លោកខៀវ កាញារីទ្ធ៖ ណែនាំឱ្យអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បង្កើនការផលិតព័ត៌មានថ្មីៗ ប្រកបដោយគុណភាព ស្របពេលត្រៀមបើកការផ្សាយទូរទស្សន៍អនឡាញ
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំឱ្យអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បង្កើនការផលិតព័ត៌មានថ្មីៗប្រកបដោយគុណភាព ស្របពេលត្រៀមបើកផ្សាយទូរទស្សន៍អនឡាញ នៅពេលឆាប់ៗនេះ ដើម្បីបំពេញតម្រូវការអ្នកស្តាប់និងអ្នកទស្សនាឱ្យកាន់តែទូលំទូលាយ។
លោករដ្ឋមន្រ្តី បានថ្លែងដូច្នេះ ក្នុងឱកាសចុះត្រួតពិនិត្យមើលដំណើរការរៀបចំស្ទូឌីយោថ្មីសម្រាប់ បម្រើដល់ការផ្សាយផ្ទាល់និងសួរសុខទុក្ខមន្ត្រីរាជការនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា កាលពីរសៀល ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីនៃអគ្គនាយដ្ឋានទាំងអស់ ត្រូវខិតខំបំពេញការងារឱ្យកាន់តែល្អបន្ថែមទៀត ខណៈដែលវិទ្យុជាតិកម្ពុជា មានស្ទូឌីយោថ្មីសម្រាប់ការផ្សាយទូរទស្សន៍អនឡាញ ដែលត្រូវផ្សាយ ផ្ទាល់ ពីព្រឹត្តិការណ៍ព័ត៌មាន ក៏ដូចជាព្រឹត្តិការណ៍ជាតិរបស់រាជរដ្ឋាភិបាល ។
លោក បន្តទៀតថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយឱ្យបានល្អ ត្រូវតែផលិតព័ត៌មានឱ្យមានគុណភាពលឿនរហ័ស ច្បាស់លាស់ ទាន់ពេលវេលា ស្របតាមសេចក្តីត្រូវការរបស់អ្នកស្ដាប់និងអ្នកទស្សនា ។ បន្ថែមពីនេះទៀតត្រូវខិតខំប្រឹងប្រែងតាមដានរាល់សភាពការណ៍នានារបស់ប្រមុខរាជរដ្ឋាភិបាលទាំងក្នុងប្រទេសនិងក្រៅប្រទេស សកម្មភាពថ្នាក់ដឹកនាំកំពូលៗ ព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ាន ព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ដើម្បីយកមកផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបទាន់ពេលវេលា តាមរយៈ ស្ទូឌីយោថ្មី វិទ្យុជាតិកម្ពុជា AM 918 KHz វិទ្យុវត្តភ្នំ FM 105.70 MHz អេប(App)វិទ្យុជាតិកម្ពុជានិងអេបក្រសួងព័ត៌មាន ។
លោករដ្ឋមន្ត្រី ក៏បានណែនាំអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្នុងករណី មានការដាច់ឬរអាក់រអួលការផ្សាយត្រូវសុំទោសចំពោះអ្នកស្តាប់ក៏ដូចជាអ្នកទស្សនា។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះនាយក ដ្ឋានព័ត៌មានវិទ្យុក្នុងនិងក្រៅប្រទេស ដែលបានប្រឹងប្រែងផលិតព័ត៌មាន សម្បូរបែប មានទាំងទេសចរណ៍ កសិកម្ម សុខាភិបាលជាដើម ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាបច្ចុប្បន្នបានផ្សព្វផ្សាយតាមរយ:វិទ្យុជាតិកម្ពុជា AM ៩១៨ KHz , វិទ្យុជាតិវត្តភ្នំ FM ១០៥.៧០MHz និងវិទ្យុជាតិ FM ៩៦MHz ។ ក្រៅពីនេះ ក៏មានផ្សាយតាមគេហទំព័រវិទ្យុFacebook app Telegramវិទ្យុជាតិកម្ពុជា និងផ្សាយតាមរលក ធាតុអាកាស តេជោ DTV ដើម្បីបម្រើការស្តាប់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស៕ . សំរិត