ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត​នៅខេត្តបាត់ដំបង​ ចាប់ផ្តើមបម្រើសេវាជូនពលរដ្ឋ

65


បាត់ដំបង៖ ការប្រយុទ្ធនឹងជំងឺឆ្កែឆ្កួត គឺជាកិច្ចការមួយសំខាន់ ដែលក្រសួងសុខាភិបាល នៃព្រះរាជាណា​ចក្រ​កម្ពុជា ផ្តោតការយកចិត្តទុកដាក់។ ជាក់ស្តែង នៅថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០១៨​ មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតខេត្តបាត់ដំបង​ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយលោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ អគ្គនាយកបច្ចេកទេសសុខាភិបាល​ ។

លោកស្រីអគ្គនាយកបច្ចេកទេសសុខាភិបាល​ បានថ្លែងនូវការគោរព និងរំលឹកគុណូបការ:ដ៏ថ្លៃថ្លាបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានផ្តល់នូវកិច្ចគាំពារសុខភាព និងសង្គមជាតិសម្រាប់ប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រទេសរីកចម្រើន និងការរស់នៅ របស់ប្រជាជនបានប្រកបដោយសុខសន្តិភាព ពេញលេញ ដូចបច្ចុប្បន្ននេះ។​

លើសពីនេះ​ លោកស្រី បានបញ្ជាក់ថា​ ៖ក្រសួងសុខាភិបាល​ បានដាក់គោល​ដៅ​កាត់​បន្ថយ ឱ្យនៅ​កំរិត​អប្បរមា​ នូវជំងឺដែលចម្លង​តាម​រយៈសត្វឆ្កែឆ្កួតដ៏គួរឱ្យខ្លាចនេះ ដោយជំងឺនេះនឹងបន្តសម្លាប់ជីវិត​មនុស្ស​ជាច្រើន នាក់​​ក្នុង១ឆ្នាំៗ។ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលមាន លោក​​សាស្ត្រាចារ្យ​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជាប្រធានក្រុមប្រឹក្សា​ទំនាក់ទំនង (Conseil de Liaison) បាន​ផ្តល់​ថ្នាំ​បង្ការ​ដល់​អ្នករងគ្រោះ ដោយសត្វខាំប្រមាណជាង ២២​០០០នាក់ក្នុង១ឆ្នាំ ដែលក្នុងនោះ​ភាគ​​ច្រើន​ជា​កុមារ។ ថ្នាំបង្ការជំងឺឆ្កែឆ្កួត មានប្រសិទ្ធភាពខ្ពស់ណាស់ ប៉ុន្តែក្នុងករណីឆ្លង​ជំងឺ​ឆ្កែឆ្កួត ហើយមាន​ចេញ​ជា​រោគ​សញ្ញានោះ គឺការវិវត្តទៅរកសេចក្តីស្លាប់ ក៏ខ្ពស់ណាស់ដែរ ប្រសិនបើមិនបានទទួលថ្នាំបង្ការ​ ក្រោយ​សត្វខាំទេនោះ។​ អ្នករងគ្រោះដោយសត្វខាំ នៅក្នុងបណ្តាខេត្តនានា ដូចជាខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយ​មានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តពោធិសាត់ ពិបាកក្នុងការស្វែង​រក​សេវា​ដល់​​រាជធានី​ភ្នំពេញ ដែលមានចម្ងាយឆ្ងាយ ហើយត្រូវការពេលធ្វើដំណើរក៏យូរដែរ។​ ដូច្នេះ​ ការដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតនាថ្ងៃនេះ​ គឺជាការអនុវត្តន៍តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦ នៃរដ្ឋសភា​ ក្នុងការបង្ខិតសេវាបងការជំងឺ​ ឲ្យកាន់តែខិតទៅជិត ប្រជាពលរដ្ឋនៅពេលដែលពួកគាត់ ត្រូវការ​ អាចមកមជ្ឈមណ្ឌលនេះ បានដោយពុំចាំបាច់ធ្វើណើរទៅឆ្ងាយ ដូចពេលមុនៗទៀតនោះឡើយ។

គួរកត់សម្គាល់ថា​ ​មជ្ឈមណ្ឌល​បង្ការជំងឺឆ្កែឆ្កួតនៅខេត្តបាត់ដំបងនេះ​ គឺដោយមានកិច្ចសហការ រវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមួយមន្ទីរសុខាភិបាលខេត្ត និងអនុវត្តតាម​និយាម​​បច្ចេកទេសបង្ការជំងឺ ដូចនៅវិទ្យាស្ថានប៉ាស្ទ័រ នៅភ្នំពេញដែរ ដើម្បីអាចការពារប្រជាជន ក្នុង​ខេត្ត​បាត់ដំបង​ផ្ទាល់ ក៏ដូចជា ក្នុងខេត្តជិតខាង​នានា​ ដែលពួកគាត់អាចស្វែងរក សេវាបានឆាប់​ជាងការ​ធ្វើ​ដំណើរ​ឆ្ងាយ​ពេក។

លោកស្រី ក៏​បានថ្លែងអំណរគុណ ​ដល់​វិទ្យាស្ថានប៉ាស្ទ័រ ចំពោះ​កិច្ចសហការដ៏មានសារប្រយោជន៍នេះ ដែលជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា ហើយ​ជាក់​ស្តែងថ្ងៃនេះ ដែលយើងទាំងអស់គ្នាបាន និងកំពុងចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការនូវ​មជ្ឈ​មណ្ឌល​​នេះស្រាប់​ ដើម្បីបម្រើសេចក្តីត្រូវការជូនប្រជាពលរដ្ឋ មជ្ឈមណ្ឌលនេះ ​ត្រូវ​បាន​ដំណើរ​ការ​តាំង​ពីខែកក្កដា ឆ្នាំ២០១៨ ដោយបានការឯកភាព ពីមន្ទីរសុខាភិបាល​ខេត្ត និង​ប្រើប្រាស់អគារ​អតីត​មជ្ឈមណ្ឌល​ផ្តល់ឈាមខេត្តបាត់ដំបង ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត។

មជ្ឈមណ្ឌលនេះក៏មានគោលដៅបណ្តុះបណ្តាល ផ្តល់ចំណេះដឹង និងផ្សព្វ​ផ្សាយជូនដល់​អាជ្ញាធរ និងប្រជាពលរដ្ឋ​អំពីជំងឺឆ្កែឆ្កួត និងអំពីវិធីចៀសវាងផ្សេងៗអំពីជំងឺនេះផងដែរ។ ក្នុងន័យនេះលោកស្រី បានស្នើជំរុញឱ្យ មានការ​គាំទ្រពីផ្នែក​ផ្សេងៗ​ទៀត និងពីប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់​មជ្ឈមណ្ឌល​នេះ ឱ្យបានច្រើន ដើម្បីជាផលប្រយោជន៍ ការពារជំងឺឆ្កែឆ្កួត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកថា នៅរាជធានីភ្នំពេញ​ មានមជ្ឈមណ្ឌលបែបនេះ២កន្លែង គឺនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ និងនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ។ រីឯមជ្ឈមណ្ឌលដែលសម្ពោដាក់ប្រើប្រាស់នៅខេត្តបាត់ដំបងនាថ្ងៃនេះ​ គឺជាមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតទី៣​ ។

លោកស្រី ញឹក​ សាគន្ធ​ អភិបាលរងខេត្តបាត់ដំបង​ បានសម្តែងនូវការគាំទ្រ ក្នុងនាមអាជ្ញាធរខេត្ត​ ហើយអំពាវនាវ ឲ្យប្រជាពលរដ្ឋមកប្រើប្រាស់សេវា ចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត នៅទីនេះផងដែរ។

លោកប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលោកបណ្ឌិត Didier FONTENILLE ក៏បានសំដែងនូវអំណរគុណ ជូនដល់លោក​​សាស្ត្រាចារ្យ​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលជានិច្ចកាលតែងតែគាំទ្រ​ លើកទឹកចិត្ត​ និងជម្រុញ កិច្ចសហប្រតិបត្តិការ ចេញជាផ្លែផ្កាដូចយើងបានឃើញ នូវសមិទ្ធផលនាថ្ងៃនេះស្រាប់​ ហើយនឹងបន្តសកម្មភាព បង្កា្ករជំងឺឆ្កែឆ្កួតនេះ ឲ្យកាន់តែទូលំទូលាយលាយថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង