ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឱ្យក្រុមហ៊ុន ទទួលបន្ទុកជួសជុលស្ថាបនាផ្លូវជាតិលេខ៣ កំណាត់២០គីឡូម៉ែត្រ ធ្វើសកម្មភាពជួសជុលបណ្ដោះអាសន្ន ផ្លូវដែលខូច

72

 

កំពត៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ហើយបានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុន ទទួលបន្ទុកជួសជុលស្ថាបនាផ្លូវជាតិលេខ៣ កំណាត់២០គីឡូម៉ែត្រនេះ ធ្វើសកម្មភាពជួសជុលបណ្ដោះអាសន្នផ្លូវដែលខូច។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់នៅក្នុងដំណើរចុះពិនិត្យនេះ អំពីស្ថានភាពទូទៅនៃកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញដែលមានប្រវែង៥៤គីឡូម៉ែត្រ ក្នុងនោះ៣៤គីឡូម៉ែត្រមានសភាពល្អប្រសើរ និង ២០គីឡូម៉ែត្រទៀតតែងតែខូចជាប្រចាំ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចាត់ឱ្យក្រុមការងារបច្ចេកទេសគម្រោង ធ្វើបទបង្ហាញដោយសង្កត់ធ្ងន់លើបច្ចេកទេសដោះស្រាយ ឆ្លើយតបចំពោះកំណាត់ផ្លូវ២០គីឡូម៉ែត្រដែលតែងតែខូចជាប្រចាំ ដើម្បីធានាថាផ្លូវនេះនឹងមានភាពគង់វង្សយូរអង្វែង បញ្ចៀសនូវការជួសជុលដដែលៗ ម្តងហើយម្តងទៀត។

ផ្លូវ២០គីឡូម៉ែត្រ ដែលមានបញ្ហានេះត្រូវបែងចែកជាពីរកំណាត់ ក្នុងនោះ៖ កំណាត់ ៥គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រនៅផ្នែកខាងក្រោម ចំពោះការងារសាង់សង់គឺតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត២ផ្សេងទៀត ទៅតាមកម្រិតជម្រៅដីស្អុយរួមមានវិធីទម្លាក់សេរីទម្ងន់ ២០០តោន និងវិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង ទើបផ្លូវនេះអាចមានភាពរឹងមាំជាប់បានយូរ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុន ទទួលបន្ទុកជួសជុលស្ថាបនាផ្លូវជាតិលេខ៣ កំណាត់២០គីឡូម៉ែត្រនេះ ធ្វើសកម្មភាពជួសជុលបណ្ដោះអាសន្នផ្លូវដែលខូច មុនពេលទទួលបានថវិកាគម្រោងសាងសង់ធ្វើកំណាត់ផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។
បន្ថែមពីលើនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានឯកភាពលើនីតិវិធីសាងសង់ចំនួនបីសំខាន់ៗ ដែលបានលើកបង្ហាញសម្រាប់ការជួសជុលផ្លូវប្រវែង២០គីឡូម៉ែត្រនេះ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមានភាពរឹងមាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង