ចាប់ជនជាតិចិន ចំនួន១៦នាក់ តាមសំណើរបស់ប៉ូលិសចិន
ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៤និង០២នាទី ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរៈសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យ បានចុះសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលកាកាប ខណ្ឌពោធិ៍សែនជ័យ មានការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី ចុះត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិចិន ដែលសមត្ថកិច្ចស្នើសុំចាប់ខ្លួន ស្ថិតនៅភោជនីយដ្ឋានកាលីហ្វ័រញ៉ា ផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជាលទ្ធផលពិនិត្យឃើញ៖ ជនជាតិចិន ចំនួន១៦នាក់ (ស្រី២នាក់) ដែលសមត្ថកិច្ចចិនស្នើសុំចាប់ខ្លួន (ខាងលើនេះមាននៅក្នុងបញ្ជីស្វែងរកចាប់ខ្លួនរបស់ប៉ូលីសចិនតែ ១១នាក់ ស្រី២នាក់ ចំណែក៥នាក់ទៀតជាមិត្តភក្តិ និងអ្នកធ្វើដំណើររួមក្រុម បន្ទាប់ពីការសាកសួរខាងប៉ូលិសចិនថាមិនពាក់ព័ន្ធនិងករណីទេ)។ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕