ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អូស្ត្រាលី ប្រកាសការគាំទ្រថ្មី លើការគាំពារសង្គមនៅកម្ពុជា

74

ភ្នំពេញ៖ អូស្ត្រាលីបានធ្វើការជាមួយ ក្រសួងផែនការ Ministry of Planning ក្នុងភាពជាដៃគូជាមួយ GIZ Cambodia អស់រយៈពេលជាងដប់ឆ្នាំមកហើយ ដោយបានរួមចំណែកគិតជាថវិកាចំនួន ១៤ លានដុល្លារអូស្រ្តាលី ក្នុងការបង្កើត និងថែទាំប្រព័ន្ធទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ (IDPoor) ដែលជាប្រព័ន្ធតែមួយគត់នៅកម្ពុជា សម្រាប់កំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

ថ្ងៃទី១២តុលានេះ ក្នុងការបញ្ចប់ ជំនួយបច្ចេកទេសរបស់ 🇦🇺🇩🇪 ក្នុងការបង្កើតទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ ឯកអគ្គរាជទូត Kang បានប្រកាសថា អូស្ត្រាលីប្តេជ្ញាផ្តល់ជំនួយបន្ថែមចំនួន ២ លានដុល្លារអូស្ត្រាលី ដើម្បីបន្តការគាំទ្រដ៏យូរអង្វែងរបស់ខ្លួន ក្នុងការពង្រឹងការការពារសង្គមនៅកម្ពុជា។ តាមរយៈ #MekongAustraliaPartnership អូស្ត្រាលីកំពុងផ្តល់មូលនិធិដល់ GIZ ដែលអនុវត្តកម្មវិធីគាំពារសង្គម និងសុខាភិបាល ឆ្នាំ ២០២២-២៤។

ការគាំទ្រនេះ បន្តកិច្ចសហការយ៉ាងជិតស្និទ្ធរបស់យើង ជាមួយប្រទេសអាល្លឺម៉ង់ និងរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ទទួលស្គាល់តួនាទីដ៏សំខាន់នៃប្រព័ន្ធជំនួយសង្គមដ៏រឹងមាំ ដែលដើរតួក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ និងងាយរងហានិភ័យ។ វាជារឿងសំខាន់ដែលគម្រោងគាំពារសង្គមផ្តោតការយកចិត្តទុកដាក់លើអ្នកដែលត្រូវការពួកគេច្រើនបំផុត ហើយត្រូវបានបែងចែកទៅតាមលក្ខណៈវិនិច្ឆ័យដែលមានគោលបំណង និងតម្លាភាព មិនមែនផ្អែកលើការជាប់ពាក់ព័ន្ធផ្នែកនយោបាយ ឬកត្តាផ្សេងទៀតនោះទេ។

មូលដ្ឋានទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ បានជួយឱ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់ដំណើរការការផ្ទេរសាច់ប្រាក់សង្គ្រោះបន្ទាន់ជំងឺកូវីដ-១៩ ដល់ ជិត ៧០០ ០០០ គ្រួសារ ដែលតំណាងឱ្យប្រជាជនប្រមាណជិត ៣ លាននាក់។ ពិធីក្នុងថ្ងៃនេះផងដែរ ក៏បានប្រកាសផ្សព្វផ្សាយការកែលម្អប្រព័ន្ធទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រ រួមទាំងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ ដែលអាចឱ្យប្រជាជនកម្ពុជាកាន់តែច្រើនទទួលបានអត្ថប្រយោជន៍ពីជំនួយសង្គមដែលពួកគេត្រូវការ។

អត្ថបទដែលជាប់ទាក់ទង