ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ ស្នើបងប្អូនប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ដោយសារអំពើលួច ឬអំពើប្លន់ យកឯកសារសក្ខីកម្មបង្ហាញ ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ

57

ភ្នំពេញ៖ សេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា តាមរយៈ ការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាននានា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលជាជនរងគ្រោះ ដោយសារ បទល្មើសលួច ឬប្លន់ (លួចដោយមានស្ថានទម្ងន់ទោស) បានយកឯកសារសក្ខីកម្ម ដែលពាក់ព័ន្ធនឹងបទល្មើស ខាងលើ ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីរកឱ្យឃើញនូវភាពត្រឹមត្រូវរវាងឯកសារ និងភិនភាគរបស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្ត ដែលជាផលពីអំពើល្មើស ហើយបានសម្រេចប្រគល់ជូនម្ចាស់កម្មសិទ្ធិវិញបានមួយចំនួន។

ក្នុងមួយរយៈពេលកន្លងមកនេះ ដោយពិនិត្យឃើញថា ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្ត ដែលមានការសង្ស័យពាក់ព័ន្ធនឹងបទល្មើស ហើយត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចាប់យក ដើម្បីស្រាវជ្រាវរកបទល្មើស នៅមិនទាន់មានបងប្អូន ប្រជាពលរដ្ឋមកទំនាក់ទំនងបន្តទៀតឡើយ។ ដូច្នេះ ដើម្បីមានមូលដ្ឋានក្នុងការអនុវត្តនីតិវិធីបន្តនោះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើបងប្អូនប្រជាពលរដ្ឋ ដែលជាជនរងគ្រោះដោយសារអំពើលួច ឬអំពើប្លន់ (លួចដោយមានស្ថាន ទម្ងន់ទោស) ដែលមិនទាន់បានយកឯកសារសក្ខីកម្មពាក់ព័ន្ធនឹងបទល្មើស រួមមានអត្តសញ្ញាណប័ណ្ណ បណ្ណសម្គាល់ យានយន្ត(កាតគ្រី) ពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធដទៃទៀត រួសរាន់មកបង្ហាញជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃចុះ ហត្ថលេខានេះតទៅ។

ផុតរយៈពេលកំណត់ខាងលើ ក្រុមការងារនឹងត្រូវបញ្ចប់ភារកិច្ចរបស់ខ្លួន ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តនីតិវិធីនានាទៀតទៅលើអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទានខុសច្បាប់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពពាក់ព័ន្ធនានាចំណុះរដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូន ប្រជាពលរដ្ឋទាំងអស់ជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង