ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមមិត្តយើងចាប់ផ្តើមបើកយុទ្ធនាការ “សក់ និងសម្រស់របស់មិត្តយើង” ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែលមានជីវភាពខ្វះខាត់ដោយពុំគិតប្រាក់

71

ភ្នំពេញ ៖ លោក ឡា វិបុល ជានាយកសាលាជំនាញសក់ និងសម្រស់ ដែលមានឈ្មោះថា អេកូលអាំងទែរ ណាស្សូណាល់ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) ថ្ងៃនេះបានដឹកនាំក្រុមសាឡន និងហាងកាត់សក់ល្បីៗនៅទីក្រុងភ្នំពេញ ដើម្បីចូលរួមជាមួយសមាគមមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់ដល់អ្នករកស៊ីក្រៅប្រព័ន្ធនិងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវសេវាកម្មសក់ស្អាត ទៅចូលរួមក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នាពេលនេះ។

កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះ ក៏មានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ចំនួន៣០នាក់ តំណាងក្រុមហ៊ុនដៃគូសហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ និងជួយសម្រួលជូនបងប្អូនកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធយើងដែលបានអញ្ជើញមកចូលរួមផ្ទាល់ក្នុងថ្ងៃនេះ ឲ្យទទួលបាននូវសេវាកម្មសក់ស្អាតដើម្បីទៅចូលរួមក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ក៏ដូចជាពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខ។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះរៀបចំឡើងក្នុងគោលបំណងដើរតួជាស្ពានដ៏សំខាន់ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែលមានបំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់អ្នកដែលមានកង្វះខាតនិងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាននូវសេវាកម្មមួយនេះពោលកម្មវិធីមួយនេះគឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើនប្រាក់ចំណូលរបស់ ឲ្យកាន់តែល្អប្រសើរឡើង ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់រយៈពេលជិត១ឆ្នាំ នៃការអនុវត្តយុទ្ធនាការ “សក់ និងសម្រស់របស់មិត្តយើង” នៅតាមបណ្តារាជធានី-ខេត្តទាំង២៥ ខាងមុខនេះ ឯកឧត្តមរដ្ឋលេខាធិការជឿជាក់ថា ដៃគូសហការរបស់សមាគមមិត្តយើងទាំងអស់ នឹងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាកម្មទៅដល់អ្នកដែលខ្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ហើយនឹងចូលរួមសហការយ៉ាងជិតស្និទ្ធ ជាមួយសមាគមមិត្តយើង ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីចំណេះដឹងបច្ចេកទេសវិជ្ជាជីវៈផ្នែកសក់ និងសម្រស់ទៅដល់សិស្សានុសិស្សដែលមានបំណងចង់ចាប់យកជំនាញមួយនេះ។

សូមជម្រាបថាបន្ទាប់ពី ផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការចែកជា“កញ្ចប់ជំនួយមិត្តយើង”ដល់អ្នកមានកង្វះខាតនិងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចូលរួមនាពេលនេះផងដែរដោយក្នុង១នាក់ទទួលបានកញ្ចប់ជំនួយមិត្តយើង១កញ្ចប់ដើម្បីសម្រួលជីវភាពបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង