ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហិច្ឆតារអ្នកប្រដាល់សកល បងប្អូនបង្កើត២រូប

125

ភ្នំពេញ៖ កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា វី សុភ័ស និងកីឡាការិនីស្រី វី ស្រីស្រស់ជាប្អូនស្រីបានកំពុងចាប់ដៃគ្នាក្នុងការប្រឡូកអាជីពប្រដាល់សកលដើម្បីនាំលើកមុខលើកមាត់កម្ពុជា លើឆាកអន្តរជាតិ។
ពួកគេទាំងពីរនាក់ជាប្រដាល់សកលជម្រើសជាតិកម្ពុជាដែលមកពីខេត្តកណ្តាល និងសង្ឃឹមលើកមុខមាត់ប្រដាល់សកលកម្ពុជាលើឆាកអន្តរជាតិ។
ត្រកូល ” វី ” សព្វថ្ងៃនេះ ក្នុងចំណោមបងប្អូនមាន៣នាក់ដែលកំពុងចូលប្រឡូកក្នុងអាជីពប្រដាល់សកម្មគឺ ២នាក់ជាអ្នកប្រដាល់សកល និងម្នាក់ទៀតជាកីឡាករប្រដាល់គុនខ្មែរ។
ដោយសារក្រុមគ្រួសារមានជីវភាពខ្វះខាត អ្នកទាំងពីរបានតាំងចិត្តខ្ពស់ដើម្បីឈានទៅរកសមិទ្ធផលធំក្នុងអាជីព។ ពួកគេមិនត្រឹមតែមានការតាំងចិត្តខ្ពស់ដោយខ្លួនឯងប៉ុណ្ណោះទេ សូម្បីក្រុមគ្រួសារ និងសាច់ញាតិក៏លើកទឹកចិត្តពួកគេយ៉ាងខ្លាំងដែរ។
វីសុភ័សដែលមានវ័យ២២ឆ្នាំបាននិយាយថាប្រដាល់ជួយសម្រាលបន្ទុកគ្រួសាររបស់គេច្រើនណាស់។ សព្វថ្ងៃនេះ ពុកម៉ែគេមិនសូវលំបាកដូចមុនទេ។
កីឡាកររូបនេះចូលប្រឡូកក្នុងអាជីពប្រដាល់សកលក្នុងឆ្នាំ២០០៩ និងសង្ឃឹមតំណាងឲ្យកម្ពុជានៅពេលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ បងប្រុសឈ្មោះ វី សាវុធ ដែលអតីតកីឡាករប្រដាល់សកលជាបុគ្គលមានឥទ្ធិពលលើរូបគេក្នុងការចូលអាជីពប្រដាល់នេះ។
សុភ័ស បាននិយាយដោយក្ដី សង្ឃឹមថាថ្ងៃណាមួយរូបគេ នឹងក្លាយជាកីឡាករប្រដាល់អាជីព និងមានកេរ្តិ៍ឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ។
កីឡាកររូបនេះបានឈ្នះជើងឯកថ្នាក់ជាតិក្នុងឆ្នាំ២០២១ និងធ្លាប់ឈ្នះមេដាយប្រាក់២គ្រឿង និងសំរិទ្ធ១គ្រឿងពីការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំមុនៗ។ រូបគេបានចេញទៅប្រកួតលើឆាកអន្តរជាតិលើកដំបូងនៅឆ្នាំ២០១៩នៅព្រឹត្តិការណ៍អន្តរជាតិមួយនៅប្រទេសចិន ហើយពេលនោះទទួលបានមេដាយសំរិទ្ធ។
គេជាកីឡាករដែលជំរុញក្មេងជំនាន់ក្រោយឲ្យចាប់អារម្មណ៍ប្រដាល់សកលច្រើនបាននិយាយថា ៖«ខ្ញុំបានតំណាងឲ្យជាតិលើកដំបូង ហើយបានឈ្នះមេដាយ។ នេះជាសមិទ្ធផលសំខាន់មួយ»។
សុភ័សបន្ថែមថា រូបគេប្តេជ្ញាចិត្តបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ។ «ខ្ញុំសរសើរ កីឡាករប្រដាល់អាមេរិក ប៊្លយ មេវេឌើរ ខ្លាំងណាស់។ គាត់ពូកែកណ្តាប់ដៃ ល្បឿនលឿន ការពារក៏ល្អ វាយបកមានប្រសិទ្ធភាព។ និយាយទៅជំនាញឥតខ្ចោះតែម្តងដែលខ្ញុំរៀនតាម។ ពេលខ្ញុំអាចបង្ហាញសមត្ថភាព ខ្ញុំសង្ឃឹមថា មហាជននឹងគាំទ្រខ្ញុំដើម្បីឲ្យកាន់តែជោគជ័យ»។
ដោយឡែកកីឡាការិនីវ័យ២០ឆ្នាំវី ស្រីស្រស់ដែលជាប្អូនវី សុភ័សបានជម្នះនឹងការជំទាស់របស់ឪពុកម្តាយរហូតទទួលបានការយល់ព្រម និងគាំទ្រពេញទំហឹងក្នុងការចូលហ្វឹក
ហាត់ប្រដាល់។
ស្រីស្រស់ បាននិយាយថា ៖«ពេលបងប្រុសខ្ញុំចូលហាត់ប្រដាល់ ខ្ញុំបានព្យាយាមបញ្ចុះបញ្ចូលពួកគាត់ឲ្យខ្ញុំចូលប្រដាល់ដែរ។ ឥឡូវនេះ ពួកគេគាត់លែងជំទាស់ ហើយក៏សប្បាយចិត្តឃើញខ្ញុំប្រឹងប្រែង»។
តាមពិតទៅ កីឡាការិនីរូបនេះបានឈប់រៀនដើម្បីចូលប្រឡូកក្នុងអាជីពប្រដាល់ពេញលេញ។ ការតស៊ូ និងប្រឹងប្រែងហ្វឹកហាត់របស់កីឡាការិនីជាលទ្ធផលទទួលបានចំណាត់ថ្នាក់លេខ១ពីរដងក្នុងការបកួតជើងឯកថ្នាក់ជាតិ។
ស្រីស្រស់ បានបង្ហាញខ្លួនក្នុងការប្រកួតលើឆាកអន្តរជាតិលើកដំបូងនៅប្រទេសថៃកាលពីឆ្នាំ២០១៩ដែលជាពេលដែលនាងទទួលបានមេដាយសំរិទ្ធ។ទោះជាទទួលបានសមិទ្ធផលខ្លះៗ កីឡាការិនីរូបនេះជឿថា នាងនៅមានពេលវេលាវែងឆ្ងាយទៀតដើម្បីស្វែងជោគជ័យបន្ថែម។
នាងបាននិយាយថា ៖«ខ្ញុំអត់ខ្លាចឈឺចាប់ ឬរបួសទេ។ ខ្ញុំចង់តែម្យ៉ាងគត់គឺក្លាយជាកីឡាការិនីល្អបំផុតតាមដែលអាចទៅរួច»។ដូចបងប្រុសរបស់ដែរ វី ស្រីស្រស់ ក៏ចង់ឃើញក្មេងជំនាន់ក្រោយចូលរួមសកម្មភាពកីឡា និងចាប់អាជីពក្នុងវិស័យកីឡាឲ្យបានច្រើន។
នាងបន្តថា«ខ្ញុំឃើញប្រទេសគេមាននារីចូលប្រឡូកកីឡាច្រើន អីចឹងខ្ញុំចង់ឃើញស្ត្រីខ្មែរចាប់អាជីពកីឡាច្រើនដែរ។ ខ្ញុំជឿពេញទំហឹងថា ស្ត្រីក៏មានសមត្ថភាព និងពូកែខាងកីឡាដែរ»។
សម្រាប់ឥឡូវនេះ បងប្អូនប្រុសស្រីទាំងពីរបានកំពុងហ្វឹកហាត់ និងផ្តោតយកទុកដាក់យ៉ាងខ្លាំងដើម្បីអភិវឌ្ឍខ្លួនសម្រាប់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង៕

អត្ថបទដែលជាប់ទាក់ទង