ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានិងវៀតណាម ជំរុញពាណិជ្ជកម្មឆ្លងដែន តាមរយៈការពង្រឹងពាណិជ្ជកម្មតាមព្រំដែន ពង្រីកឲ្យមានទីផ្សារ និងបើកច្រកតាមព្រំដែន

59

 

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួល ទទួលជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ផាម មិញជិញ (Pham Minh​ Chinh)
ក្នុងជំនួបនេះ ឯកឧត្តម ផាម មិញជិញ បានសម្ដែងនូវការសាទរចំពោះខួបឯករាជ្យជាតិរបស់កម្ពុជាផង និងបានសំដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោផងដែរ ដែលបានដឹកនាំក្នុងនាមជាប្រធានអាស៊ាន បានជោគជ័យរហូតដល់ពេលនេះ។

លើសពីនោះទៀត ឯកឧត្តម ផាម មិញជិញ ក៏បានគោរពជម្រាបជូនសម្ដេចតេជោ ពីស្ថានភាពជាទូទៅនៅប្រទេសវៀតណាម ហើយថ្នាក់ដឹកនាំកំពូលទាំងពីរ ទាំងសម្ដេចតេជោ និងឯកឧត្តម ផាម មិញជិញ ក៏បានពិភាក្សាគ្នាលើទិដ្ឋភាពទាំងនយោបាយ ទាំងទិដ្ឋភាពសេដ្ឋកិច្ច ដែលក្នុងនោះថ្នាក់ដឹកនាំកំពូលទាំងពីរ បានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសប្រទេសទាំងពីរ ជាពិសេស លើវិស័យសេដ្ឋកិច្ច តាមរយៈការបន្តជំរុញការផ្លាស់ប្ដូរថ្នាក់ដឹកនាំប្រទេសទាំងពីរ ទាំងយុវជនទាំងប្រជាជនប្រទេសទាំងពីរ ធ្វើទស្សនកិច្ចរវាងគ្នាទៅវិញទៅមកជំរុញការតភ្ជាប់ខឿនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ទាំងផ្នែកទន់ ទាំងផ្នែករឹង ជំរុញពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរ តាមរយៈការពង្រឹងពាណិជ្ជកម្មតាមព្រំដែនផង និងពង្រីកឲ្យមានទីផ្សារ និងបើកច្រកតាមព្រំដែន ដើម្បីឲ្យមានទំនិញចេញចូលរវាងប្រទេសទាំងពីរផង។

លើសពីនោះទៀត ក៏មានការឯកភាពគ្នា រវាងថ្នាក់ដឹកនាំទាំងពីរ ជំរុញការតភ្ជាប់រវាងប្រទេសទាំងពីរ ទាំងតាមផ្លូវគោក ទាំងតាមផ្លូវអាកាស តាមរយៈការឲ្យមានការហោះហើរត្រង់ពីខេត្តផ្សេងៗ ឬពីទីក្រុងធំៗទៅកាន់គ្នាទៅវិញទៅមក។ ក្នុងនោះ ក៏មានការឯកភាពគ្នា ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំង ទៅលើវិស័យឌីជីថល និងជាពិសេស លើវិស័យដទៃទៀតផងដែរ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណផងដែរ ចំពោះភាគីវៀតណាម ដែលតែងតែផ្ដល់នូវអាហារូបករណ៍ជូនដល់កម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនៅការអបអរសាទរជូនចំពោះវៀតណាម ដែលទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងល្អ និងទប់ស្កាត់ជំងឺកូវីដបានយ៉ាងល្អ ៕

អត្ថបទដែលជាប់ទាក់ទង