ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ នៃខេត្តបន្ទាយមានជ័យ

100

 

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអាទិត្យ ២៣ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញផ្តល់ស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ។

ជំនន់ទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ក្រុង ស្រុកចំនួន៨ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ទឹកជំនន់នេះបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារ ស្មើនឹងប្រមាណ ៦៥,៦៨៨នាក់ ក្នុងនោះមានស្លាប់មនុស្ស ៤នាក់ ប៉ះពាល់ស្រូវ ៣៦,០៥៩ហិកតា ដំឡូងមី ២,៨៩៩ហិកតា ដំណាំរួមផ្សំ ១២៨ហិកតា សត្វពាហនៈ ២,៨៦៧ក្បាល សាលារៀន៧៥ វត្ត៣៨ មណ្ឌលសុខភាព៧ និងផ្លូវ ៨០២កន្លែង មានប្រវែង ៤០៦,២៩៥ម៉ែត្រ។

ជាមួយនឹងការកើតមានគ្រោះមហន្តរាយនេះ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត បានធ្វើសកម្មភាពសស្រាក់សស្រាំចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីការជន់លិច និងជួយដោះស្រាយបញ្ហាផ្សេងៗជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង