ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ុយក្រែន​ឈានទៅ​ដល់ការផ្តាច់​ ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់ ​ក្រោយទទួលរង​ការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក

105

បរទេស ៖ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបាននិយាយថា លោកកំពុង ដាក់សំណើទៅប្រធានាធិបតីលោក Volodymyr Zelenskiy ដើម្បីកាត់ផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការ ជាមួយទីក្រុង Tehran ក្រោយពីការវាយប្រហាររបស់រុស្ស៊ីជាបន្តបន្ទាប់ដោយប្រើប្រាស់អ្វីដែលទីក្រុង Kyiv និយាយថាជាយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់។

កាលពីថ្ងៃចន្ទ រុស្ស៊ីបានបាញ់បង្ហោះយន្តហោះ គ្មានមនុស្សបើកប្រភេទ “kamikaze” រាប់សិបគ្រឿង លើគោលដៅនានាក្នុងប្រទេសអ៊ុយក្រែន ដោយបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់ ផលិតថាមពល និងបានសម្លាប់ជនស៊ីវិលជាច្រើននាក់។ និងបាន​និយាយ​ថា ការ​វាយ​ប្រហារ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើកប្រភេទ Shahed-136 ផលិត​ដោយ​អ៊ីរ៉ង់។ ប៉ុន្តែទីក្រុង Tehran បដិសេធថា​ មិនបានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកឡើយ។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បាននិយាយថា ក្រុង Kyiv ប្រាកដណាស់ថា យន្តហោះគ្មានមនុស្សបើកទាំងនោះជារបស់អ៊ីរ៉ង់ ហើយនឹងត្រៀមខ្លួនជាស្រេចដើម្បីចែករំលែក “កញ្ចប់ភស្តុតាង” ដល់ប្រទេសមហាអំណាចអឺរ៉ុបដែលមានការសង្ស័យ។ លោក Kuleba បានប្រាប់ សន្និសីទសារព័ត៌មានថា “ទីក្រុង Tehran ទទួលខុសត្រូវទាំងស្រុងចំពោះការបំផ្លាញទំនាក់ទំនង ជាមួយអ៊ុយក្រែន”។ “ខ្ញុំ​កំពុង​ដាក់​សំណើ​មួយ​ទៅ​ប្រធានាធិបតី​អ៊ុយក្រែន ដើម្បី​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ីរ៉ង់”។

លោក Kuleba ក៏បាននិយាយទៀតថា លោកបានទទូចឲ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ “ក្នុងការជួយរុស្ស៊ីដើម្បីសម្លាប់ជនជាតិអ៊ុយក្រែន” ៕

អត្ថបទដែលជាប់ទាក់ទង