រាជធានីភ្នំពេញ ត្រូវបានប្រកាសថាជាទីក្រុង អស់មីន
ភ្នំពេញ ៖ រសៀលថ្ងៃទី២២កញ្ញានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរការប្រកាសរាជធានីភ្នំពេញអស់មីន។
ឯកឧត្តម មានចាន់ យ៉ាដា អភិបាលរងតំណាង ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា រាជធានីភ្នំពេញកាលពី៤៣ឆ្នាំ មុនគឺជាទីក្រុងខ្មោច ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅជនបទគ្មានសល់ អ្វីៗត្រូវបានកម្ទេចរាប់ទាំងជីវិតមនុស្ស។ រាជធានីភ្នំពេញបានឆ្លងកាត់ភ្លើងសង្គ្រាម និង ឧបសគ្គជាច្រើន ទម្រាំបានដូចសព្វថ្ងៃនេះ។ សង្គ្រាមឈ្លប និងចលនាឧទ្ទាម បានបង្កអសន្តិសុខសង្គមព្រមទាំងបន្សល់ទុកនូវចម្ការមីន និងសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ ពាសពេញផ្ទៃប្រទេសដែលបានឆក់យកជីវិត ឬបង្កឲ្យមានពិការភាពដល់ប្រជាពលរដ្ឋរហូតដល់សព្វថ្ងៃ ដែលបង្កឡើងដោយផលលំបាកនៃ សង្គ្រាម និងគ្រាប់មីន។
ឯកឧត្តម បានបន្តថា ផ្អែកតាមទិនន្ន័យស្រាវជ្រាវមូលដ្ឋានឆ្នាំ២០១២ របស់អាជ្ញាធរមីនកម្ពុជា រាជធានីភ្នំពេញមានចំការមីនចំនួន១២៦កន្លែង ស្មើនឹងផ្ទៃដីសរុប ៦.៣៣៥.២៣៨ ម៉ែត្រការ៉េដែលមានខណ្ឌចំនួន៤គឺខណ្ឌ ៖ ជ្រោយចង្វា,ព្រែកព្នៅ,ពោធិសែនជ័យ និងខណ្ឌសែនសុខ។ អ្វីដែលគួរឲ្យសោកស្តាយជាទីបំផុតនោះគឺ គិតត្រឹមឆ្នាំ២០២១ នៅរាជធានីភ្នំពេញមានអ្នករង គ្រោះសរុបចំនួន២០៤នាក់ ក្នុងនោះបាត់បង់អាយុជីវិតចំនួន៧២នាក់, ពិការ៥នាក់ និងរបួសចំនួន១២៧នាក់ ដែលនេះគឺជាផលប៉ះពាល់សង្គមចាំបាច់ត្រូវបន្តខិតខំ ដោះស្រាយ និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍន៍ទីក្រុងរបស់យើង។
នាឱកាសនោះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាព កម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានលើកឡើងដែរថា៖ ការគំរាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះគឺមានភាពស្មុគស្មាញ និងបានបន្សល់ទុកនូវទុក្ខសោកជាច្រើន ដល់ប្រជាពលរដ្ឋយើងនិងបន្ទុចបង្អាក់ សកម្មភាពអភិវឌ្ឍន៍របស់យើងថែមទៀត។ ជាមួយគ្នានេះ កម្ពុជាបានប្តេជ្ញាលប់បំបាត់គ្រាប់មីនឲ្យអស់ត្រឹមឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន បានថ្លែងអបអរសាទរ ដល់រាជធានីភ្នំពេញដែលត្រូវបានប្រកាសជារាជធានីអស់មីន ក្រោមការដឹកនាំរបស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គឺជាមូលដ្ឋានដែនដីទី៣បន្ទាប់ពីខេត្តកែប, និង ខេត្តព្រៃវែង ដែលត្រូវបានបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយ ដែលយើងបានដឹង។
លោកជំទាវក៏បានកោតសរសើរដល់វីរយុទ្ធជន យុទ្ធនារីដោះមីន ដែលបានលះបង់ដល់អាយុជីវិត ក្នុងបុព្វហេតុដោះមីនរំដោះផ្ទៃដីបង្កបង្កើនផល និងដីលំនៅដ្ឋានជូនប្រជាពលរដ្ឋ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រទេសជាមិត្ត ដែលបានរួមចំណែកជួយដល់កម្ពុជាក្នុងការកម្ចាត់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដើម្បីឈានទៅសម្រេចគោលដៅ កម្ពុជាអស់គ្រាន់មីននៅឆ្នាំ២០២៥។ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ថ្លែងទៀតថា បើយើងមើលទៅក្រោយ៤៣ឆ្នាំមុន រាជធានីភ្នំពេញជាទីក្រុងខ្មោច ស្ងាត់ជ្រងំហើយបាន បន្សល់ទុកនូវស្លាកស្នាមសង្គ្រាមពិសេសគឺគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះតែម្តង៕