អភិបាលរងរាជធានីភ្នំពេញ ក្រើនរំលឹកដល់គណៈអភិបាលខណ្ឌ ចៅសង្កាត់ និងមេភូមិ ត្រូវរួមសាមគ្គីគ្នាធ្វើការបម្រើ រាស្ត្រឱ្យអស់ពីចិត្តនិងរួមគ្នាសាងអំពើ តាមរយៈបំបាត់ល្បែងស៊ីសង ក្មេងទំនើង និងកន្លែងបញ្ចាំខុសច្បាប់
ភ្នំពេញ៖ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានក្រើនរំលឹកដល់កម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ក្នុងដែនសមត្ថកិច្ចខណ្ឌពោធិសែនជ័យ ត្រូវបន្តរួមសាមគ្គីគ្នា ធ្វើការបំរើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យអស់ពីចិត្ត រួមគ្នាសាងនូវអំពើល្អ តាមរយៈការបង្ក្រាបល្បែងស៊ីសង ក្មេងទំនើង កន្លែងបញ្ចាំខុសច្បាប់ឱ្យដូចភ្លៀងរលឹមធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញរបស់យើងប្រកបដោយភាពកក់ក្តៅនិងកាន់តែសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
អភិបាលរងរាជធានីភ្នំពេញ បានកត់សម្គាល់ថា ទីតាំងបញ្ចាំខុសច្បាប់ គឺជាកន្លែងផ្តល់ប្រភពហិញ្ញវត្ថុដ៏សំខាន់ ក្នុងការបង្កើតឱ្យមានល្បែងស៊ីសងខុសច្បាប់ អំពើចោរកម្ម ការប្រើប្រាស់គ្រឿងញៀន និងអសន្តិសុខសង្គម ដែលអាជ្ញាធរគ្រប់ផ្នែកត្រូវបន្តសហការបង្រ្កាបឱ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធិភាព។
ការជម្រុញខាងលើនេះបានលើកឡើង នៅក្នុងកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី១៩ខែតុលា ឆ្នាំ២០២២នេះ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលរងក៏បានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ គណៈអភិបាលខណ្ឌ មន្ត្រី និង កងកម្លាំមានសមត្ថកិច្ចក្នុងខណ្ឌពោធិសែនជ័យ លើការងារជម្រុញឱ្យមានការអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនាពេលកន្លងមក។
ឯកឧត្តម ឃ្លាំង ហួត បានសុំឱ្យមន្រ្តីគ្រប់ជាន់ថ្នាក់ ក្នុងខណ្ឌពោធិសែនជ័យទាំងមូល មានការឯកភាពគ្នា លើកយកនូវបញ្ហាប្រឈមចំពោះមុខមកដោះស្រាយ និងសំអាតឱ្យបានល្អនូវបញ្ហាស្មុគ្រស្មាញ ទៅការការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ជាពិសេសបញ្ហាល្បែងស៊ីសងនិងហាងបញ្ចាំខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលកំពុងបើកយុទ្ធនាការបង្រ្កាបនេះឱ្យមានប្រសិទ្ធភាព និងសុំកុំប្រហាក់ប្រឡូកជាមួយបញ្ហាទាំងនេះឱ្យសោះ ធ្វើយ៉ាងណាលុបបំបាត់ឱ្យបាន ដើម្បីសេចក្តីសុខក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលរងបញ្ជាក់ថា ក្រោយពេលអនុវត្តវិធានការដ៏ក្តៅគគុកនេះមក ឃើញថា សកម្មភាពចោរកម្ម លួច ឆក់ ប្លន់ គឺស្ងប់ស្ងាត់គួរឱ្យគត់សំគាល់។ ប៉ុន្តែយ៉ាងណាយើងមិនត្រូវសន្តិភាពជាមួយសកម្មភាពទាំងនោះទេ គឺត្រូវតែ បន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនថែមទៀត។ អ្វីដែលជាមោទនភាពរបស់យើង ក្នុងការបំរើប្រជាពលរដ្ឋកន្លងមកនោះ គឺការសាទរ គាំទ្រ ចំពោះសកម្មភាពដ៏មានសារសំខាន់នេះ ហើយសុំឱ្យអាជ្ញាធរបន្តសកម្មភាពនេះដូចភ្លៀងរលឹម ដើម្បីឲ្យរាជធានីភ្នំពេញ គ្មានហាងបញ្ចាំខុសច្បាប់ គ្មានល្បែងស៊ីសង តទៅទៀត។
លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានជម្រាបជូនអំពីរបាយការណ៍សង្ខេប នៃវឌ្ឍនភាពដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ក៏ដូចជាផែនការអនុវត្តបន្តទៅតាមប្រសាសន៍ណែនាំ ក្នុងយុទ្ធនាការបង្ក្រាបល្បែងស៊ីសងនិងហាងបញ្ចាំខុសច្បាប់ក្នុងដែនដីខណ្ឌឬស្សីកែវ។
លោកបានបញ្ជាក់ពីសកម្មភាពក្នុងការចុះពិនិត្យទីតាំងលួចបង្កប់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងសង្កាត់ទាំង៧ចាប់ពីថ្ងៃទី១៨ខែកញ្ញារហូតដល់បច្ចុប្បន្ននេះ បានរកឃើញទីតាំងលួចបង្កប់ចំនួន១៥០ទីតាំង ឃាត់ខ្លួនមនុស្សចំនួន៣២នាក់ក្នុងនោះធ្វើការអប់រំចំនួន១៤នាក់ ប្រគល់ជូនអាណាព្យាបាលវិញ ចំណែកជនបរទេស១៤នាក់ ជនជាតិខ្មែរ៤នាក់ ប្រគល់ជូនសមត្ថកិច្ចអនុវត្តតាមនិតិវិធី ហើយទីតាំងទាំងនោះត្រូវបានបិទនឹងបន្តចុះត្រួតពិនិត្យជាប្រចាំ។ ក្រៅពីនេះក៏បានកោះហៅម្ចាស់អាជីវកម្ម បុរី ខុនដូ សណ្ឋាគារ ផ្ទះសំណាក់ មកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាចូលរួមអនុវត្តឱ្យបានត្រឹមត្រូវដោយមិនមានល្បែងស៊ីសង ការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការផលិតនិងការប្រើប្រាស់គ្រឿងញៀនឡើយ ។
លោក ឃ្លាំង ហួត ក៏បានជំរុញឲ្យគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ត្រូវយករឿងនេះជាបញ្ហាគោលក្នុងការអនុវត្តឲ្យបានជាពិសេសគឺត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ព្រោះសេចក្តីសុខរបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់។ លោកអភិបាលរងរាជធានី ចាត់ទុកល្បែងស៊ីសងខុសច្បាប់ គឺបាននាំមកនូវអស្ថេរភាពសង្គម ហើយទីតាំងបញ្ចាំខុសច្បាប់ គឺជាកន្លែងដែលផ្តល់នូវប្រភពហិរញ្ញវត្ថុដែលបង្កើតឲ្យមានល្បែងខុសច្បាប់ អំពើចោរកម្ម និង ការប្រើប្រាស់គ្រឿងញៀន។
លោក ឃ្លាំង ហួត បញ្ជាក់ថា ក្រោយពេលដែលអភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធាន ការដ៏ក្តៅគគុកនេះកន្លងមក គឺសង្កេតឃើញថា ក្នុងរាជធានីភ្នំពេញ អំពើចោរកម្ម អំពើលួចឆក់ប្លន់ គឺមិនមានសកម្មភាពកើតឡើងនោះទេ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ក៏បានសំដែងនូវការសាទរ ចំពោះសកម្មភាពនៃយុទ្ធនាការដ៏មានសារសំខាន់មួយនេះ ហើយប្រជាពលរដ្ឋសូមឱ្យអាជ្ញាធរបន្តសកម្មភាពនេះ ដូចភ្លៀងរលឹម ដើម្បីឲ្យប្រាកដថា រាជធានីភ្នំពេញ គ្មានល្បែងស៊ីសងខុសច្បាប់ និងគ្មានហាងបញ្ចាំ ដែលធ្វើការរកស៊ីលើកកម្លាំងញើសឈាមនិងគំនរទុក្ខលំបាករបស់ប្រជាពលរដ្ឋនោះតទៅទៀត។
ដើម្បីឲ្យការងារនេះ កាន់តែមានប្រសិទ្ធភាពថែមទៀតនោះ លោក ឃ្លាំង ហួត សុំឲ្យគណៈបញ្ជាការឯកភាពខណ្ឌ យកបញ្ហានេះ ធ្វើជាប្រធានបទ ក្នុងការអនុវត្តតួនាទីភារកិច្ច ប្រចាំថ្ងៃរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួន និងមានរបាយការណ៍ជាប្រចាំ ជូនទៅថ្នាក់លើ ដើម្បីឲ្យបានដឹងកាន់តែច្បាស់ អំពីសកម្មភាពរបស់ខ្លួន ក្នុងការអនុវត្តនៅអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ៕