នគរបាលរាជធានីភ្នំពេញ ៖ ទាក់ទងទៅនឹងការចុះផ្សាយថា “ មានជនស៊ីវិល ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុយមកបង់ថ្លៃផាកពិន័យ “
ភ្នំពេញ ៖ ក្រោយពីជួបទល់មុខគ្នារវាងមន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងបុរសអ្នកបើកម៉ូតូកង់៣ បានបញ្ជាក់យ៉ាងច្បាស់ថា ជនស៊ីវិលដែលដឹកគាត់ទៅបញ្ចាំទូរស័ព្ទ ហើយយកលុយពីគាត់ មិនមែនជាសមត្ថកិច្ចនៅគោលដៅនោះឡើយ ជាជនស៊ីវិលឆ្លៀតឱកាស បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាក់ទងទៅនឹងករណី ដែលកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១០និង៣០នាទីព្រឹក មានអ្នកបើកបរម៉ូតូកង់បីដឹកទំនិញម្នាក់ បានបើកបរទិសដៅពីវត្តភ្នំ គោលដៅឆ្លងស្ពានជ្រោយចង្វារ លុះមកដល់គោលដៅរង្វង់មូលកួចកាណុង ក៏ស្រាប់តែមានមន្ត្រីនគរបាលចរាចរណ៍ ឃាត់ធ្វើការផាកពិន័យ ករណីមិនកិបគន្លឹះមួកសុវត្ថិភាព ពេលនោះមន្ត្រីអនុវត្តច្បាប់ បានបញ្ជាក់ថា តាមច្បាប់លើករណីល្មើសនេះត្រូវផាកពិន័យ ៦០,០០០រៀល ពេលនោះគាត់ក៏បាននិយាយថា គាត់គ្មានប្រាក់ដើម្បីបង់ពិន័យនោះទេ រួចមកគាត់ក៏ទូរស័ព្ទទៅនិយាយជាមួយថៅកែរបស់គាត់ បន្ទាប់មកគាត់ក៏ហុចទូរស័ព្ទជូនមន្ត្រីដើម្បីនិយាយគ្នាជាមួយថៅកែរបស់គាត់ គោលបំណងស្នើសុំមន្ត្រីនគរបាលចរាចរណ៍ កុំផាកពិន័យ ត្រឹមតែអប់រំទៅបានហើយ ។
ភ្លាមនោះមន្ត្រីរបស់យើងក៏បានប្រគល់ទូរសព្ទជូនគាត់វិញ ព្រមទាំងអនុញ្ញាតឲ្យរូបគាត់ទៅដោយមិនបានផាកពិន័យ ឆ្លៀតពេលនោះមានជនឱកាសនិយម ស្លៀកពាក់ស៊ីវិលឆ្លៀតឱកាស ហៅបុរសនោះចេញមកក្រៅ ដោយប្រាប់ថាបើអត់លុយ គាត់អាចនាំទៅកន្លែងបញ្ចាំ ដើម្បីបង់ថ្លៃល្មើសចរាចរណ៍ ដោយមិនចាប់អារម្មណ៍ ហើយប្រញាប់ផង ក៏ជឿមិនបានគិត ហើយក៏បានផ្តល់លុយនោះទៅឲ្យជនស៊ីវិលដែលបន្លំខ្លួនជាសមត្ថកិច្ចអនុវត្តច្បាប់ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្រាវជ្រាវ និងបានអញ្ជើញប្រធានគោលដៅ មន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងអ្នកបើកបរមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងបានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធចុះទៅសួរនាំ និងឆែកកាមេរា សុវត្ថិភាពនៅហាងបញ្ចាំយីហោ ៥៨៥ ទទួលបានលទ្ធផលបញ្ជាក់របស់ម្ចាស់ហាងបញ្ចាំថា ៖ នៅវេលាម៉ោងប្រហែលជិត ១១:០០ នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មានជនស៊ីវិល ចំនួន ០២នាក់ បានជិះម៉ូតូម៉ាក PCX មិនចាំផ្លាកលេខ យកទូរស័ព្ទមកដាក់បញ្ចាំនៅហាងរបស់គាត់ពិតប្រាកដមែន ប៉ុន្តែគាត់បានបដិសេធថា ជនទាំង ០២នាក់ខាងលើ គឺមិនមែនជាមន្ត្រីនគរបាលចរាចរណ៍នោះទេ ។
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងស្រាវជ្រាវរកមុខជនខិលខូចខាងលើ ដែលមិនមែនជាសមត្ថកិច្ច ដើម្បីយកមកសួរនាំបញ្ជាក់ឲ្យបានច្បាស់ថា តើមានជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីនគរបាល ចរាចរណ៍ណាម្នាក់នៅគោលដៅខាងលើដែរឬអត់? ដើម្បីរកការពិត និងផ្តន្ទាទោសតាមច្បាប់ ។
ជាមួយនោះដែរ ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ត្រីទាំងអស់ត្រូវប្រើប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យ ជាមួយប្រជាពលរដ្ឋ ទោះជាកំពុងរវល់ ឬហត់នឿយក្នុងការបំពេញតួនាទីភារកិច្ចយ៉ាងណាក៏ដោយ ។
ម្យ៉ាងវិញទៀត ត្រូវអនុវត្តការងារប្រកបដោយសីលធម៌ និងណែនាំអប់រំបន្ថែមអំពីច្បាប់ចរាចរណ៍ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ។
គួរជម្រាបថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ មានហេតុការណ៍នគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ (រង្វង់មូលគូចកាណុងស្តាតចាស់) ចាប់ផាកពិន័យបុរសម្នាក់ដែលកំពុងបើកកង់បីដឹកទំនិញ ដោយសារមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល។
ប៉ុន្ដែអ្នកបើកកង់បីនោះ បានប្រាប់នគរបាលចរាចរណ៍ថា ខ្លួនមានតែលុយ៤៥០០ រៀលទេនៅក្នុងហោប៉ៅ។ ដោយខ្លួនកំពុងដឹកឥវ៉ាន់ដើម្បីដាក់ជូនភ្ញៀវនោះ ហើយខ្លាចមិនទាន់ពេល ក៏ប្រាប់ប៉ូលិសថា ខ្លួនមានតែទូរស័ព្ទមួយនេះ ចឹងមានតែយកទៅដាក់បញ្ចាំ។ ដំណោះស្រាយនេះ ក៏ត្រូវបាននគរបាលចរាចរណ៍ឯកភាព ហើយក៏ដឹកតាមម៉ូតូ នាំអ្នកបើកកង់បីទៅបញ្ចាំទូរស័ព្ទ បាន៦ម៉ឺនរៀល រួចក៏ដកលុយ៥ម៉ឺនរៀលឲ្យប៉ូលិស និងទុក១ម៉ឺននៅក្នុងខ្លួន។
រឿងរ៉ាវនេះបានបន្សល់នូវការងឿងឆ្ងល់យ៉ាងខ្លាំង នៅលើបណ្ដាញសង្គម Facebook ដោយប្រជាពលរដ្ឋម្នាក់ៗ បានបង្ហាញនូវការហួសចិត្ត និងមិននឹកស្មានថា ការអនុវត្តច្បាប់ចរាចរណ៍របស់មន្ដ្រីនគរបាលចរាចរណ៍ នៅគោលដៅរង្វង់មូលគួចកាណុងម៉ឺងម៉ាត់ដល់ថ្នាក់នេះ រហូតនាំអ្នកដែលត្រូវផាកពិន័យ ដើម្បីបញ្ចាំទូរស័ព្ទ ហើយយកលុយមកបង់ប្រាក់ពិន័យដែលមិនបានពាក់គន្លឹះមួកសុវត្ថិភាព។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ តែងតែអបរំ និងណែនាំជាប្រចាំឲ្យកងកម្លាំងនគរបាលចរាចរណ៍ ត្រូវអនុវត្តច្បាប់ដោយមានភាពម៉ឺងម៉ាត់ តែទន់ភ្លន់ជាមួយប្រជាជន ដោយភ្ជាប់ជាមួយការអប់រំណែនាំផងដែរ៕