ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបទ្វេភាគី រវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន

75

 

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឯកឧត្តម លី ខឺឈាង បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ជាទំនាក់ទំនងស៊ីជម្រៅលើគ្រប់វិស័យ។ ឯកឧត្តមមានសេចក្តីរីករាយចំពោះទំនាក់ទំនងនេះ ហើយសម្តែងនូវការរីករាយជាខ្លាំងដែលឃើញកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានអះអាងថា ទោះបីជា​យ៉ាងណាក៏ដោយ ចិននឹងបន្តជួយកម្ពុជា ឱ្យមានវឌ្ឍនភាពបន្ថែមទៀត ក្នុងនោះចិននឹងផ្តល់ជំនួយបន្ថែមដល់កម្ពុជា ទៅលើវិស័យជារួមមាន ទី១)ទឹកប្រាក់ចំនួន ២០០លានយ័ន្តសម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា។ ចិននឹងបន្តជួយដល់ការស្តារឡើងវិញនូវបេតិកភណ្ឌកម្ពុជា បង្កើនចំនួននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ជួយដល់សកម្មភាពដោះមីន ជួយដល់ការរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខ ក៏ដូចជាជួយដល់កីឡាករកីឡាការិនីកម្ពុជា ជួយការស្ថាបនាស្ពានឆ្លងទន្លេមេគង្គ ជួយដល់ការស្ថាបនាផ្លូវដែកតភ្ជាប់កម្ពុជា-ថៃ-ឡាវ និងប្រទេសចិន និងជាពិសេសជួយកម្ពុជាក្នុងវិស័យកសិកម្ម ធ្វើយ៉ាងណាឱ្យផលិតផលកសិផលរបស់កម្ពុជា មានគុណភាពអាចនាំចេញទៅប្រទេសចិន ស្របតាមកូតាដែលប្រគល់ជូន ក៏ដូចជាមានគុណភាពសម្រាប់នាំចេញ ទៅប្រទេសក្រៅផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍ និងសម្តែងនូវអំណរគុណចំពោះ ឯកឧត្តម លី ខឺជាង និងប្រតិភូចិន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ សម្តេចបានថ្លែងអំណរគុណចំពោះជំនួយបន្ថែម និងបញ្ជាក់អំពីការផ្តល់ជំនួយដល់កម្ពុជា ជួយកម្ពុជាឱ្យមានវឌ្ឍនភាពកាន់តែខ្លាំងឡើងថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ភាគីចិន ដែលកន្លងមកធ្វើជាបង្អែកផ្តល់វ៉ាក់សាំង ធ្វើឱ្យកម្ពុជា បានឆ្លងផុតអំពីការរីករាលដាលជំងឺកូវីដ-១៩ និងបើកប្រទេសឡើងវិញ។

សម្តេចតេជោ ក៏បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍដ៏ធំធេង របស់បក្សកុម្មុយនីស្តចិន និងជូនពរមិត្តចិនឱ្យសម្រេចបានការកសាង និងអភិវឌ្ឍជាច្រើនថែមទៀត ជាពិសេសឈានទៅសម្រេចគោលដៅ១០០ឆ្នាំ លើកទី២ ក្នុងការកសាងប្រទេសសង្គមនិយមបែបទំនើប។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការអបអរសាទរផងដែរ នូវការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងភាពជោគជ័យ នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០។ សម្តេចបានជូនពរឱ្យប្រតិភូចិន ជាពិសេស ឯកឧត្តម លី ខឺឈាង ទទួលបានជោគជ័យ ក្នុងការធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង