លើកទម្ងន់បន្ទាប់ពី ហាត់២សប្ដាហ៍នៅចិន
ភ្នំពេញ៖ពេនេះរយៈពេលជាង២សប្ដាហ៍ហើយដែលក្រុមកីឡាលើកទម្ងន់កម្ពុជាចេញទៅហាត់រយៈពេលវែងនៅទីក្រុងគួនមីងប្រទេសចិន ។
ការហ្វឹកហាត់នៅប្រទេសចិន ជំហានដំបូងជួបបញ្ហាប្រឈមខ្លះៗ ដូចជាអាកាសធាតុ និងភាសាជាដើម ប៉ុន្តែអត្តពលិកបានបន្សាំខ្លួនបានល្អបណ្តើរៗហើយ ក្រោយបានហ្វឹកហាត់រយៈប្រមាណ២សប្តាហ៍មកនោះ។
អ្នកស្រី ទ្រី ថាវី គ្រូបង្វឹកកីឡាលើកទម្ងន់កម្ពុជា បានប្រាប់ឲ្យដឹងពីទីក្រុងគួនមីងប្រទេសចិនមកថា ចំពោះសិទ្ធផលនៅមិនទាន់វាយតម្លៃបានទេពីព្រោះកាហ្វឹកហាត់នៅចិន
ទើបតែមានរយៈពេលខ្លី។ទោះជាយ៉ាងណាបើនិយាយពីសម្ភារៈសម្រាប់ការហ្វឹកហាត់គឺនៅចិនមានកម្រិតស្តង់ដា។ ជាពិសេសគឺមានគ្រូជំនាញច្បាស់លាស់មានផែនការហ្វឹកហាត់ត្រឹម
ត្រូវបច្ចេកទេសថ្មីគឺវាស្របទៅតាមនិយាមបច្ចេកទេសអន្តរជាតិដែលអាចខុសពីកម្ពុជាខ្លះដែរ។
អ្នកស្រីគ្រូបង្វឹកបន្តថាប៉ុន្តែកីឡាករកីឡាការិនីគឺឆាប់ចាប់បាននូវអ្វីដែលគ្រូជំនាញចិន
ផ្តល់ឲ្យ ដោយសារកាហ្វឹកហាត់ដំបូងនេះ គឺចាប់ផ្ដើមធ្វើតេស្តបច្ចេកទេស សមត្ថភាព និងកាយសម្បទាដើម្បីឲ្យគ្រូយល់ពីកម្រិតសមត្ថភាពរបស់អត្តពលិកកម្ពុជាមុនពេលដាក់ផែនការហ្វឹកហាត់ជាក់លាក់ឲ្យស្របតាមកម្លាំង និងសមត្ថភាពរបស់ពួកគេ។
អ្នកស្រីទ្រីថាវីរំពឹងថាការហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិននឹងអាចមានលទ្ធផលល្អនៅស៊ីហ្គេមឆ្នាំ២០២៣ពីព្រោះកីឡាករកីឡាការិនីសុទ្ធតែមានឆន្ទៈខ្ពស់ក្នុងការហ្វឹកហាត់ដែលពីមួយថ្ងៃទៅមួយថ្ងៃ គ្រូបង្វឹកចិនបានបន្ថែមគីឡូ និងបង្ហាញរបៀបលើកថ្មីៗ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២ក្រោមមជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិ១៦១នាក់ លើ១២ប្រភេទកីឡា ទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេល៦ខែ រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣។
យ៉ាងណា ក្រោយបញ្ចប់បេសកកម្មសម្រាប់ស៊ីហ្គេម បើសិនគ្មានការប្រែប្រួលនោះទេ អត្តពលិកជម្រើសជាតិកម្ពុជានឹងត្រឡប់ទៅហាត់នៅចិនបន្ដទៀតរហូតចប់កិច្ចព្រមព្រៀង
រយៈពេល២ឆ្នាំ។ក្នុងនោះក៏មានគ្រូបង្វឹកនិងអត្តពលិកកីឡាលើកទម្ងន់សរុប១០នាក់ទៀតផង។
សម្រាប់កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានត្រៀម១៤វិញ្ញាសាផ្នែកបុរស៧វិញ្ញាសានិងផ្នែកនារី៧វិញ្ញាសាធ្វើការប្រកួតប្រជែងជាមួយក្តីរំពឹងមេដាយមាសមួយគ្រឿងតាមសន្ទស្សន៍របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ២០២៣៕