ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ណែនាំអោយមន្ទីរសាធារណការ ធ្វើការជួសជុលផ្លូវ អ៊ុតកៅស៊ូ លាបគំនូសចរាចរ ជាមួយនិងការតុបតែង ខណៈកម្ពុជាត្រូវធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូល និងការប្រកួតកីទ្បាស៊ីហ្គេម

69

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការតុបតែងលំអ បំពាក់ភ្លើងពណ៌ ផ្កាភ្ញី តាមបង្គោលភ្លើង សួនច្បារ និងដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ លាបថ្នាំខឿនចែកទ្រូងផ្លូវ ព្រមទាំងជួសជុលផ្លូវសំបុកមាន់ រៀបការ៉ូឡា ដាក់លូនៅទីតាំងមួយចំនួនដែលរងការខូចខាត ពិសេសរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញរហូតដល់ព្រំប្រទល់ខេត្តកណ្ដាល
ជាមួយនឹងការណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ចូលរួមសហការ ខណៈដែលយើងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។
ការណែនាំបែបនេះបានធ្វើឡើងនារសៀល
ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យត្រៀមសហការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំនេះលោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្រោយបញ្ចប់រដូវវស្សាយើងតែងតែធ្វើការជួសជុលផ្លូវឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ តែសម្រាប់ឆ្នាំនេះវាពិសេសថែមទៀត នោះគឺយើងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ថែមទៀត ដែលការងារនេះយើងត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់។ លោកឃួង ស្រេង បន្ថែមថា ការងារមួយនេះមិនមែនពឹងតែលើមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនោះទេ ដាច់ខាតត្រូវតែមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤សហការនិងចូលរួម ទើបការងារនេះដំណើរការទៅដោយរលូន ដូចជាត្រូវត្រួតពិនិត្យមើល ផ្លូវ លូ អំពូលភ្លើងដែលខូច របាំងថ្មពុះចែកទ្រូងផ្លូវដើម្បីរាយការណ៍អោយមានការជួសជុលឡើងវិញ ។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ យើងមានព្រឹត្តកាេណ៍ធំៗជាច្រើន ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ថែមទៀត ។ ដូច្នេះការងារដែលយើងត្រូវអនុវត្តនោះ គឺរួមគ្នាធ្វើយ៉ាងណាអោយភ្នំពេញមានសោភណ្ឌភាពស្រស់ស្អាត ដើម្បីទទួលប្រតិភូ ដល់ជាង៤០ប្រទេសដែលត្រូវមកប្រជុំនៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កំណាត់ផ្លូវចំនួន៥៦ខ្សែ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងជួសជុលកែលំអរអោយប្រសើរឡើង ក្នុងនោះសម្រាប់ មហាវិថីធំៗ ដែលបាននិងកំពុងជួសជុល មានដូចជាផ្លូវស៊ីសុវត្ថិ ផ្លូវ៤៧ សហព័ន្ធរុស្ស៊ី ផ្លូវជាតិ៦អា និងផ្លូវមេគង្គជាដើម ហើយការងារនឹងត្រូវបញ្ចប់១០០% ចុងខែនេះហើយ។ សម្រាប់ការងារតុបតែងផ្កា សួនច្បារ ភ្លើងបំភ្លឺ ក៏ជាការងារចំបងដែលត្រូវអនុវត្តអោយបានប្រសើរឡើងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង