ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្តសញ្ញាណបណ្ណ ត្រូវផុតសុពលភាព នាចុងឆ្នាំ២០២២ មានជាង៨០ម៉ឺននា

110

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីអត្តសញ្ញាណបណ្ណដែលផុតសុពលភាព នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឯកឧត្តម អគារធិការ ឯកឧត្តមអគ្គនាយក និងលោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាដោយមានការចាំបាច់ សម្ដេចបានស្នើបើកកិច្ចប្រជុំនាថ្ងៃនេះ ដើម្បីស្ដាប់របាយការណ៍ និងរកដំណោះស្រាយ ប្រសិនបើមានបញ្ហាប្រឈម ទាក់ទងនឹងការផុតសុពលភាពអត្តសញ្ញាណបណ្ណ ស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងដំណើរការចុះឈ្មោះបោះឆ្នោត។

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សាខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថាគិតមកដល់ពេលនេះ មានប្រជាពលរដ្ឋជាង១២លាននាក់ បានទទួលអត្តសញ្ញបណ្ណ ក្នុងនោះអត្តសញ្ញាណបណ្ណត្រូវផុតសុពលភាពនាចុងឆ្នាំ២០២២ មានជាង៨០ម៉ឺននាក់ ខណៈជាមធ្យមបានផ្ដល់អត្តសញ្ញាបណ្ណជូនពលរដ្ឋប្រមាណ៣ពាន់នាក់ក្នុងមួយថ្ងៃ។

ឯកឧត្ត នាយឧត្តមសេនីយ៍ ក៏បានទាញការកត់សម្គាល់ដែរថាចំនួនអត្តសញ្ញាណបណ្ណផុតសុពលភាព អាចបន្តកើនឡើងដល់ច្រើនជាង១លាននាក់ បើគិតដល់ខែកក្កដា ឆ្នាំ២០២៣ និងថាក្នុងចំណោមប្រជាពលរដ្ឋ មានអត្តសញ្ញាណបណ្ណត្រូវផុតសុពលភាពនាពេលខាងមុខនោះ មួយចំនួនបានទទួលមរណភាព មួយចំនួនជាប់ពន្ធនាគារ និងមួយចំនួនធំបានធ្វើចំណាកស្រុក។

ឯកឧត្ត នាយឧត្តមសេនីយ៍ អគ្គនាយកបានបន្តថា សម្រាប់វិធានការដោះស្រាយចំពោះមុខនេះ គឺជំរុញការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងទាមទារការគាំទ្រពីឱ្យបានសកម្មពីអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដើម្បីឱ្យពលរដ្ឋបានដឹងថាអត្តសញ្ញាណបណ្ណដែលខ្លួនកំពុងប្រើប្រាស់នោះជិតអស់សុពលភាព ហើយចូលរួមបំពេញនីតិវិធីធ្វើអត្តសញ្ញាណបណ្ណថ្មីឡើងវិញ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញដឹកនាំឯកឧត្តម អស់លោក លោកស្រី ជាសមាជិកកិច្ចប្រជុំ បន្តការភាក្សាទៅលើបញ្ហាពាក់ព័ន្ធនានាដែលបានលើកឡើងក្នុងកិច្ចប្រជុំ ដើម្បីមានវិធានការជំរុញការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង