ព្រះរាជសារព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ បានដឹកនាំបើកសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅវិមានរដ្ឋភា។
នៅក្នុងព្រះរាជាសារផ្ញើជូនសម័យ្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកោតសរសើរនិងអរគុណចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំព្រមទាំងសមាជិក សមាជិការដ្ឋសភាទំាងអស់ ក្នុងភារកិច្ចដឹកនាំស្ថាប័ននីតិប្បញ្ញត្តិលើការងារអនុម័តច្បាប់នានា ដើម្បីឲ្យមានសង្គតិភាពទៅនឹងបរិយាកាសនយោបាយ ស្ថានភាពសង្គម និងស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះរដ្ឋសភាបានចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវនូវចំណុចវិជ្ជមាន អវិជ្ជមាន និងវិធីសាស្រ្តនានាដាក់ឲ្យអនុវត្តក្នុងដំណាក់កាលប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ-១៩ បានដោយជោគជ័យ។
ព្រះករុណាមានព្រះអង្គការបន្ថែមថា សមិទ្ធផលទំាងនេះបានបង្ហាញអំពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋគ្រប់រូបប្រាថ្នាចង់បានប្រកបដោយស្នាមញញឹម សប្បាយរីករាយនិងការរីកចម្រើនជាលំដាប់។
អង្គម្ចាស់ជីវិតដម្កល់លើត្បូង បានសព្វព្រះទ័យជាខ្លំាងនៅពេលដែលបានឃើញព្រះរាជាណាចក្រកម្ពុជាយើង បានបើកប្រទេសឲ្យដំណើរការងារគ្រប់វិស័យជាប្រក្រតីឡើងវិញក្រោយកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរនិងការគិតដ៍វាងវៃរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគំាទ្រពីប្រជាជពលរដ្ឋទូទំាងប្រទេស ព្រមទំាងដៃគូសហការនានា រួមទំាងរដ្ឋសភាផងដែរ ដើម្បីប្រយុទ្ធប្រឆំាងជំងឺរាតត្បាតកូវីដ-១៩នាពេលកន្លងមកនេះ។
សូមជម្រាបថា សម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ មានរបៀបវារៈចំនួន៥ រួមមាន៖
១- ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦។
២- របាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៧ និងលើកទី៨ នីតិកាលទី៦។
៣- ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ចំនួន ២ រូប មាន ឯកឧត្តម ហេង ប៊ុនថាន់ ជាតំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី ជំនួស ឯកឧត្តម ប៊ូ ឡាំ ដែលបានទទួលមរណភាព និងឯកឧត្តម នុត ជា ជាតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ជៀប ស៊ីវន ដែលបានទទួលមរណភាព។
៤- ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម ចាន់ យឿន ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងលោកជំទាវ ស៊ុន សាភឿន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា។
៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕