ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី នៅផ្សាររុងរឿង ពលរដ្ឋលើកឡើងពីកង្វល់មួយចំនួនជុំវិញជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីចង់អោយមានដំណោះស្រាយ

59

 

ភ្នំពេញ៖ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងផ្សាររុងរឿង(OCIC)សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា
នៅព្រឹកថ្ងៃទី០៦តុលានេះ ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាការឡើងថ្លៃសំរាម ការសុំតបណ្តាញទឹកស្អាត ការសុំដោះស្រាយបញ្ហាបើកផ្លូវសាធារណៈ និងការលើកឡើងជម្រុញអោយអាជ្ញាធរលុបបំបាត់ល្បែងស៊ីសងនិងគ្រឿងញៀនជាដើម ។
វេទិកានេះធ្វើឡើងក្រោមវត្តមានលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកឃ្លាំង ហួតអភិបាលរងរាជធានី តំណាងអោយលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

ក្នុងវេទិកាសាធារណៈនេះប្រជាពលរដ្ឋបានលើកឡើងពីកង្វល់របស់ខ្លួនជាច្រើន មានទាំងបញ្ហាការឡើងថ្លៃសំរាមពី៤០០០រៀលមក១ម៉ឺនរៀល ការសុំតបណ្តាញទឹកស្អាតនៅភូមិបាក់ខែង សង្កាត់ព្រែកលាប ការសុំដោះស្រាយបញ្ហាបើកផ្លូវសាធារណៈ និងការលើកឡើងជម្រុញអោយអាជ្ញាធរលុបបំបាត់ល្បែងស៊ីសងនិងគ្រឿងញៀននិងសូមជួយដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង នៅតំបន់មួយចំនួននៅក្នុងខណ្ឌជ្រោយចង្វា។

ប្រជាពលរដ្ឋបានលើកឡើងថា៖ ចំពោះចំណាត់ការរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញលើការបង្ក្រាបបទល្មើសល្បែងស៊ីសងនិងកុងស៊ីបញ្ចាំខុសច្បាប់ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងពេញទំហឹងនិងជម្រុញអោយបន្តបង្ក្រាបអោយទទួលបានជោគជ័យបន្ថែមទៀត។

លោកឃ្លាំង ហួតអភិបាលរងរាជធានី បានមានប្រសាសន៍ថា៖ ជុំវិញបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញ មិនបានព្រងើយកន្តើយឡើយគឺបានដោះស្រាយជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋ រួមទាំងចំណាត់ការបន្ទាន់ និងការដាក់ផែនការដើម្បីរំដោះការលិចលង់នេះ។
លោកបញ្ជាក់ផងដែរថា៖ សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦តុលានេះ មានសំណើ សំណួរ សំណូមពរផ្ទាល់មាត់ចំនួន១៣នាក់ស្មើនឹង១៦បញ្ហា និងសំណើ សំណួរ សំណូមពរក្នុងប្រអប់សំបុត្រចំនួន១៦ បញ្ហា។ លោកបន្តថា រាល់បញ្ហាដែលបានលើកឡើងផ្ទាល់មាត់របស់បងប្អូន យើងសន្យាដោះស្រាយជូនភ្លាម។ ចំពោះអ្វីដែលយើងដោះស្រាយមិនទាន់បាន យើងនឹងសុំគោលការណ៍ដោះស្រាយនៅពេលក្រោយទៀត។ លោកបន្តថា រាល់មតិយោបល់ និងការលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនានារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកម៉ប់ សារិន វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ មានដូចជា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច៕

អត្ថបទដែលជាប់ទាក់ទង