ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

52

អាមេរិក៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ។

នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយ ឯកឧត្តមបានគូសបញ្ជាក់ថា យើងបានជួបគ្នាចុងក្រោយនៅទីក្រុងប៉េកាំងប្រទេសចិន កាលពីប៉ុន្មានឆ្នាំមុន។ ឯកឧត្តមពិតជារីករាយ ជាមួយនឹងកិច្ចសហការជាមួយ រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា កន្លងមកយើងក៏បានគាំទ្រទាំងស្រុងជាមួយនឹងក្រុមការងារ អង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅកម្ពុជានោះជាពិសេសចំពោះការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ។

ឯកឧត្តមបានមានប្រសាសន៍ថា យើងនឹងបង្កើនសាមគ្គីភាពជាមួយបណ្ដាប្រទេស ដែលបានប៉ះពាល់ដោយវិបត្តិទាំងឡាយ រួមទាំងជំងឺ Covid 19 ផងដែរ។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីស្ថានភាព សង្គ្រាមនៅអ៊ុយក្រែន និងអតិផរណាបណ្ដាលមកពីសង្គ្រាមនោះ ដែលបង្កើតនូវការលំបាកជាច្រើនសម្រាប់ប្រជាជននៅទូទាំងពិភពលោក។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថាអង្គការសហប្រជាជាតិ គឺឈរលើស្មារតីសាមគ្គីភាពជាមួយប្រទេសកំពុងអភិវឌ្ឍន៍និយាយជារួម និងនិយាយដោយឡែកចំពោះប្រទេសកម្ពុជា។ យើងនឹងខិតខំជំរុញការកែទម្រង់នៃហិរញ្ញប្បទានអន្តរជាតិផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានឆ្លៀតឱកាសទទួលជួបសម្ដេចនាពេលនេះ។ សម្ដេចតេជោក៏បានអរគុណចំពោះអ្វីដែល ឯកឧត្តម បានលើកឡើង ជាពិសេសចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ។ សម្ដេចតេជោក៏បានគូសបញ្ជាក់ថា ឯកឧត្តមមានក្រុមការងាររបស់ ឯកឧត្តមដ៏ល្អប្រចាំនៅប្រទេសកម្ពុជា។ សម្រេចតេជោក៏បានមានប្រសាសន៍អំពីជំនួយវ៉ាក់សាំងកូវីដ១៩ របស់អង្គការសហប្រជាជាតិ តាមរយៈក្របខ័ណ្ឌកូវ៉ាក់ ដែលជួយដល់ប្រទេសកម្ពុជាផងដែរ។ ហើយដែលរហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋបបានបហរមាណជា ៩៥% ហើយ នៃចំនួនប្រជាជនសរុប ហើយមួយចំនួននៃប្រជាជនក៏បានទទួលវ៉ាក់សាំងដូសជំរុញទី៥រួចទៅហើយ ហើយគិតត្រឹមថ្ងៃទី ២២ កញ្ញានេះ មានអ្នកឆ្លងត្រឹមតែ០៣នាក់តែប៉ុណ្ណោះ។

ក្នុងជំនួបនេះ សម្ដេចតេជោ បានមានប្រសាសន៍លើកឡើងនូវ០៣ចំណុចសំខាន់ៗ ៖

១) សម្ដេចតេជោ បានគូបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជាជា មួយនឹងអង្គការសហប្រជាជាតិ។ ដែលនៅថ្ងៃនេះ តុលាការកូនកាត់នេះ បានប្រកាសសាលក្រមស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលជាអ្នករងគ្រោះរបបប្រល័យពូជសាសន៍នោះ។ សម្ដេចតេជោបានមានប្រាសាទថា កន្លងមកឯកឧត្តម និងសម្ដេចបានធ្លាប់ធ្វើការជាមួយគ្នា ជាពិសេសរួមទាំងអង្គការសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងនិងរបបប្រល័យពូជសាសន៍ ។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចបានរង់ចាំរយៈពេល ៤៣ឆ្នាំ សម្រាប់ការស្វែងរកយុត្តិធម៌នៅថ្ងៃនេះ ហើយ៤៣ឆ្នាំមុន យើងបានរួចពីការស្លាប់នៃរបបប្រល័យពូជសាសន៍ ដោយមានការជួយពីប្រទេសវៀតណាម។ សម្តេចតេជោបានបញ្ជាក់ទៀតថាការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន ក្នុងគោលដៅដើម្បីបង្ការកុំឱ្យមានព្រឹត្តិការណ៍ស្ថានភាពបែបនេះកើតឡើងសារជាថ្មីទៀត។

២) សម្ដេចតេជោ ក៏បានគូសបញ្ជាក់អំពីការចូលរួមរបស់ប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។ កម្ពុជាត្រៀមក្នុងការចូលរួមបន្ថែមនៃកងទ័ពចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ហើយសម្ដេចក៏បានអរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

៣)សម្ដេចតេជោបានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងក្របខណ្ឌអាស៊ាន ដោយសម្ដេចបានអញ្ជើញ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ២០២២ខាងមុខនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងមានវត្តមាន ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្ត្រី ពីបណ្ដាប្រទេស ជាដៃគូសន្ទនារបស់អាស៊ាន។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍អបអរសាទរ ចំពោះភាពជោគជ័យដ៏អស្ចារ្យនៃតុលាការខ្មែរក្រហមនេះ។ ឯកឧត្តមមានការចងចាំច្បាស់ណាស់ថា សម្ដេចតេជោបានដឹកនាំផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាមួយនឹងការជួយរបស់ប្រទេសវៀតណាម។ ដូច្នេះក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា នេះជាការងារមួយដែល ឯកឧត្តមបានចងចាំយ៉ាងច្បាស់ ។ ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា យើងពិតជារីករាយយ៉ាងក្រៃលែង ចំពោះកម្ពុជាដែលបានចូលរួមក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិកន្លងទៅនេះ។ ពាក់ព័ន្ធទៅនឹងបញ្ហា កិច្ចប្រជុំអាស៊ានខាងមុខនេះ ឯកឧត្តម នឹងពិចារណានៃការចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខនេះ ពីព្រោះកន្លងទៅនេះ ឯកឧត្តមក៏ធ្លាប់មកប្រទេសកម្ពុជាផងដែរ តែក្នុងនាមជាអ្នកទេសចរណ៍ ដូច្នេះ ឯកឧត្តមពិតជាចង់ត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី ជាពិសេស ឯកឧត្តមនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង