ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើសិនបើគ្មានការចរចារវាងខ្មែរនិងខ្មែរ ជាពិសេសការចរចាសីហនុ-ហ៊ុន សែន ទេនោះ នឹងមិនអាចមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើយ

73

បន្ទាយមានជ័យ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាសហស្ថាបនិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានថ្លែងថា បើសិនបើគ្មានការចរចារវាងខ្មែរនិងខ្មែរ ជាពិសេសការចរចាសីហនុ-ហ៊ុន សែន ទេនោះ នឹងមិនអាចមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើយ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ថាជាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

ថ្លែងក្នុងពិធីជួបសំណេះសំណាលចែកស្រូវពូជជាង ៥០០តោន ជូនប្រជាកសិករជាង៥ពាន់គ្រួសារ នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ ដែលចំនឹងខួប៣១ ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «ការចាប់ផ្ដើមចរចាដែលគេហៅថា ការចរចាសីហនុ-ហ៊ុន សែន ហ្វែអង់តាដឺន័រ ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៨៧ គឺជាការចាប់ផ្តើមមួយដ៏សំខាន់ ដើម្បីបើកផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិ»

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកអំពីការចរចាដែលផ្ដើមចេញពីការចរចាសីហនុ-ហ៊ុនសែន នៅប្រទេសឥណ្ឌូនេស៊ី។ការចរចារវាងខ្មែរ និងខ្មែរនេះ បានធ្វើឡើងជាច្រើនលើស ទំរាំរៀបចំឲ្យមានការចរចាសម្រាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សម្ដេចបានរំឭកថា នៅឆ្នាំ១៩៨៩ សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង៥ មិនទាន់បានចូលរួមជួយដោះស្រាយបញ្ហាផ្ទៃក្នុងរបស់កម្ពុជាទេ រហូតដល់ឆ្នាំ១៩៩០ ទើបពួកគេចូលរួម។

សម្តេចបន្តថា «ការចរចានេះជាការបើកផ្លូវធំ បើភាគីកម្ពុជាមិននិយាយគ្នា ក៏មិនអាចធ្វើអ្វីកើតដែរ ដូចជាក្របខណ្ឌការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ នេះវាស្ថិតនៅក្នុងផ្នែកដ៏សំខាន់មួយក្នុងការរៀបចំឲ្យកើតឡើងជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះឯង មិនមែនភាគីក្រៅជាអ្នករៀបចំទេ អានេះខ្មែរជាអ្នករៀបចំ»

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបង្កើតឡើងនៅថ្ងៃទី២៣ ខែតុលាឆ្នាំ១៩៩១នេះ ត្រូវបានចុះហត្ថលេខាដោយខ្មែរ ៤ភាគី រួមមានក្រុមសម្តេចសីហនុនិយម មានសម្តេច សីហនុ ជាព្រះប្រធាន, ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជារបស់សម្តេច ជា ស៊ីម ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន និងមានការដឹងឮពីប្រមុខការទូត នៃប្រទេសមួយចំនួនទៀតមានដូចជា៖ អាមេរិក, អង់គ្លេស, សូវៀត, ចិន, វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន, ប្រ៊ុយណេ, យូហ្គោស្លាវី, ឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលី។

កិច្ចព្រមព្រៀងនេះបានក្លាយទៅជាប្រធានបទ សម្រាប់ក្រុមប្រឆាំងវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា ដោយចោទថាមិនបានគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាដើម។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា អ្នកទាំងមនុស្សកំពុងបញ្ចេញមតិទាំងមិនត្រឹមត្រូវ ហើយក៏មិនបានស្ថិតនៅក្នុងហេតុការណ៍ជាក់ស្ដែងដូចសម្ដេចឡើយ។

សម្ដេចបានអះអាងយ៉ាងដូច្នេះ «ខ្លួនខ្ញុំចូលរួមគ្រប់អង្គប្រជុំ ប៉ុន្តែខ្ញុំសុំខ្លាចអ្នកដែលមិនបានចូលប្រជុំ គេបកស្រាយបានល្អឥតខ្ចោះលើសខ្ញុំ អញ្ចឹងគឺខ្ញុំសូមគោរពដោយត្រង់ ដោយសារគេនិយាយមិនបានត្រឹមត្រូវ ចាត់ទុកថាគេនិយាយត្រឹមត្រូវទៅចុះ ប៉ុន្តែគ្រាន់តែថាត្រឹមត្រូវនោះខុសនឹងការពិត»

កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានបង្កើតឲ្យមានអាជ្ញាធរបណ្ដោះអាសន្ន ហៅថា អ៊ុនតាក់ ស្ដេចតេជោបានបញ្ជាក់ថា អ៊ុនតាក់មិនបានដោះស្រាយបញ្ហាអស់ទេ ដល់ក្រោយពីការចាកចេញរបស់អ៊ុនតាក់ បានបន្សល់ទុកឲ្យកម្ពុជាមួយមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរដែលរដ្ឋាភិបាលមួយ ជួយជារដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ចំណែករដ្ឋាភិបាលមួយទៀតជារបស់ខ្មែរក្រហម ដែលនៅភាគខាងលិចប្រទេស ដែលក្រុមខ្មែរក្រហម ក្រោយមកបានផ្ដាច់ខ្លួននៅឆ្នាំ១៩៩៦។

សម្ដេចតេជោ ហ៊ុន សែន បានរំឭកដែរថា នៅតំបន់ខ្មែរក្រហម បានសូម្បីតែប្រធានអ៊ុនតាក់ ក៏មិនអាចចូលទៅកាន់តំបន់នោះបានផង ប៉ុន្តែសម្ដេចតេជោ បានចូលទៅកាន់តំបន់ខ្មែរក្រហម ហើយធ្វើការបង្រួបបង្រួមរវាងខ្មែរនិងខ្មែរ រហូតនាំឲ្យមានសន្តិភាពពេញលេញដល់សព្វថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង