កម្ពុជានិងអ៊ីរ៉ង់នឹងចុះ MOUលើវិស័យកីឡានិងទេសចរណ៍
ភ្នំពេញ៖ ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នឹងអាចធ្វើឡើងរវាងកម្ពុជានិងប្រទេសអ៊ីរ៉ង់លើវិស័យទេសចរណ៍និងកីឡានាពេលខាងមុខ
ឆាប់ៗនេះស្របពេលដែលកម្ពុជាកំពុងតម្រង់ទិសយ៉ាងមោះមុតឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
នេះជាការគូសបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅក្រោយបញ្ចប់ជំនួបរវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ដែលបានអនុញ្ញាតឲ្យប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់ លោក Mahmoud Khosravi Vafa ចូលជួបសម្តែងការគួរសម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ម្សិលម៉ិញនេះ។
ឯកឧត្តមវ៉ាត់ចំរើនគូសបញ្ជាក់ថាក្នុងឱកាសចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ លើកទី៤១ ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០២២ នៅភ្នំពេញ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់ បានស្នើសុំជួបប្រធាន NOCC ឯកឧត្តមបណ្ឌិត ថោង ខុន ដើម្បីពិភាក្សាការងារមួយចំនួន លើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យកីឡា ក៏ដូចជាផ្លាស់ប្តូរយោបល់រិតចំណងសាមគ្គីភាពមិត្តភាពនៃគណៈកម្មាធិការជាតិនៃប្រទេស
ទាំងពីរ កម្ពុជា-អ៊ីរ៉ង់។
ឯកឧត្តមបណ្ឌិតថោង ខុនក៏បានថ្លែងអំណរគុណដល់អូឡាំពិកអ៊ីរ៉ង់ដែលតែងតែផ្តល់
ការគាំទ្រដល់កម្ពុជានាពេលកន្លងមក។ជាក់ស្តែងគ្រូបង្វឹកការ៉ាតេមកពីប្រទេសអ៊ីរ៉ង់និងគ្រូចំ
បាប់ដែលមានគុណវុឌ្ឍខ្ពស់មកចែករំលែកដល់អត្តពលិកជម្រើសជាតិកម្ពុជា។ការផ្លាស់ប្តូរយោបល់នេះ ផ្តោតសំខាន់លើវិស័យទេសចរណ៍ផង និងកីឡាផង។ កិច្ចពិភាក្សាគ្នានេះ នឹងឈានដល់អនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងពេលវេលាសមស្របណាមួយ នាពេលខាងមុខឆាប់ៗនេះ។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់ បានអញ្ជើញឯកឧត្តមបណ្ឌិត ថោង ខុន ទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់នាពេលខាងមុខដើម្បីស្វែងរកពេលវេលាសមស្របណាមួយចុះ MOU នៃប្រទេសទាំងពីរលើវិស័យកីឡា-ទេសចរណ៍។ ការចុះ MOUនេះ នឹងអាចធ្វើឡើង ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ឯកឧត្តមវ៉ាត់ចំរើនសង្កត់ធ្ងន់ថាអ្វីជាការកត់សម្គាល់គឺប្រទេសអ៊ីរ៉ង់មានសក្តានុពលខ្លាំង លើប្រភេទកីឡាប្រយុទ្ធ។ ដូច្នេះហើយ ទើបឯកឧត្តមបណ្ឌិត ថោង ខុន បានស្នើឲ្យភាគីអ៊ីរ៉ង់ ជួយឧបត្ថម្ភគាំទ្របន្ថែម លើការអភិវឌ្ឍវិស័យកីឡាជូនដល់កម្ពុជា ឲ្យកាន់តែល្អប្រសើរ ខណៈកម្ពុជាកំពុងត្រៀមខ្លួនយ៉ាងក្លៀវក្លាត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តដំបូងរបស់ខ្លួន។
ឯកឧត្តមអគ្គលេខាធិការ ក៏បានបង្ហាញនូវក្តីសង្ឃឹមថា កីឡាកម្ពុជា និងកីឡាអ៊ីរ៉ង់ នឹងសហប្រតិបត្តិការគ្នាយ៉ាងល្អហើយពង្រឹងបាននូវគុណភាពបច្ចេកទេសកម្រិតខ្ពស់ដែលអាចចូលរួមប្រកួតប្រជែងក្នុងកម្រិតពិភពលោកបាន។
កិច្ចសន្ទនាគ្នានេះ ទទួលបានលទ្ធផលជាផ្លែផ្កាល្អ ដែលនឹងអាចឈានដល់ការចុះ MOUជាមួយគ្នាឲ្យបានឆាប់រហ័សដើម្បីត្រៀមបង្កើនគុណភាពបច្ចេកទេសរបស់ប្រភេទកីឡាមួយចំនួនត្រៀមប្រកួតប្រជែងមេដាយស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ក្នុងឋានៈជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់ ជាលើកដំបូងនេះ៕