ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍២លើកនៅស្រុកពួកនិងស្រុកជីក្រែង បណ្ដាលឲ្យមនុស្សស្លាប់២នាក់

62


សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន២ករណី គឺកើតឡើងនៅក្នុងភូមិសាស្ត្រស្រុកជីក្រែង១ករណី និង១ករណី ទៀតកើតឡើងនៅក្នុងភូមិសាស្ត្រស្រុកពួក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។
មន្ទីរព័ត៌មានខេត្តសៀមរាបបានឲ្យដឹងទៀតថា ករណីនៅក្នុងស្រុកពួក គឺនៅវេលាម៉ោង២១និង៥០នាទី គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូបុកម៉ូតូកង់បីពីក្រោយ នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោកស្នួល ឃុំខ្នាត បង្កដោយម៉ូតូម៉ាកនិចពាក់ស្លាកលេខ សៀមរាប 1R – 3643 បើកបរដោយឈ្មោះ ណៃ និច្ច ភេទប្រុស អាយុ៣៨ឆ្នាំ ស្លាប់នៅនឹងកន្លែង រស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក បើកពីទិសខាងកើតទៅទិសខាងលិច បើកបរខ្វះការប្រុងប្រយ័ត្ន បានបុកម៉ូតូរឺម៉ក ពីក្រោយ ដែលបើកបរដោយឈ្មោះ យូ វណ្ណារា ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិគោកត្រាច ឃុំខ្នាត ស្រុកពួក ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញនគរបាល បានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកពួក រីឯសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកម្ចាស់ម៉ូតូរឺម៉កបានគេចខ្លួនបាត់។

ចំពោះករណីក្នុងស្រុកជីក្រែង គឺ នៅវេលាម៉ោង១៨និង៣០នាទី គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចំណុចផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិដូន្យរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង រវាងរថយន្តមិនស្គាល់អត្តសញ្ញាណ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយសាររត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ មានទិសដៅពីកើតទៅលិច បានបុកកង់ពណ៌ខៀវ ប្រភេទទូកស្រី អ្នកជិះកង់ឈ្មោះ វត់ គឹមលាក់ភេទប្រុស អាយុ១២ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ មានទីលំនៅភូមិដូន្យរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ទិសដៅឆ្លងកាត់ថ្នល់មិនប្រុងប្រយ័ត្នពីត្បូងទៅជើង ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញនគរបាលស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះពិនិត្យវាស់វែងកន្លែងកើតហេតុ ដោយតាមស៊ើបអង្កេតស្រាវជ្រាវរករថយន្ត រីឯសព បានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង