ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្រ្តី ជា​ សុផារ៉ា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅ​ ក្នុងឃុំព្រះដាក់​ ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប​

90

 

សៀមរាប ៖ នាព្រឹកថ្ងៃសុក្រ ទី៧ ខែតុលា​ ឆ្នាំ២០២២​ ឯកឧត្តម ជា​ សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និង​ជា​ប្រធាន​ក្រុម​ការងារ​តម្រង់​ទិស​ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅ​ ក្នុងឃុំព្រះដាក់​ ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប​ ។

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មានប្រសាសន៍ថា ក្នុងនាមឯកឧត្តមជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសដែលមានភារកិច្ចរៀបចំរាជធានី បណ្ដាខេត្ត ទីប្រជុំជន ខណ្ឌ ស្រុក ឃុំ និងភូមិរបស់ប្រជាពលរដ្ឋដើម្បីឲ្យស្របទៅតាមផែនការនគររូបនីយកម្ម មានន័យថារាល់ការសាងសង់ត្រូវធានាបាននូវគុណភាព សោភ័ណភាព និងត្រូវមានហេដ្ឋារចនាសម្ព័ន្ធសមស្រប រួមនិងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវបានចុះបញ្ជីទទួលស្គាល់ថាប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិដីធ្លីដើម្បីធានាបាននូវសុវត្ថិភាពមិនឱ្យមានការរំលោភបំពាន ហើយប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិនេះ អាចទុកជាមរតកសម្រាប់កូនចៅជំនាន់ក្រោយឬអាចយកទៅដាក់បញ្ចាំ ដើម្បីបានទុនយកមកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ លើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើងផងដែរ ដូច្នេះបណ្ណកម្មសិទ្ធិនេះគឺជាទុនដែលរាជរដ្ឋាភិបាលបានផ្ដល់ជូនប្រជាពលរដ្ឋតាំងពីក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ១៩៧៩ រហូតមកទល់ពេលនេះគឺមានរយៈពេល ៤៣ ឆ្នាំមកហើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ការតម្រង់ទិសនេះគឺមានលក្ខណៈសំខាន់ត្រង់ថា ខេត្តសៀមរាប គឺជាខេត្តមួយដែលជាបណ្ដុំនៃបណ្ដាប្រាង្គប្រាសាទជាច្រើន ដោយបានបង្ហាញអំពីភាពរុងរឿងដ៏អស្ចារ្យ នៃអាណាចក្រខ្មែរតាំងពីបុរាណកាលមក។ បុព្វបុរសដូនតាខ្មែរបានបន្សល់ទុកនៅប្រាង្គប្រាសាទជាកេរមរតកសម្រាប់មនុស្សជំនាន់ក្រោយរហូតមកដល់សព្វថ្ងៃនេះ ហើយភាពល្បីល្បាញដ៏អស្ចារ្យនេះគឺយើងទាំងអស់គ្នាមានមោទនភាពថាយើងបានកើតមកជាកូនខ្មែរ ដូនតាខ្មែរមានបញ្ញាញាណចេះកែច្នៃ ថ្វីត្បិតតែវប្បធម៌អរិយធម៌មានភាពស្រដៀងគ្នាខ្លះទៅនឹងប្រទេសជិតខាងប៉ុន្តែប្រាង្គប្រាសាទដែលមាននៅលើទឹកដីខ្មែរគឺមានចរឹកលក្ខណៈពិសេសដោយឡែកមិនមានការចម្លងពីប្រទេសណានោះឡើយ គឺកើតចេញពីភាពឈ្លាសវៃនិងប៉ិនប្រសប់ក្នុងការកសាងនូវប្រាង្គប្រាសាទ ដែលបន្សល់ទុករហូតដល់សព្វថ្ងៃនេះ ហើយចំណូលរដ្ឋតាមរយៈទេសចរណ៍មានប្រមាណជិត ១០០លានដុល្លារក្នុងមួយឆ្នាំនៅមុនពេលមានការឆ្លងរាតត្បាតពីវីរុសកូវីដ១៩ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ដោយសារគុណបំណាច់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វះស្វែងរកវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលរហូតមកទល់ពេលនេះបានចាក់ជូនប្រជាពលរដ្ឋប្រមាណ ៩៤ភាគរយ នៅទូទាំងប្រទេស ហើយនេះគឺជាតួលេខដ៏ខ្ពស់មួយក្នុងចំណោមបណ្ដាប្រទេសដទៃទៀតនៅលើពិភពលោកដែលមានប្រជាជនបានទទួលវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ច្រើនជាងគេនិងអាចចាត់ទុកថាជាប្រទេសដែលមានសុវត្ថិភាពនិងគិតគូរដល់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះហើយទើបកម្ពុជាអាចមានលទ្ធភាពបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងអាចមានឱកាសជួបជុំគ្នាដូចពេលនេះបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា កាលពីឆ្នាំ១៩៩២ កម្ពុជាបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនូវប្រាសាទអង្គរវត្ត កម្ពុជាជារដ្ឋសមាជិកដែលមានកិត្តិយសបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែលត្រូវមានភារកិច្ចអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ហើយការដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះមិនមែនមានតែប្រាសាទតែមួយមុខនោះទេគឺមានបារាយណ៍ បណ្ដាហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ប្រជាពលរដ្ឋ ព្រៃឈើ កន្លែងស្តុកទឹកដែលចាត់ទុកថាគឺជារមណីយដ្ឋានមួយដ៏ល្អឯកគ្មានពីរលើពិភពលោកនេះ គឺរមណីយដ្ឋានអង្គរដែលទាំងអស់គ្នាមានមោទនភាពថាជាកេរមរតកដែលបានបន្សល់ទុកពីដូនតាខ្មែរ ដូច្នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា យើងមានប្រាង្គប្រាសាទ មានបារាយណ៍សម្រាប់តម្កល់ទឹក មានផ្លូវចេញចូលដែលហៅថាហេដ្ឋារចនាសម្ព័ន្ធ មានអ្វីៗគ្រប់យ៉ាងទាំងនេះជាសោភ័ណភាពដ៏ល្អឯក បង្ហាញអំពីអរិយធម៌ដ៏ធំធេងអង់អាចគ្មានគូប្រៀបលើលោក ហើយយើងទាំងអស់គ្នាគប្បីត្រូវឯកភាពគ្នាថាត្រូវថែរក្សាទ្រព្យសម្បត្តិនេះឱ្យបានគង់វង្ស។ យើងឃើញថាក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះមានសំណង់កកើតថ្មីជាច្រើនប្រមាណ ៤៨០០០គ្រួសារ រីឯសំណង់កើតថ្មីនៅឃុំព្រះដាក់ មាន ២៨៥៩គ្រួសារ គឺមានការកើនឡើងតាមរយៈកំណើនគ្រួសារនិងអ្នកចំណូលថ្មី ដូច្នេះហើយទើបអំពាវនាវឲ្យមានការជួបជុំនាពេលនេះ ជាមួយប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានភូមិទាំង ៦ក្នុងឃុំព្រះដាក់ ដោយឯកឧត្តមបានអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយចាត់ទុកថា សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ គឺជាគោលដែលត្រូវដោះស្រាយ ទាំងប្រជាពលរដ្ឋ ក្នុងឃុំព្រះដាក់និងឃុំទាំង ១៧ ក្នុងស្រុកបន្ទាយស្រី និងឃុំនានា នៅទូទាំងខេត្តសៀមរាប គឺប្រជាពលរដ្ឋត្រូវទទួលបានភាពកក់ក្តៅ ពីរាជរដ្ឋាភិបាលដោយទទួលបានការណែនាំ ឲ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់លាស់ជៀសវាង មានការភាន់ច្រឡំ រឺការលើកឡើង ដោយគ្មានការពិត៕

អត្ថបទដែលជាប់ទាក់ទង