ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រឡប់មកពីហាត់នៅអ៊ីរ៉ង់ ចំបាប់កាន់តែមានសង្ឃឹម

97

ភ្នំពេញ៖បន្ទាប់ពីបោះជម្រំហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង់រយៈពេល២ខែនោះក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជាចំនួន១០រូបបានត្រឡប់មកដល់កម្ពុជាវិញជាមួយនឹងក្ដីសង្ឃឹមក្នុងការប្រជែងមេដាយពីស៊ីហ្គេមនាឆ្នាំក្រោយ។
លោកកាងដែនពិសិដ្ឋដែលជាគ្រូបង្វឹ្បានឲ្យដឹងថាកីឡាករ១០រូបដែលបានបញ្ជូនទៅហ្វឹកហាត់នៅអ៊ីរ៉ង់ រួមមានកីឡាករ ឃុន ប៊ុនណា, ហេង វុទ្ធី, ជុន ធួន, ចាប សុខលី, សឿន សុភាស់, ថាច សុជាតិ, លឹម សុខលាង, អ៊ុល សៅហ៊ាង, ឈឿន ឈាង និង ឈឿង វាសនា ដែលដឹកនាំដោយគ្រូបង្វឹកជនជាតិអ៊ីរ៉ង់លោកGhasemi Komeilក្រោមគម្រោងថវិការបស់
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

ក្រោយការហ្វឹកហាត់នៅអឺរ៉ុង សហព័ន្ធសង្កេតឃើញសមិទ្ធផលកីឡាករម្នាក់ៗ មានការកើនឡើងច្រើនដោយសារនៅទីនោះសម្បូរដៃគូប្រកួតនិងមានក្លិបច្រើនចូលរួមប្រកួតជាមួយកីឡាករកម្ពុជាពោលគឺរំលង១ថ្ងៃប្រកួតម្ដង។ម្យ៉ាងចំពោះមុខពួកគេត្រៀមការប្រកួតជាច្រើនទៀត ដើម្បីត្រៀមស៊ីហ្គេម ដូចជាការប្រកួត Maharani Cup I Senior National Championship in Medan 2022 នៅឥណ្ឌូនេស៊ី ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា និងការប្រកួតជើងឯកអាស៊ី នៅកម្ពុជា ពីថ្ងៃទី១៦ដល់១៨ ខែធ្នូ ឆ្នាំ២០២២ និងការប្រកួតជើងឯកអាស៊ី នាដើមឆ្នាំក្រោយ។

គ្រូបង្វឹករូបនោះបន្ដថាកីឡាករដែលហ្វឹកហាត់នៅអ៊ីរ៉ង់គឺយើងមានសង្ឃឹមខ្ពស់ក្នុងការប្រជែងយកមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដោយសារសហព័ន្ធបានរៀបចំកម្មវិធី ដើម្បីប្រកួតសាកល្បងសមត្ថភាពមុនស៊ីហ្គេមមកដល់ច្រើនកម្មវិធីទៀត។ប៉ុន្ដែកម្រិតថាយើងបានមេដាយមាស ប្រាក់ ឬសំរឹទ្ធ យើងអត់អាចសន្និដ្ឋានទុកមុនបានទេ ព្រោះកីឡាប្រយុទ្ធ ទាល់តែយើងប្រកួតសិន ទើបអាចដឹងលទ្ធផល ព្រោះគេក៏ហាត់ យើងក៏ហាត់។ តែយ៉ាងណា កម្រិតនៃការដណ្ដើមបានមេដាយ យើងសង្ឃឹមបានមេដាយច្រើន ក្នុងស៊ីហ្គេម ឆ្នាំ២០២៣។
ក្រៅពីការត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានាទាំងក្នុងនិងក្រៅប្រទេសខាងលើសហព័ន្ធក៏ត្រៀមបញ្ជូនកីឡាករជម្រើសជាតិទាំង១០រូបខាងលើត្រឡប់ទៅបោះជំរំហ្វឹកហាត់រយៈពេល ២ខែទៀត នៅប្រទេសអ៊ីរ៉ង់ នាដើមឆ្នាំ២០២៣ មុនស៊ីហ្គេម លើកទី៣២ មកដល់។ក្រៅពីកីឡាករ១០រូបនេះដែរសហព័ន្ធក៏បានបញ្ជូនកីឡាករកីឡាការិនី១៥រូបផ្សេងទៀតទៅហ្វឹកហាត់នៅប្រទេសចិនដើម្បីត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង