ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចេញសេចក្ដីណនាំ ស្តីពីការគ្រប់គ្រងប្រតិបត្តិការកាស៊ីណូ

110

 

ភ្នំពេញ ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីណនាំស្តីពីការគ្រប់គ្រងប្រតិបត្តិការកាស៊ីណូ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោង៖ – ព្រះរាជក្រមលេខ នស/រកម/១១២០/០៣១ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម

– អនុក្រឹត្យលេខ ១០២ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្តីពីការពិន័យអន្តរការណ៍ ចំពោះបទល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម

– ប្រកាសលេខ ០០២ គ.ល.ក.ប្រក ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ស្ដីពីនីតិវិធី បែបបទ និង លក្ខខណ្ឌនៃការផ្ដល់ ការផ្ទេរ និងការបន្តសុពលភាពអាជ្ញាបណ្ណកាស៊ីណូ និងអាជ្ញាបណ្ណល្បែង ផ្សងសំណាង។

អនុលោមតាមមាត្រា៤ នៃច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចែងថា “គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានសមត្ថកិច្ចក្នុងការស្នើឡើងនូវគោលនយោបាយ ចេញ បទប្បញ្ញត្តិ គ្រប់គ្រង ត្រួតពិនិត្យ ផ្តល់អាជ្ញាបណ្ណ ប្រមូលចំណូល និងចាត់វិធានការចាំបាច់ទាំងឡាយ ពាក់ព័ន្ធនឹងការគ្រប់គ្រងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ និងល្បែងពាណិជ្ជកម្ម”។

ក្នុងគោលដៅធានាឱ្យការធ្វើប្រតិបត្តិការកាស៊ីណូ អាចប្រព្រឹត្តទៅបានស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងល្បែងពាណិជ្ជកម្ម អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមសូមធ្វើការណែនាំដូចខាងក្រោម៖

១. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ឬបន្តសុពលភាពអាជ្ញាបណ្ណកាស៊ីណូ មក គ.ល.ក, ដោយត្រូវផ្អែកជាចម្បងលើគោលការណ៍ អនុញ្ញាតពីរាជរដ្ឋាភិបាល (សជណ) ដែលបានកំណត់យ៉ាងច្បាស់នូវទីតាំងភូមិសាស្ត្រនៃ ការស្នើសុំអភិវឌ្ឍកាស៊ីណូ និងលក្ខខណ្ឌទាំងឡាយដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

២. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ដែលទទួលបានអាជ្ញាបណ្ណកាស៊ីណូពី គ.ល.ក. អាចធ្វើប្រតិបត្តិការកាស៊ីណូបានតែនៅក្នុងបរិវេណទីតាំងដែលបានកំណត់នៅ ក្នុងអាជ្ញាបណ្ណកាស៊ីណូប៉ុណ្ណោះ។

៣. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ដែលធ្លាប់មានអាជ្ញាបណ្ណកាស៊ីណូពីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយបានដាក់ពាក្យស្នើសុំ និងកំពុងបំពេញលក្ខខណ្ឌតម្រូវ ដើម្បី បន្តសុពលភាពអាជ្ញាបណ្ណឆ្នាំ២០២២ គ.ល.ក. បានចេញលិខិតបញ្ជាក់នីតិភាពជូនសម្រាប់ បន្តនិរន្តរភាពអាជីវកម្មកាស៊ីណូសម្រាប់ឆ្នាំ២០២២ នេះស្របច្បាប់ និងអាចធ្វើប្រតិបត្តិការ កាស៊ីណូបានតែនៅក្នុងបរិវេណទីតាំងដែលបានកំណត់នៅក្នុងលិខិតបញ្ជាក់នីតិភាព ប៉ុណ្ណោះ ហើយដែលស្ថិតនៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងរបស់ គ.ល.ក.។

៤. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ត្រូវដាក់តាំងបង្ហាញអាជ្ញាបណ្ណ ឬលិខិត បញ្ជាក់នីតិភាពច្បាប់ដើម នៅកន្លែងដែលអាចមើលឃើញ ក្នុងទីតាំងធ្វើអាជីវកម្មរបស់ខ្លួន។ ករណី មានការប្រើប្រាស់អាជ្ញាបណ្ណ ឬលិខិតបញ្ជាក់នីតិភាពថតចម្លង នៅទីតាំងផ្សេងនឹង ត្រូវចាត់ទុកថាជាការក្លែងបន្លំ ដែលត្រូវប្រឈមនឹងការចាត់វិធានការនានាតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

៥. ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ ត្រូវបង់ចំណូលកាតព្វកិច្ចពីល្បែងគ្រប់ប្រភេទ ដែលដំណើរការក្នុងបរិវេណកាស៊ីណូ និងកាតព្វកិច្ចផ្សេងៗទៀត ឱ្យបានគ្រប់ចំនួន និង ទាន់ពេលវេលា ទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងករណី ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករកាស៊ីណូ មិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវចាត់ទុកថាបានប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដែលត្រូវប្រឈមនឹងការ ដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ស្របតាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សង្ឃឹមយ៉ាងមុតមាំថា ប្រតិបត្តិករកាស៊ីណូ និង/ឬកម្មសិទ្ធិករ កាស៊ីណូ នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតី ទទួលខុសត្រូវខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង