ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន គឺជាក្តីសង្ឃឹមរបស់បងប្អូនខ្មែរអាមេរិកាំង

106


នៅរសៀលថ្ងៃមិញនេះ ក្រោយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញមកដល់ សណ្ឋាគារស្នាក់នៅ ក្នុងទីក្រុងញ៉ូវយ៉កភ្លាម គឺមានបងប្អូនខ្មែរដែលជា តំណាងសហគមមកពីតាមបណ្តារដ្ឋនានា និងក្រុមគ្រួសារបងប្អូនដែលគោរពស្រឡាញ់ សម្តេចតេជោ ជាច្រើននាក់បានមកទទួលស្វាគមន៍យ៉ាងរាក់ទាក់និងកក់ក្តៅបំផុត។ ទន្ទឹមនឹងនោះគឺមានបងប្អូនមួយចំនួនបានមករង់ចាំសម្តេចពីបីថ្ងៃមកហើយ។ យើងឃើញបងប្អូនមានទឹកមុខញញឹមសប្បាយរីករាឈររង់ចាំឱប ថើប ចាប់ដៃ និងថតរូបជាអនុស្សាវរីយ៍យ៉ាងកងរំពុង ចាប់ពីមាត់ទ្វារសណ្ឋាគាររហូតដល់ជណ្តើរយន្តឡើងទៅកាន់បន្ទប់។

ឮគេថា មិនស្មើនឹងបានជួប បានឃើញ និងបានស្តាប់ប្រសាសន៍ សម្តេចតេជោនាយករដ្ឋមន្រ្តីដោយផ្ទាល់ឡើយ។ ទោះបីនៅទីណាក៏ដោយ គឺ សម្តេចតេជោ ហ៊ុន សែន ស្រឡាញ់បងប្អូន និងចាត់ទុកបងប្អូនខ្មែរទាំងអស់ជាមហាគ្រួសាររបស់កម្ពុជា។ តាមកម្មវិធី គឺនៅថ្ងៃទី ២៩ កញ្ញា នេះ សម្តេចប្រមុខដឹកនាំនឹងអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនខ្មែរអាមេរិកាំងមកពីតាមបណ្តារដ្ឋនានាជាច្រើនពាន់នាក់ទៀតផង។

នៅម៉ោង៣:៥៥នាទីរសៀល ថ្ងៃទី២៧ កញ្ញា ម៉ោងនៅទីក្រុងញ៉ូយ៉ក (New York, USA) ត្រូវនឹងម៉ោង២:៥៥នាទីទាបភ្លឺ ថ្ងៃទី២៨កញ្ញា ម៉ោងនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមកដល់ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ប្រកដោយសុវត្តិភាពហើយដើម្បីអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។តាមកម្មវិធីគឺ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញថ្លែងសុន្ទរកថាទៅ កាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ (UN)នៅថ្ងៃទី២៨កញ្ញា។

អញ្ជើញមកទទួលសម្តេចតេជោ ហ៊ុន សែន គឺមានវត្តមាន លោក កែ សុវណ្ណ ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍ របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ មន្រ្តីជាន់ខ្ពស់អង្គការ សហប្រជាជាតិជាច្រើនរូប និងប្រជាពលរដ្ឋដែលជា តំណាងសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក និងកាណាដាជាច្រើននាក់ទៀតផង៕

អត្ថបទដែលជាប់ទាក់ទង