយប៉ែត ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះ និងសាក្សី យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប៉ុនប៉ងលក់អចលនទ្រព្យអ្នកដទៃ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង