ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា និងជប៉ុន ពង្រីកទំនាក់ទំនង ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជុ្រងជ្រោយ “

86

 

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសរួមគ្នាអំពីការឯកភាពក្នុងការពង្រីកទំនាក់ទំនង កម្ពុជា-ជប៉ុន ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសដែលប្រទេសទាំងពីរ រំឭកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន នាឆ្នាំក្រោយ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមនាយករដ្ឋមន្ត្រី KISHIDA បានកត់សម្គាល់ដោយសេចក្ដី សោមនស្សចំពោះទំនាក់ទំនងដ៏ល្អដែលកំពុងមាននាពេលបច្ចុប្បន្នរវាងកម្ពុជា-ជប៉ុន ដោយរំឭកអំពី ដំណើរទស្សនៈកិច្ចទាំងពីរលើករបស់ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុនមកកាន់កម្ពុជា និងដំណើរ ទស្សនកិច្ចទាំងពីរលើករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសជប៉ុន ក្នុងឆ្នាំនេះ។ ថ្នាក់ ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងដ៏យូរលង់ និងបានសម្តែងនូវការប្ដេជ្ញ ចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ សម្តេចតេជោនាយករដ្ឋមន្តី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ជប៉ុនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងបានថ្លែងអំណរគុណជប៉ុនដែលបានជួយដល់កំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ សម្តេចតេជោ ក៏បានស្នើដល់សមភាគីជប៉ុនឱ្យជួយកម្ពុជាដើម្បីសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានគ្រាប់មីន ត្រឹមឆ្នាំ២០២៥” ផងដែរ។

ឯកឧត្តម KISHIDA បានកោតសរសើរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះសមត្ថភាពរបស់សម្ដេច ក្នុងការធ្វើជាប្រធានអាស៊ាន និងបានគាំទ្រយ៉ាងពេញលេញចំពោះគំនិតផ្តួចផ្តើមនានារបស់កម្ពុជា ក្នុងការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ដើម្បីនាំមកនូវលទ្ធផលជាក់លាក់សម្រាប់សហគមន៍ អាស៊ាន និងដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នានៅក្នុងតំបន់។

ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ផងដែរ ក្នុងនោះរួមមាន វិបត្តិនៅអ៊ុយក្រែន និងការបាញ់មីស៊ីល និងការធ្វើតេស្តនុយក្លេអ៊ែរជាបន្តបន្ទាប់ របស់កូរ៉េខាងជើង។

នៅក្រោយជំនួបទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា (សេចក្តី ប្រកាសព័ត៌មានដោយឡែកមានជូនភ្ជាប់មកជាមួយ) និងការប្រកាសជាផ្លូវការអំពីឡូហ្គូសម្រាប់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន នៅ ឆ្នាំ២០២៣។

រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥១.៣លានដុល្លារអាមេរិក សម្រាប់ការអនុវត្តលើគម្រោងសំខាន់ៗចំនួន៤។

ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ក្រោយជំនួបទ្វេភាគី នៅសណ្ឋាគារសុខាភ្នំពេញ។

លិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម កាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ឯកសារទាំងនោះមានដូចខាងក្រោម៖

១-គម្រោងសាងសង់អគារហ្វឹកហ្វឺន និងអគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលមានទឹកប្រាក់ចំនួន ២.៤៥១លានយ៉េន (ប្រមាណ ១៧លានដុល្លារអាមេរិក)

២-កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨លានដុល្លារអាមេរិក)

ទ៣-គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ ដែលមានទឹកប្រាក់ចំនួន ៤៣៦លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក)

៤-គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក ចំនួន ៣.៣៦១លានយ៉េន (ប្រមាណ ២៣លាន ៣សែន ដុល្លារអាមេរិក)។

ក្នុងពេលជាមួយគ្នានោះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏នឹងចុះហត្ថលេខាលើឯកសារជាមួយភាគីជប៉ុនដូចខាងក្រោម៖

-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងចំនួន០៣ខាងលើ ដែលអនុវត្តដោយ JICA ជាមួយលោកស្រី កាមេ ហារូកុ (KAME Haruko ប្រធានការិយាល័យទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំកម្ពុជា

-អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រុមហ៊ុន Toyota Tsusho Corporation ជាមួយលោក (តូហ្ស៉ីមីតស៊ូ អ៉ីម៉ៃ) Toshimitsu Imal អគ្គនាយករងប្រតិបត្តិក្រុមហ៊ុន Toyota Tsusho Corporation។

ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង