ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម រួមគ្នាពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ

81

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង វ៉មីញ
លឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ នាទីក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នេះ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់របស់ក្រសួងការពារប្រទេសវៀតណាម អញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅលើទឹកដីព្រះរាជាណាចារ្យកម្ពុជា ។ ក្នុងជំនួបនោះឯកឧត្តម ឧត្តមសេនីយ៍ ឯកបម្រុង វ៉ មីញលឿង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានអនុញ្ញាតដល់គណៈប្រតិភូយើងបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ។ ឯកឧត្តម វ៉ មីញលឿង បានគោរពនាំនូវបណ្តាំផ្ញើសាក
សួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារ
ប្រទេសវៀតណាម ជូនចំពោះសម្ដេចពិជ័យសេនា និងបានគោរពវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន និងការអភិវឌ្ឍ របស់កម្ពុជា ។ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមរាជរដ្ឋាភិបាល បានសំដែងនូវការស្វាគមន៍ ចំពោះវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង វ៉ មីញលឿង ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចនៅកម្ពុជា នាពេលនេះ ។ សម្ដេចពិជ័យសេនា បានមានប្រសាសន៍ថា ជាការពិតជំងឺកូវីដ១៩ បានបង្កភាពរអាក់រអួល ដល់ការអាក់ខាន នៃដំណើការអនុវត្តយន្តការនៃកិច្ចសហប្រតិបត្តិការមួយចំនួន រវាងក្រសួងការពារជាតិទាំងពីរ ពិសេសកងទ័ពប្រទេសយើងទាំងពីរ ក្នុងរយៈ
ពេលជាង ២ ឆ្នាំកន្លងមកនេះ ។ ក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សម្ដេច បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសយើងទាំងពីរ ជាពិសេសសម្ដេចផ្ទាល់ ជាមួយនឹងរដ្ឋមន្ត្រីការពារប្រទេស រួមនិងថ្នាក់ដឹកនាំកងទ័ពប្រជាជនវៀតណាម តែងតែបានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ zoom ក្នុងរយៈពេលកន្លងមក ដើម្បីធ្វើយ៉ាងណាបន្តរក្សាបានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងស្ថាបននៃប្រទេសទាំងពីរ ។ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានយកឱកាសនេះ សំដែងការអបអរសាទរចំពោះការប្រារព្ធព្រឹត្តិការណ៍កាលពីថ្ងៃទី ២០ ខែមិថុនា កន្លងទៅ នៅទីតាំងកោះថ្ម ( X 16 ) ដែលមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលជាទីតាំងប្រវត្តិសាស្ត្រនៃការចាប់ផ្ដើមដំណើរការឆ្ពោះទៅរកការតស៊ូក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវក្តីរីករាយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ។ នឹងបានស្ដាប់ខ្លឹមសារដ៏មានសារៈសំខាន់របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ។ សម្ដេច ក៏បានសម្ដែងការអបអរសាទរ និងជូនពរឯកឧត្តមឧត្តមសេនីយ៍ឯកបម្រុង វ៉ មីញលឿង ដែលត្រូវបានប្រមុខរដ្ឋាភិបាលវៀតណាម តែងតាំង និងតម្លើងឋានន្តរសក្តិ ជាឧត្តមសេនីយ៍ឯកបម្រុង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម កាលពីពេលថ្មីៗកន្លងទៅនេះ ដែលនេះគឺបានឆ្លុះបញ្ចាំងឲ្យឃើញពីស្នាដៃ និងគុណសម្បត្តិរបស់ឯកឧត្តម ចំពោះប្រជាជន និងសង្គមជាតិវៀតណាម ។ សម្ដេចពិជ័យសេនា ក៏បានជូនពរឯកឧត្តម វ៉ មីញលឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងភារកិច្ច ។ សម្ដេចពិជ័យសេនា ក៍បានយកឱកាសនេះផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា គោរព ស្រឡាញ់ ដ៏ជ្រាលជ្រៅរបស់សម្ដេច រួមនិងថ្នាក់ដឹកនាំទាំងអស់នៃកងយោធៈពលខេមរៈភូមិន្ទ តាមរយៈឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ផ្ញើជូនឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទាំងអស់នៃក្រសួងការពារជាតិវៀតណាម ក្នុងឱកាសនេះផងដែរ ។ ជាការឆ្លើយតប ឯកឧត្តមឧត្តមសេនីយ៍ឯកបម្រុង វ៉ មីញលឿង បានគោរពជម្រាបជូនសម្ដេចពិជ័យសេនាថា ឯកឧត្តម និងប្រតិភូ មកកាន់កម្ពុជា លើកនេះ គឺស្របពេល នឹងខួប ៥៥ឆ្នាំ បៃទំនាក់ទំនងការទូត រវាងកម្ពុជា និងវៀតណាមផង និងខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពតផង ។ ហើយឯកឧត្តម សូមសំដែងការគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច អំពីការខកខានយន្តការនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសនៃកងទ័ពទាំងពីរ ក្នុងរយៈពេលកំឡុងជាងពីរឆ្នាំកន្លងមកដោយសារវិបត្តិនៃជំងឺរាតត្បាតជាសាកលកូវីដ ១៩ ។ ឯកឧត្តម ក៏បានសម្ដែងនូវការគាំទ្រ និងឯកភាពផងដែរ ថាតើបើទោះបីប្រទេសយើងទាំងពីរ មានបញ្ហាប្រឈមនៃវិបត្តិនេះយ៉ាងណាក៏ដោយ ក៍ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ នៅតែបន្តខិតខំរិះរកគ្រប់វិធីសាស្រ្ត ក្នុងការរក្សាទំនាក់ទំនង និងការបង្កើនភាពចិត្តស្និទ្ធទៅវិញទៅមក ជាពិសេសឯកឧត្តម សូមអបអរសាទរចំពោះការចូលរួមចំណែករបស់កងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាការរួមចំណែកមួយយ៉ាងធំធេង និងមានសារៈសំខាន់ដើម្បីឈានទៅបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីស្ថានការណ៍នៃរោគរាតត្បាតនេះបានធូរស្បើយ ។ ឯកឧត្តម ក៏បានយកឱកាសនេះផងដែរ។
ចូលរួមអបអរសាទរចំពោះដំណើរការប្រកបដោយជោគជ័យ នៃកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ របស់កម្ពុជាដែលបានប្រព្រឹត្តទៅកាលពីដើមខែមិថុនាឆ្នាំ២០២២កន្លងទៅ ។ ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ មីញលឿង ក៏បានចូលរួមជាមួយសម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដើម្បីអបអរសាទរការប្រារព្ធព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ កាលពីថ្ងៃទី ២០ ខែមិថុនា កន្លងទៅនេះ ក្រោមអធិបតីរបស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម ។ ឯកឧត្តម ក៏បានចូលរួមអបអរសាទរដែរ ចំពោះការរីកចម្រើន និងវឌ្ឍនភាពជាបន្តបន្ទាប់របស់កម្ពុជា ពិសេសបច្ចុប្បន្ន កម្ពុជា បាននឹងកំពុងបំពេញតួនាទីជាប្រធានអាស៊ានប្ដូរវេននាឆ្នាំ ២០២២ ដែលប្រកបទៅដោយភាពរលូននិងជោគជ័យ ។ ចំពោះកិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់ និងវិស័យការពារជាតិវិញ ឯកឧត្តម ក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង នឹងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកងទ័ពនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ លើការប្រយុទ្ធប្រឆាំងបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀនឆ្លងដែន ការឆ្លងដែនខុសច្បាប់ ការប្រព្រឹត្តល្បែងស៊ីសងឆ្លងដែនខុសច្បាប់ ជាដើម ។ ឯកឧត្តម ក៏បានលើកឡើងផងដែរថា ប្រទេសវៀតណាម ក៏បានធ្វើជាម្ចាស់ផ្ទះនៃព្រឹតិ្តការណ៍ ស៊ីហ្គេម ឆ្នាំ២០២២នេះ ។ ហើយវៀតណាម ក៏ត្រៀមខ្លួនក្នុងការផ្ដល់កិច្ចសហការ និងចែករំលែកបទពិសោធន៍ ក្នុងការថែរក្សាសុវត្ថិភាព សន្តិសុខ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមនេះ ជាមួយភាគីកម្ពុជា ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍នេះ នៅឆ្នាំ ២០២៣ ខាងមុខ ។ ជាការឆ្លើយតបសម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់ឯកឧត្តម អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម ពាក់ព័ន្ធទៅដល់ការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ។ មុននឹងបញ្ចប់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដោយសារជាថ្មីម្ដងទៀត សម្ដេចក៏បានសំដែងអំណរគុណចំពោះឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងប្រតិភូ ហើយក៍បានយកឱកាសនេះជូនពរឯកឧត្តម អនុរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ សូមមានសុខភាពល្អ នឹងទទួលបានជោគជ័យ ក្នុងបេសកកម្មនៃដំណើរទស្សនកិច្ចដ៏ឧត្តុង្គឧត្តមនេះ នៅលើទឹកដីកម្ពុជា ។

អត្ថបទដែលជាប់ទាក់ទង