ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃ សាធារណរដ្ឋកូរ៉េ និងភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យការ អិនុវត្តគម្រោងធ្វើឱ្យប្រសើឡើងវិញផ្លូវជាតិលេខ២ និងលេខ២២ ឈានទៅសម្រេចបានលទ្ធផលល្អប្រសើរ

82

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាការងារសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកគ្រប់គ្រងគម្រោង លោកស្រី Minnie Chey នាយិកាមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច(EDCF) តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមហ៊ុនម៉ៅការសាងសង់ Hanshin Engineering & Construction Co., Ltd ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ព្រមទាំងមន្រ្តីបច្ចេកទេសពាក់ព័ន្ធមួយចំនួន។

ជំនួបពិភាក្សានេះ ភាគីទាំងពីរ (កម្ពុជា-កូរ៉េ) បានលើកយកបញ្ហាប្រឈមដែលបានកើតឡើង មកជជែកពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ក៏ដូចជាការស្តាប់សំណូមពររបស់ក្រុមហ៊ុនម៉ៅការសាងសង់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួបប្រទះក្នុងការបំពេញការងាររបស់ខ្លួននាពេលកន្លងមក ដើម្បីស្នើសុំអនុសាសន៍ណែនាំបន្ថែម ក្នុងគោលបំណងជំរុញឱ្យការអនុវត្តគម្រោងធ្វើឱ្យប្រសើឡើងវិញផ្លូវជាតិលេខ២ និងលេខ២២អាចសម្រេចបាននូវលទ្ធផលល្អប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្តល់អនុសាសន៍ណែនាំល្អៗដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវបន្តអនុវត្តការងារ និងដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងដោយស្មារតីទទួលលខុសត្រូវខ្ពស់ និងមិនបណ្តែតបណ្តោយឱ្យបញ្ហាប្រឈមទាំងអស់ជះផលប៉ះពាល់ដល់ការអនុវត្តគម្រោងការងារ ដែលជាកត្តាអវិជ្ជមានធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវនេះ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ ក្នុងនាមប្រធានគណៈប្រតិភូ រួមជាមួយតំណាងមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច(EDCF) និងក្រុមហ៊ុនម៉ៅការសាងសង់ បានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានា និង​ជំរុញ​ឱ្យការអនុវត្តគម្រោងសម្រេចបានជោគជ័យប្រកបដោយគុណភាព និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសាងសង់ដែលបានកំណត់នៅក្នុងសៀវភៅបន្ទុកការងារ។

គួររម្លឹកដែរថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងលេខ២២នេះ ប្រើប្រាស់ថវិកា ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង